ទីក្រុង Melbourne របស់​អូស្ត្រាលី​បន្ត​ការ​បិទ​ខ្ទប់​មួយ​សប្ដាហ៍​ទៀត​ដោយ​សារ​ជំងឺ​កូវីដ១៩​​​

រូប​ឯកសារ៖ អ្នក​បម្រើការ​ចាំបាច់​​ពីរ​នាក់​ដើរ​កាត់​ផ្ទាំង​​សរសេរ​ថា «វីរជន​ដែល​ពាក់​ម៉ាស់» នៅ​ក្នុង​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ដែល​ជា​​​ថ្ងៃ​ដំបូង​នៃ​ការ​បិទ​ខ្ទប់​រយៈ​ពេល​៧​ថ្ងៃ​​​របស់​រដ្ឋ Victoria។

អាជ្ញាធរ​អូស្ត្រាលីក្នុង​រដ្ឋ Victoria ភាគ​ខាង​ត្បូង​បាន​បន្ត​ពេល​មួយ​សប្តាហ៍​ទៀត​នៅ​ក្នុង​ការ​បិទ​ខ្ទប់ទី​ក្រុង Melbourne ដើម្បី​បិទខ្ទប់ការ​ផ្ទុះ​ឆ្លងការ​រាលដាល​ជា​ថ្មី​នៃ​ជំងឺ​កូវីដ១៩។

ការ​បិទ​សកម្មភាព​សង្គម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​កាល​ពី​សប្តាហ៍​មុន​សម្រាប់​រដ្ឋ Victoria ទាំង​មូល បន្ទាប់​ពី​មន្ត្រី​សុខាភិបាលបាន​រកឃើញ​នូវ​ប្រភេទ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មីមួយ​ដែល​បានវាយលុកនិង​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រដ្ឋ​នេះ។ ការ​ឆ្លង​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរម្នាក់​មក​ពី​ក្រៅ​ប្រទេស​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​ដែល​កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​របស់អ្នក​ដំណើរ​នោះ​ក្នុង​សណ្ឋាគារ​មួយ។

ក្រុម​មន្ត្រី​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញអ្នក​ជំងឺ​កូវីដ១៩​ដែល​បាន​ឆ្លង​ថ្មី​ចំនួន​៦​នាក់​ទៀតនៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ដែលធ្វើ​ឲ្យអ្នក​ឆ្លង​សរុបមាន​ចំនួន​៦០​នាក់នៅ​ក្នុង​រដ្ឋនេះ។

ទោះបី​ជា​ទី​ក្រុង Melbourne ដែល​មាន​ពលរដ្ឋរស់​នៅ​ចំនួន​៥លាននាក់​នឹង​ត្រូវស្ថិត​ក្នុង​ការ​រឹត​បន្តឹង​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​មិថុនា​ក៏ដោយ​ក៏​វិធានការ​បិទ​សកម្មភាព​សង្គម​សម្រាប់​រដ្ឋ Victoria​ទាំង​មូល​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​ហើយ​ប៉ុន្តែ​នៅ​ដាក់កម្រិត​ដល់​ការជួប​ជុំ​ជា​សាធារណៈ​និង​ឯកជន​នៅ​ឡើយ។

ការ​បិទ​សកម្មភាព​សង្គម​ថ្មី​គឺ​ជា​លើក​ទី៤​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Melbourne និង​រដ្ឋ Victoria ចាប់តាំង​ពី​ការ​ចាប់ផ្តើម​ការ​រាលដាល​ជំងឺ​ឆ្លង​នោះ​មក។ ពេល​ឆ្លង​ខ្លាំង​បំផុត​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២០ ដែល​មាន​រយៈពេល​ជាង​៣ខែ​នៅ​ពេល​ដែល​រដ្ឋ Victoria បាន​ឆ្លង​ជំងឺ​កូវីដ១៩​យ៉ាង​ខ្លាំង​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់៕