MRC​ ប្រើ​គេហទំព័រ​ប្រាំ​ភាសា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទឹក​ជំនន់​ទន្លេមេគង្គ

រូបឯកសារ៖ ពលរដ្ឋក្នុងភូមិកំពុងដឹកជញ្ជូនជំនួយពីរដ្ឋាភិបាល បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេរងទឹកជំនន់ពីទន្លេមេគង្គ នៅភាគខាងកើតភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។​ (AP Photo/Heng Sinith)

គេហ​ទំព័រ​ថ្មី​នេះ​របស់​គណៈ​កម្មាការ​ទន្លេ​មេគង្គ​ផ្តល់​ព័ត៌មាន​ស្ថានភាព​ទឹក​ពី​ស្ថានីយ​ចំនួន​២២​នៅ​ក្នុង​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា និង​វៀតណាម។ ​ស្ថានីយ​ទាំង​នេះ​​ទទួល​បាន​បច្ចុប្បន្នភាព​ព័ត៌មាន​ផ្តោត​​ទៅ​លើ​កម្រិត​​ទឹក និង​ទិន្នន័យ​ពី​កម្រិត​ភ្លៀង​ធ្លាក់​ប្រចាំ​ថ្ងៃ។

គណ:កម្មការ​ទន្លេមេគង្គ​ ឬ​ហៅ​កាត់​ថា​ ​MRC​ ​នាពេល​ថ្មីៗ​នេះ​ ​បាន​ចេញ​ផ្សាយ​គេហទំព័រ​ថ្មី​មួយ​ដែល​ផ្តល់​ព័ត៌មាន​ព្យាករណ៍​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​ចំនួន​៥ថ្ងៃ​ ​និង​ផ្សាយ​ជា​ប្រចាំ​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​នឹង​ទឹកជំនន់​សម្រាប់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​នេះ។​ ​គេហទំព័រ​ដ៏​ថ្មីថ្មោង​នេះ​ ផ្តល់​ព័ត៌មានជា​ប្រាំ​ភាសា រួម​មាន​ ខ្មែរ​ ​ថៃ ​ឡាវ​ ​វៀតណាម​ ​និង​ ​អង់គ្លេស។​

លោក​ ​Pham Tuan Phan​ ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​និយាយ​ថា ​ដំបូង​ឡើយ ​គេហ​ទំព័រ​នេះមាន​ជា​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ក្រុម​ការងារ​ក៏​សម្រេច​ចិត្ត​បក​ប្រែ​ជាបួន​ភាសា​បន្ថែម​ទៀត​គឺ​ដើម្បីផ្តល់​ភាពងាយ​ស្រួល​ដល់​ប្រជាជន​ដែល​រស់​នៅ​តាម​ទន្លេ​មេគង្គ។​

គេហទំព័រ​ថ្មី​នេះ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ផ្តល់​ព័ត៌មាន​ស្ថានភាព​ទឹក​ពី​ស្ថានីយ​ចំនួន​២២​នៅ​ក្នុង​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា និង​វៀតណាម។ ​ស្ថានីយ​ទាំង​នេះទទួល​បាន​បច្ចុប្បន្នភាព​ព័ត៌មាន​ផ្តោតទៅ​លើ​កម្រិតទឹក និង​ទិន្នន័យ​ពី​កម្រិត​ភ្លៀង​ធ្លាក់​ប្រចាំ​ថ្ងៃ។

លោក​ ​Pham Tuan Phan​ ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាការ​ទន្លេ​មេគង្គ​ជឿជាក់​ថា ភាសា​ចំនួន​៤​បន្ថែម​នេះ​នឹង​ជួយ​ដល់សាធារណជន ជាពិសេស​អ្នក​រស់​នៅ​តាម​តំបន់​ទន្លេមេគង្គ​ ឲ្យ​យល់ដឹង​អំពី​ស្ថានភាព​ទឹកជំនន់​ឲ្យ​បាន​ទូលំទូលាយ តាមរយ:​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិនៅ​តាមប្រទេស​នីមួយៗ ។​
លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«មាន​មនុស្ស​ជា​ច្រើន​បាន​ចូល​មើល​គេហទំព័រ​នេះ​ ដោយ​សារ​តែ​រដូវ​នេះ​ជា​រដូវ​ទឹក​ជំនន់។ ​ហើយ​យើង​ច្បាស់​ថា ព័ត៌មាន​នៅលើ​គេហទំព័រ​ ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ ត្រូវ​យក​ទៅ​ផ្សាយ​បន្ត ព្រោះ​យើង​បាន​ឃើញ​វា​នៅ​លើ​ទូរទស្សន៍។​ ​ដូច្នេះ​បាន​ជា​យើង​បង្កើត​ឲ្យ​មាន​ជា ៥​ភាសា ដើម្បី​ឲ្យសាធារណជន​កាន់​តែ​ច្រើន​បាន​ឃើញ»។​

គេហទំព័រថ្មីស្តីពីស្ថានភាពទឹកនៅតំបន់ទន្លេមេគង្គ ផ្សាយជាភាសាខ្មែរ (រូបថតទាញយកពីវេបសាយ)

ទោះ​បី​ជា​មាន​គេហទំព័រ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​ទឹក​ទៅ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ក៏​ដោយ ក៏​ពលរដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​ដឹង​អំពី​គេហទំព័រ​នេះ​នៅ​ឡើយ ​ដោយ​សារ​តែ​កង្វះ​ខាត​ចំណេះ​ដឹង​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ​ឬ​ការ​ប្រើប្រាស់​អ៊ិនធឺណិត។​

លោក​ ​អ៊ាង ណាម​ ជា​មេ​ដឹក​នាំ​សហគមន៍​នេសាទ​មួយ ​ដែល​តែង​តែ​ជូន​ដំណឹង​ដល់​អ្នក​នេសាទ ​ប្រសិន​បើ​មាន​គ្រោះ​មហន្តរាយ ​ឬ​ទឹកជំនន់​កើត​ឡើង​នៅ​ក្នុង​តំបន់​របស់​គាត់។​ ​អាស្រ័យ​ដូច​នេះលោក​ត្រូវ​តាម​ដាន​ពី​កម្រិត​ទឹក​ទន្លេ​មេគង្គ​ឲ្យបាន​ញឹក​ញាប់។ យ៉ាងណាក្តី លោក​បាន​លើក​ឡើង​ថា​ គាត់​មិន​ដែល​ឮ​ពី​គេហទំព័រ​នោះ​ទេ។​

«អត់​ ​អត់​ដែល​ផង។​ ​ខ្ញុំ​នៅ​ក្នុង​សហគមន៍​ ​ដូច្នេះ​ខ្ញុំ​មិន​មាន​វេបសាយ​ទេ។​ ​ខ្ញុំ​ប្រើ​ហ្វេសប៊ុក។​ ​ជា​ធម្មតា​នៅ​ក្នុង​សហគមន៍​មួយ​ ​យើង​មិន​មាន​វេបសាយ​ទេ។​ ​យើង​ប្រើ​តែ​ ​អ៊ីនធឺណិត ​ហ្វេស​ប៊ុក»។​

ចំណែក​ លោក​ ​ស្រេង ចិន្តា​ ​អាយុ​ ​៣៥ឆ្នាំ ពលរដ្ឋរស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នាំ​បាន​និយាយ​ថា​ លោក​បាន​ដឹង​អំពី​គេហទំព័រ​តាមដាន​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​របស់​គណ:​កម្មការ​ទន្លេ​មេគង្គ​ ព្រោះ​មិត្តភក្ដិ​របស់​លោក​បាន​ចែក​រំលែក​វា​នៅ​តាម​បណ្តោញ​សង្គម​ហ្វេសប៊ុក។​ ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ​លោក​មិន​ដែល​ចូល​មើល​គេហទំព័រ​នោះ​ដោយ​ខ្លួន​ផ្ទាល់​ទេ​ ​ព្រោះ​គាត់​មិន​ដឹង​ថា​ត្រូវ​ធ្វើ​វាដោយ​របៀប​ណា។​

«ខ្ញុំមិន​ដឹង​គេ​យក​ពីណា​ ខ្ញុំ​អត់​ដឹង។​ ​វេបសាយ​អី​គេ?​ ​ប្រសិន​បើ​ខ្ញុំ​ដឹង​អំពី​រឿង​នេះ ខ្ញុំ​នឹង​មើល​ព្រោះ​ខ្ញុំ​កំពុង​ធ្វើ​ការ​លើ​វិស័យ​ជលផល។ វា​ជួយ​គាត់​ឱ្យ​តាម​ដាន​កម្រិត​ទឹក​និង​ទិន្ន​ផល​ត្រី»។ ​

លោកបាន​បន្ថែម​ទៀត​ថា រាល់​ដង​លោកទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​កម្រិត​ទឹក​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​ខុសៗ​គ្នា។​

លោក ​ស៊ុម លីម អ្នក​នេសាទ​ម្នាក់​អាយុ ៦៣ឆ្នាំ មក​ពី​សហគមន៍​នេសាទ​មូស្លីម​«ស្រលាញ់​សន្តិភាព» ​ដែល​មាន​ពលរដ្ឋ​ប្រហែល​ ​២៥០​ ​គ្រួសារ​រស់​នៅ​តាម​មាត់​ទន្លេ​ទល់​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​ថា លោក​មិន​មាន​ទូរទស្សន៍ ​ឬ​វិទ្យុ ​ដើម្បី​ស្ដាប់​ព័ត៌មាន​ទាក់​ទង​នឹង​ទឹក​ជំនន់​ទេ។​

លោក ស៊ុម​ លីម​ ដែល​ជា​អ្នក​នេសាទ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ បាន​ប្រាប់​VOA​ ថា ​លោក​ពឹង​ផ្អែក​លើ​ការ​សង្កេតដោយ​ភ្នែក​ផ្ទាល់​ទៅ​លើ​កម្រិត​ទឹក ​និង​ទឹក​ជំនន់​របស់​ទន្លេ​មេគង្គ។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​អត់​មាន​ទូរទស្សន៍⁠ អត់​បាន​មើល​ស្អី​សោះ​ឥឡូវ​ហ្នឹង។ អត់​ដឹង​ ដឹង​មើល​ម៉េច​ទៅ។ មើល​មេឃ​ហ្នឹង​ហើយ។ មើល​ខ្យល់​មក​ថា ខ្យល់​មក​ហើយ បើ​ភ្លៀង​ថា ភ្លៀង។ មើល​តាម​ដំណើរ​ទឹក​ថា ទឹក​ឡើង​ ទឹក​ឡើង ទឹក​ចុះទឹក​ចុះ»។

សហគមន៍នេសាទ​ ​«ស្រលាញ់​សន្តិភាព» នៅ​មុខ​ព្រះបរមរាជវាំង​ ក្នុង​ស្រុក​ជ្រោយចង្វារ​ ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ អ៊ី យូ​ ​ប្រធាន​សហគមន៍​ ​«ស្រលាញ់​សន្តិភាព» ដែល​បាន​បង្កើត​ឡើង​កាល​ពី​ ​២​ ​ឆ្នាំ​មុន​នៅ​ក្នុង​ស្រុក​ជ្រោយ​ចង្វារ​ បាន​និយាយ​ថា លោក​មើល​ទូរទស្សន៍ ​និង​ស្តាប់​វិទ្យុ​ ដើម្បីដឹង​ពី​ស្ថានភាព​អាកាស​ធាតុ​ និង​ទឹក​ជំនន់។​

លោក​បាន​អំពាវ​នាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ឲ្យ​ជូន​ដំណឹង​ដល់​ប្រជាជន​ជាពិសេស​អ្នក​នេសាទ​ឱ្យ​ដឹង​ពី​ព័ត៌មាន​អាកាស​ធាតុ​ និង​កម្រិត​ទឹក​ជំនន់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក ​អ៊ី យូ​បាន​និយាយ​ថា៖​

«ចំពោះ​ឧតុនិយម ខ្ញុំ​មើល​ទូរទស្សន៍។ ​បើក​សឹង​រាល់​ថ្ងៃ។ ហើយ​ខ្ញុំ​ចំណាំ​ថា រដូវ​នេះ រដូវ​ទឹក​ឡើង រដូវ​នេះ​ទឹក​ស្រក។ ស្រក​ប៉ុន្មាន​ខែ ឡើង​ប៉ុន្មាន​ខែ​ ខ្ញុំ​ដឹង​ពី​ហ្នឹង។ យើង​អាច​មើល​មេឃ​ មើល​ខ្យល់​អញ្ចឹង​ទៅ​ យើង​អាច​ដឹង​ខ្លះ។ ​មេឃខ្យល់ មេឃស្ងាត់​អញ្ចឹង​អត់​អី​ទេ។​ បើ​មេឃ​ស្រទុំ​អី​អញ្ចឹង​មក​ ខ្ញុំ​មិន​ហ៊ាន​ឲ្យ​ចេញ​ទេ។ ​ខ្លាច​គ្រោះថ្នាក់​គាត់។ ប៉ុន្តែ​សូម​សំណូម​ពរ​ដល់​ព័ត៌មាន​ទាំងអស់​លៃ​យ៉ាង​ម៉េច​ឲ្យ​ពលរដ្ឋ​ដឹង​រហ័សៗ ​ខ្ញុំ​ចង់​ដឹង​តែ​ប៉ុណ្ណឹង​ទេ»។

ក្រៅ​ពី​ជំរុញ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​ទឹក​ពី​គេហទំព័រ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ​លោក​ ​Pham Tuan Phan​ ប្រធាន​គណៈ​កម្មការ​នេះ​បាន​លើក​ឡើង​ថា គោលដៅ​បន្ទាប់​របស់​គណ:កម្មការ​ទន្លេមេគង្គ​គឺ ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​ធ្វើ​ឱ្យ​វា​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ស្វែង​រក និង​តាម​ដាន​ព័ត៌មាន​ស្ថាន​ភាព​ទឹក​ជំនន់​ទន្លេមេគង្គ​ ដើម្បី​ទប់ទល់​នឹង​បញ្ហា​គ្រោះមហន្តរាយ​នានា​ ជាពិសេស​ដូច​ការ​បាក់​ទំនប់​នៅក្នុង​ប្រទេស​ឡាវ។​

«មាន​ការ​ស្នើ​ឱ្យ​មាន​កម្មវិធី​ទូរស័ព្ទ។​ ​នេះ​ជា​អ្វី​ដែល​យើង​គ្រោង​ធ្វើ​ ហើយ​យើង​ចង់​ធ្វើ​ហើយ​ យើង​កំពុង​ធ្វើ​ការ​នេះ»។​

យោង​តាម​របាយការណ៍​តួ​លេខ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ គេហទំព័រ​នេះ​មាន​អ្នក​ទស្សនា​ចំនួន​ប្រមាណ​ ២.៩០០​នាក់ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ២០១០មក។​

គណៈ​កម្មការ​ទន្លេ​មេគង្គ ​បាន​លើក​ឡើង​ថា គ្រោះ​ទឹក​ជំនន់បណ្តាល​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​ ការខូច​ខាត​ដល់​កសិកម្ម​ បញ្ហាភាព​ក្រីក្រ​ និង​ការ​ខូត​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់នោះ​ផងដែរ។

កាលពី​ថ្ងៃទី២៦ ​ខែកក្កដា​ ឆ្នាំ២០១៨ ​ទំនប់​វារីអគ្គិសនី​ Xepian-Xe Nam Noy ​បាន​បាក់​នៅ​ក្នុង​ខេត្ត Attapeu ​ប្រទេស​ឡាវ។​ ប៉ុន្មាន​ម៉ោង​មុន​ពេលគ្រោះ​មហន្តរាយ មាន​លិខិត​ព្រមាន​មួយ​ច្បាប់​ថា ទឹក​រាប់​លានតោន​នឹង​ហូរ​ចាក់​ចូល​ក្នុង​ទន្លេ Xe-Pia ដែល​អាច​ប៉ះពាល់​ដល់​ទំនប់​នោះ។ យ៉ាងណាមិញ​ ព័ត៌មាន​នេះ​មិនបាន​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាជន​ ដែល​រស់នៅ​តំបន់​នោះ​ឲ្យ​បាន​ដឹង​ទាន់​ពេលវេលា​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ខាងក្រោមទំនប់វារីអគ្គិសនី​នេះ រួម​ទាំង​ពលរដ្ឋខ្មែរ​រស់នៅ​ខេត្ត​ស្ទឹងត្រែង​ មិន​បាន​ទទួល​ព័ត៌មាន ឬ​ត្រៀម​រៀបចំ​ខ្លួន​ទប់ទល់​នឹង​ទឹកជំនន់​ដែល​ហូរ​ប្រសាច​ចេញ​ពី​ការ​បាក់​ទំនប់​ដ៏​គួរ​ឱ្យ​រន្ធត់​នោះ​ទេ។ កង្វះ​ខាត​ការ​ចែកចាយ​ព័ត៌មាន​ស្តី​ពី​ទឹកជំនន់​នឹង​គ្រោះ​មហន្តរាយ​នេះ​ ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់។​

នៅ​ក្នុង​ហេតុការណ៍​បាក់​ទំនប់​នៅ​ប្រទេស​ឡាវ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ យ៉ាងហោចណាស់​មាន​មនុស្ស​ជាង​ ១៣.០០០នាក់ ​រង​ការ​ប៉ះពាល់​ និង​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាង​៧០០០នាក់​បាត់បង់​ទី​លំនៅ។ ទឹក​ជំនន់ពី​ការ​បាក់​ទំនប់​នេះ​ផងដែរ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត​៥០០០​នាក់​ ក្នុង​ឃុំ​ចំនួន​បួន​នៃ​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅស្ថាន។

គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​និយាយ​ថា ​ហានិភ័យ​នៃ​ទឹក​ជំនន់​អាច​ត្រូវ​បាន​កាត់បន្ថយ បើ​សិន​មាន​ការ​ប្រើ​ប្រាស់​ដី​ឲ្យ​បាន​ល្អ​ ​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ការ​សំណង់​អាគារឲ្យ​បាន​ត្រឹម​ត្រូវ ការ​រៀប​ចំ​ផែន​ការ​ដោះស្រាយ​ ពេល​មាន​គ្រោះ​អាសន្ន​ទឹក​ជំនន់ និង​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ពេញ​លេញ។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ធនធាន​នៅ​មាន​កម្រិត និង​ភាព​ស្មុគស្មាញ​ផ្នែក​ការិយា​ធិប​តេយ្យ សំណួរ​ចោទ​ផ្សេងៗ​នៅ​តែ​មាន​ទៅ​លើ​ភាព​រហ័សរហួន​និង​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា នៅ​ពេល​គ្រោះ​អាសន្ន​ទឹក​ជំនន់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ៕