ជំនន់​ទឹក​ទន្លេ​ចាប់ផ្តើម​ស្រក​ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​គំរាម​ខេត្ត១១

រូបឯកសារ៖ លោក គន់​ គីម​ (កណ្តាល) ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជាអនុប្រធាន​ទី១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទួលសុវត្ថិភាព​តាឃីន​ ស្ថិត​នៅក្នុង​ឃុំបុស្សលាវ​ ជាឃុំ​ដែល​ងាយរងគ្រោះ​ដោយទឹកជំនន់​នៅ​ស្រុកចិត្របូរី​ ខេ

ទឹក​ជំនន់​​ទន្លេ​មេគង្គ​ ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ខេត្តត្បូងឃ្មុំ ព្រៃវែង និង​ខេត្ត​កំពង់ធំ បាន​ឆក់​យក​ជីវិត​មនុស្ស​​ចំនួន​១២​នាក់ និង​របួស​​ចំនួន​២នាក់។ ​នេះ​បើ​ផ្អែក​តាម​តួ​លេខ​ចុង​ក្រោយ​របស់​ក្រុម​មន្ត្រី​កម្ពុជា។

ទឹក​ជំនន់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​នឹងដង​ទន្លេ​មេគង្គបាន​ចាប់​ផ្តើម​ស្រកជា​បណ្តើរៗ​ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ព្រមាន​ពីជំនន់​ទឹក​ភ្លៀង​ដែល​អាច​បន្ត​កើន​ឡើង​ក្នុង​ខេត្ត​ចំនួន​១១។

លោក គន់ គីម ​ទេស​រដ្ឋ​មន្ត្រី​និង​ជា​អនុ​ប្រធាន​ទី១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ​ទឹក​ជំនន់​ទន្លេមេគង្គ​ក្នុ​ង​ខេត្តស្ទឹង​ត្រែង ក្រចេះ ​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ បាន​ស្រក​ទៅ​វិញ​ជា​បណ្តើរៗ។ ហើយ​ប្រជា​ពលរដ្ឋដែល​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​សុវត្ថិភាព​ក៏​នឹង​ត្រៀម​ត្រឡប់​ទៅ​កាន់​លំនៅឋាន​របស់​ពួកគេ​វិញ​ដែរ។

​«ឥឡូវ​នេះ​ទឹក​ទាំង​បី​ទាំង​បួន​ខេត្ត​នេះ​បាន​ស្រក​ផុត​ពី​ប្រកាស​ប្រុង​ប្រយ័ត្ន តែ​ប្រជាជន​យើង​ក៏មិន​អាចមាន​លទ្ធភាព​ទាន់​វិល​ត្រឡប់​ទៅ​វិញដែរ។ កន្លែង​ណា​ដែល​ទឹក​ស្រក​ខ្លាំងមែន​ទែន គាត់​ក៏​សុំ​អនុញ្ញាត​ត្រឡប់​ទៅ​វិញ ​ហើយ​យើង​ក៏​ជួយ​ជ្រោម​ជ្រែង​ជួយ​ដឹក​ជញ្ជូន​ពួកគាត់​ត្រឡប់​ទៅវិញ​ដែរ»។

ទឹក​ជំនន់ទន្លេ​មេគង្គ​ ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ខេត្តត្បូងឃ្មុំ ព្រៃវែង និង​ខេត្ត​កំពង់ធំ បាន​ឆក់​យក​ជីវិត​មនុស្សចំនួន​១២​នាក់ និង​របួសចំនួន​២នាក់។ ​នេះ​បើ​ផ្អែក​តាម​តួ​លេខ​ចុង​ក្រោយ​របស់​ក្រុម​មន្ត្រី​កម្ពុជា។

លោក​ទេស​រដ្ឋ​មន្ត្រី​ និង​ជា​អនុ​ប្រធាន​ទី​១​នៃគណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ គន់ គីម បាន​ឲ្យ​ដឹង​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​ចំនួន​៨៧,៤៦៩​គ្រួសារ ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ ក្នុង​នោះ​ពលរដ្ឋ​ចំនួន​ជាង​១០,០០០ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​សុវត្ថិភាព។ ផ្ទះ​ចំនួន​ជាង​៦៥,៦០០​ខ្នង សាលារៀន​ជាង​៣២០​ខ្នង មណ្ឌល​សុខភាព​ចំនួន​២៣​កន្លែង​រួម​ទាំង​វត្ត​អារ៉ាម​ចំនួន​១៥៣ បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ទន្លេមេគង្គ។ ដោយឡែក​ដំណាំ​ស្រូវ​ចំនួន​១,២៥០​ហិកតា​បាន​ខូចខាត។

ជាមួយគ្នា​នេះ​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ក៏​បាន​អះអាង​ដូចគ្នា​នឹង​លោក​គន់ គីម ដែរថា​ជំនន់​ទន្លេ​មេគង្គ​ចាប់​ផ្តើម​ស្រក​ចុះ​ជា​បន្ត​បន្ទាប់។ ក៏​ប៉ុន្តែលោកព្រមាន​ថាខេត្ត​នៅ​តាម​តំបន់មាត់​សមុទ្រកំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​ជំនន់​ទឹក​ភ្លៀង ស្រប​ពេល​ដែល​ភ្លៀង​ធ្លាក់​ជាប់ៗគ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ។

«ជំនន់​ទឹក​ភ្លៀង​យើង​ចាប់​ផ្តើម​ប្រឈម​ជាថ្មី យោង​ទៅ​លើ​ស្ថានភាព​អាកាសធាតុ​ដែល​ក្រសួង​បាន​ជម្រាប​ជូននៅ​ថ្ងៃ​នេះអីចឹង យើង​ឃើញ​មាន​បណ្តា​ខេត្ត​មួយ​ចំនួន ជាពិសេស​តំបន់​មាត់​សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង និង​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក ចេញ​នៅ​ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៩​នេះ​ឲ្យ​ដឹងថាខេត្ត​មួយ​ចំនួន អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារ​តែ​ប្រព័ន្ធ​សម្ពាធ​ទាប ​ដែល​កំពុង​ហូរ​កាត់​លើ​ប្រទេស​កម្ពុជា។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ក៏​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​នានា ជា​ពិសេស​ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយ​មានជ័យ ​ឧត្តរមានជ័យ​ និង​ខេត្តព្រះវិហារ ​ឲ្យ​បន្ត​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ដែល​បង្ក​ដោយ​ភ្លៀង​ច្រើន​លើស​លុប​នេះ៕