ក្រុមអាជ្ញាធរខេត្តស្វាយរៀងនៅថ្ងៃច័ន្ទនេះ បានកោះប្រជុំជាមួយតំណាងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនមួយ ដែលក្រុមតំណាងពលរដ្ឋអះអាងថា កាន់កាប់ដោយជនជាតិវៀតណាម ដើម្បីរកដំណោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅក្នុងស្រុករមាសហែក ដែលស្ថិតនៅជាប់ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់តំណាងពលរដ្ឋនិងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយដែលបានអង្កេតមើលជម្លោះដីធ្លី ដែលបានកើតឡើងអស់រយៈពេលជិត១០ឆ្នាំមកហើយនេះ។
អ្នកស្រី ខៀវ សារ៉ុន ជាតំណាងពលរដ្ឋមួយរូបបានប្រាប់ VOA ថា បន្ទាប់ពីការប្រជុំជិតបីម៉ោងដែលធ្វើឡើងនៅថ្ងៃ ច័ន្ទ នេះ ដំណោះស្រាយនៅមិនទាន់ត្រូវរកឃើញនៅឡើយទេ តែអភិបាលរងខេត្តមួយរូបបានបង្ហាញការតាំងចិត្តក្នុងការបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ។ អ្នកស្រីថ្លែងថា ពលរដ្ឋបានទុកពេលឲ្យអាជ្ញាធរខេត្តពីរខែ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ហើយថាបើផុតកំណត់ពេលនេះហើយនៅតែគ្មានដំណោះស្រាយ នោះក្រុមប្រជាពលរដ្ឋនឹងឡើងមកតវ៉ាជាថ្មីទៀតនៅរាជធានីភ្នំពេញ។
អ្នកស្រីថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖
«ពួកខ្ញុំបាននិយាយគ្នា បើសិនជាទុកឱកាសឲ្យគាត់ពីរខែ បើសិនគាត់មានដំណោះស្រាយឲ្យប្រជាពលរដ្ឋ នោះពួកខ្ញុំក៏ឯកភាពតាមហ្នឹង។ ប៉ុន្តែបើគាត់អត់មានដំណោះស្រាយ ពួកខ្ញុំនឹងឡើងទៅរាជធានីម្តងទៀត»។
ក្នុងការជួបប្រជុំជាមួយអាជ្ញាធរនាព្រឹកថ្ងៃ ច័ន្ទ នេះ មានតំណាងពលរដ្ឋចំនួនបីនាក់ បានជួបពិភាក្សាជាមួយអភិបាលស្រុករមាសហែក លោក ពេញ គា និងអភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ។ ការប្រជុំនេះ ក៏មានការឃ្លាំមើលពីក្រុមពលរដ្ឋរាប់សិបនាក់ ដែលជាប់ផុងក្នុងទំនាស់ដីធ្លីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ខៀវ សារ៉ុន។
អ្នកស្រីអះអាងថា លោក ហែម ពិសិដ្ឋ ថ្លែងបញ្ជាក់ថា លោកមិនសូវដឹងច្បាស់ពីសាវតារនៃទំនាស់ដីធ្លីនេះទេ។ ដូច្នេះលោកត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីទំនាស់នេះជាមុនសិន មុននឹងឈានដល់ការរកដំណោះស្រាយសមស្របមួយ។
ការជួបប្រជុំរបស់ពលរដ្ឋជាមួយអាជ្ញាធរនៅថ្ងៃ ច័ន្ទ ដដែលនេះ កើតមានឡើងក្រោយការឡើងមកតវ៉ារបស់ពលរដ្ឋជាច្រើនរយនាក់នៅរាជធានី ភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិសំខាន់ៗកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា (CCFC)។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍នៅថ្ងៃ ច័ន្ទ នេះថាលោកកំពុងពិនិត្យលើដំណើររឿងនៃវិវាទនេះ ដើម្បីបើកផ្លូវឲ្យលោកអាចរកច្រកណាមួយ ដែលឈានដល់ការរកបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ទាំងសម្រាប់ពលរដ្ឋនិងភាគីក្រុមហ៊ុន។
លោកថ្លែងថា៖
«ខ្ញុំកំពុងតែរៀបចំអាហ្នឹង ពីព្រោះខ្ញុំទីមួយថ្មី ប៉ុន្តែខ្ញុំនឹងយកកិច្ចការនេះមកគិតគូរឲ្យបានដិតដល់បំផុត កុំឲ្យមានលម្អៀងទៅខាងណាទាំងអស់»។
នៅពេលVOAសួរលោកឲ្យបញ្ជាក់ថាតើក្រុមហ៊ុននេះមានប្លង់កម្មសិទ្ធិកាន់កាប់ដីជម្លោះជាមួយពលរដ្ឋដូចការចោទប្រកាន់របស់ក្រុមពលរដ្ឋឬយ៉ាងណានោះអភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ ថ្លែងថា៖
«ត្រង់ចំណុចហ្នឹងគឺបន្តិចទៀត ខ្ញុំនឹងរាយការណ៍ ហើយពេលដែលបញ្ចប់កិច្ចការអស់ហ្នឹង ខ្ញុំនឹងអញ្ជើញ VOA VOD អី មកអង្គុយស្តាប់ទាំងអស់គ្នា»។
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុន NK Ventureដែលមានបំណងដាំដំណាំអំពៅ។ ក្រុមពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុន NK Venture ដែលកាលពីដើមឡើយជារបស់ជនជាតិឥណ្ឌា ត្រូវបានលក់ទៅឲ្យជនជាតិវៀតណាមជាអ្នកកាន់កាប់ ហើយកំពុងដំាដំឡូងមី និងដំណាំផ្សេងទៀត ច្រើនជាងដំណាំអំពៅ។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុន NK Venture បាននៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ។
នៅមុនការបោះឆ្នោតជាតិខែ កក្កដា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានបង្ហាញការប្ដេជ្ញាចិត្តបញ្ចប់វិវាទដីធ្លីក្នុងទីតាំងនៃខេត្តមួយចំនួននៅក្នុងប្រទេស ក្នុងនោះមានខេត្តកោះកុងជាដើម តែរហូតមកទល់នឹងពេលនេះ មានវិវាទដីធ្លីផ្សេងទៀតនៅបន្តជាប់គាំង។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) យល់ថា ទំនាស់ដីធ្លីនៅក្នុងស្រុករមាសហែក ខេត្ត ស្វាយរៀង នោះ នឹងអាចបញ្ចប់បានឆាប់រហ័ស ប្រសិនបើអាជ្ញាធរខេត្តមានឆន្ទៈដោះស្រាយបញ្ចប់វិវាទ ដែលលោកថា បានធ្វើឲ្យពលរដ្ឋធ្លាក់ខ្លួនកាន់តែក្រទៅៗ។
លោក ថេង សាវឿន ថ្លែងថា៖
«ប្រជាពលរដ្ឋមួយចំនួនហ្នឹង គាត់អត់ដី អត់ស្រែ សម្រាប់ធ្វើស្រែ ធ្វើចម្ការ ធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រទៅៗ ហើយកំពុងតែវ័ណ្ឌកក្នុងការជាប់បំណុលធនាគារដែរ»។តាមទិន្នន័យដែលប្រមូលបានចុងក្រោយរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ពលរដ្ឋប្រមាណជិត២ម៉ឺនគ្រួសារបានជួបប្រទះនឹងជម្លោះដីធ្លី ចាប់តាំងពីឆ្នាំ២០០៣មក។ មានករណីជម្លោះដីធ្លីជាច្រើនត្រូវបានរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធដោះស្រាយរួចរាល់ហើយ។ ប៉ុន្តែជម្លោះខ្លះនៅបន្តរ៉ាំរ៉ៃ ហើយជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយទាំងអស់នោះ មានអាយុកាលមិនតិចជាង១០ឆ្នាំនោះទេ។ ជម្លោះរ៉ាំរ៉ៃទាំងនោះទៀតសោត មួយចំនួនមានជាប់ពាក់ព័ន្ធនិងក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរនិងចិន៕