ការបំភ្លឺរបស់លោក មាស មុត កើតឡើងក្រោយពេលលោកមានវិវាទដីធ្លីថ្មីៗនេះ ជាមួយពលរដ្ឋមួយគ្រួសារដែលរស់នៅក្នុងឃុំ តាសាញ់ ស្រុក សំឡូត ខេត្តបាត់ដំបង ដូចគ្នា។
លោកជុំ ហន មេឃុំតាសាញ់ ដែលរស់នៅក្នុងឃុំនោះ បានថ្លែងប្រាប់ VOA ថា លោកមិនសូវជាមានទំនាក់ទំនងជាមួយលោកមាស មុតនោះទេ ហើយលោកថា លោកមាស មុតក៏មានជាប់ពាក់ព័ន្ធនឹងរឿងដីធ្លីផងដែរ ប៉ុន្តែលោកបានដោះស្រាយរួចអស់ហើយ។
លោកបានថ្លែងប្រាប់ VOA កាលពីខែវិច្ឆិកាថា៖ «គាត់ទាមទារយកដីរបស់គេ តែខ្ញុំដោះស្រាយហើយ។ គាត់ចង់យកដីគេឆ្នាំ២០១៩ហ្នឹង»។
តែ លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹក ដែលជាជនត្រូវចោទក្នុង សាលាក្តីខ្មែរក្រហមហើយកំពុងរង់ចាំការសម្រេចរបស់តុលាការពីការសម្រេចថាត្រូវ បញ្ជូនទៅជំនុំជំម្រះឬត្រូវទម្លាក់បទចោទនោះ បានបំភ្លឺជាមួយ VOA កាលពីសប្តាហ៍ថ្មីៗនេះថា ដីដែលមានវិវាទនោះ មានចំនួនប្រមាណ១០ ហិកតា ជាដីរបស់លោក ដែលលោកទុកដាំដើមឈើ និងអភិរក្សឈើ ហើយនិងជម្រកសត្វជាយូរមកហើយ។ លោកបន្ថែមថាដីនោះត្រូវពលរដ្ឋមួយគ្រួសារ ដែលជាអតីតអ្នកក្រោមបង្គាប់លោក រានយកពាក់កណ្តាល ហើយក៏កើតមានការតវ៉ាគ្នាអំពីរឿងនោះ។ លោក មាស មុត ដែលបញ្ជាក់ថា មានលិខិតស្នាមមួយចំនួនបញ្ជាក់ពីកម្មសិទ្ធនោះ បានអះអាងថា លោកនឹងដោះស្រាយអំពីរឿងនេះ ដោយការជួបជជែកគ្នា ដោយសន្តិវិធីប្រសិនបើពលរដ្ឋនោះចង់បានដីនោះមែន៕