ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក H.R. McMaster កំពុងជួបពិភាក្សាជាមួយនឹងមន្ត្រីស៊ីវិល និងមន្ត្រីយោធានានា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទ្វេភាគី និងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសជិតខាងប៉ាគីស្ថានឲ្យមានស្ថិរភាព។
លោក McMaster បានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ គឺក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមេដឹកនាំអាហ្វហ្គានីស្ថាននៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីពិនិត្យឡើងវិញ និងវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធនឹងបេសកកម្មប្រឆាំងនឹងការបះបោរ និងការប្រឆាំងនឹងអំពើភេរវកម្ម របស់យោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
បន្ទាប់ពីលោក McMaster បានជួបប្រជុំជាមួយនឹងទីប្រឹក្សាគោលនយោបាយការបរទេសប៉ាគីស្ថាន លោក Sartaj Aziz រួចមក គេឃើញមានការចេញនូវសេចក្ដីប្រកាសផ្លូវការមួយ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថានបង្ហាញពីក្ដីបារម្ភរបស់ខ្លួនចំពោះស្ថានការណ៍សន្តិសុខដែលកាន់តែយ៉ាប់យ៉ឺនទៅៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សេចក្ដីប្រកាសនេះ បានបញ្ជាក់បន្ថែមទៀតថា លោក Sartaj Aziz បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញារបស់ប្រទេសប៉ាគីស្ថាន នៅក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងឲ្យមានសន្តិភាព និងការផ្សះផ្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្ដីប្រកាសនេះដែរ លោក McMaster ក៏បានទទួលស្គាល់អំពីការប្ដូរផ្ដាច់របស់ប៉ាគីស្ថាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងអំពើភេរវកម្ម៕