លោក H.R. McMaster ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសប៉ាគីស្ថាន ដែលលោកបានជួបជាមួយនឹងជនស៊ីវិល និងមេដឹកនាំយោធា ដើម្បីសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរាល់ទម្រង់ទាំងអស់ និងត្រួតពិនិត្យឡើងវិញទៅលើកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងធ្វើឲ្យមានស្ថេរភាពជាមួយនឹងប្រទេសអាហ្វហ្កានីស្ថានដែលជាប្រទេសជិតខាង។
លោក McMaster បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាមាបាដ (Islamabad) មួយថ្ងៃបន្ទាប់ពីបើកកិច្ចប្រជុំជាមួយនឹងមេដឹកនាំអាហ្វហ្កានីស្ថាននៅក្នុងទីក្រុងកាប៊ុល ដើម្បីត្រួតពិនិត្យឡើងវិញនិងវាយតម្លៃទៅលើស្ថានភាពនៃបេសកកម្មប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម និងភេរវកម្មរបស់យោធាអាមេរិកនៅក្នុងប្រទេសនេះ។
លោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif និងជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោក មុនពេលបើកកិច្ចប្រជុំជាមួយនឹងមេយោធាដ៏មានអំណាចនៅក្នុងប្រទេស គឺលោកឧត្តមសេនីយ៍ Qamar Javed Bajwa។
ការិយាល័យរបស់លោក Sharif ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ ស្វាគមន៍ជាលើកដំបូងបង្អស់ទៅលើសារសន្ទនាកម្រិតខ្ពស់ផ្លូវការរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថាន ក្រោមរដ្ឋបាលរបស់លោក ត្រាំ៕