ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពន្យារ​ពេល​បោះ​ឆ្នោត​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាពក្រោយពី​ការ​វះកាត់​របស់​លោក McCain

មេដឹកនាំ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​លោក Mitch McConnell រួម​ទាំង​សមាជិកសភា​ផ្សេង​ទៀត​ដូចជា ​John Barrasso និង​ John Thune ជួប​ជាមួយ​នឹង​អ្នកកាសែត​បន្ទាប់ពីកិច្ច​ប្រជុំ​យុទ្ធសា​ស្រ្ត​បាន​បញ្ចប់​កាល​ពី​ថ្ងៃអង្គារ​ទី​១១ កក្កដា ២០១៧ នៅរដ្ឋធានី​វ៉ាស៊ីនតោន។

មេដឹកនាំ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​លោក Mitch McConnell បាន​និយាយ​ថា​លោក​នឹង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ។

ការ​ប្រកាស​របស់​លោក McConnell ដូច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ទទួល​ដំណឹង​ពី​ក្រុម​វេជ្ជបណ្ឌិត​ដែល​ថា​សមាជិក​ព្រឹទ្ធសភា​លោក John McCain ត្រូវ​ស្នាក់​នៅ​ក្នុង​រដ្ឋ Arizona មួយ​សប្ដាហ៍​ទៀត បន្ទាប់ពី​លោក​បាន​ទទួល​ការ​វះ​កាត់​ដុំ​ឈាម​កក​នៅ​លើ​ភ្នែក​ឆ្វេង​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​រួច​មក។

អវត្តមាន​របស់​លោក McCain នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​នេះ​បណ្ដាល​ឲ្យ​ការ​បោះ​ឆ្នោត​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​រង​ការ​ប៉ះពាល់។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ត្រូវការ​សំឡេង​គាំទ្រ​ចំនួន ៥០ សំឡេង​ដើម្បី​អនុម័ត​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​នេះ។ ដោយសារ​តែ​គណបក្ស​សាធារណរដ្ឋ​មាន​សមាជិក​តែ ៥២ នាក់ តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រឹទ្ធសភា​ហើយ​សមាជិក​ពីរ​រូប​គឺ​លោក Rand Paul ប្រចាំ​រដ្ឋ Kentucky និង​លោកស្រី Susan Collins ប្រចាំ​រដ្ឋ Maine បាន​បញ្ជាក់​រួច​ហើយ​ថា​ពួកគេ​នឹង​មិន​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​ធានា​រ៉ាប់រង​ថ្មី​នេះ​ទេ​ទើប​វត្តមាន​របស់​លោក McCain គឺ​ចាំបាច់​បំផុត។

សេចក្ដី​ប្រកាស​របស់​មន្ទីរពេទ្យ Mayo Clinic នៅ​ក្នុង​ទីក្រុង Phoenix រដ្ឋ Arizona បាន​ឲ្យ​ដឹង​ថា លោក McCain វ័យ ៨០ ឆ្នាំ​រូប​នេះ មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ បន្ទាប់​ពី​លោក​បាន​ទទួល​ការ​វះ​កាត់​យក​ដុំ​ឈាម​កក​ប្រវែង ៥ សង់ទីម៉ែត្រ នៅ​ខាង​លើ​ភ្នែក​ឆ្វេង​របស់​លោក ចេញ​មក។

លោក McCain ដែល​ជា​អតីត​យុទ្ធជន​ក្នុង​សង្គ្រាម​វៀតណាម និង​ជា​អតីត​អ្នក​ទោស​សង្គ្រាម ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ១៩៨៦។ លោក​ធ្លាប់​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ឆ្នាំ ២០០៨ ដែល​កាល​នោះ​លោក​បាន​ចាញ់​លោក Barack Obama៕