លោក John McCain សមាជិកព្រឹទ្ធសភាស.រ.អា.បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា លោកយល់ឃើញថាប្រទេសរុស្ស៊ី និងប្រធានាធិបតី Vladimir Putin នៃប្រទេសនេះជា «ឧបសគ្គធំបំផុតដែលយើងមាន» ហើយឧបសគ្គនេះធំជាងឧបសគ្គដែលបង្កឡើងដោយពួករដ្ឋឥស្លាមទៅទៀត។
ថ្លែងនៅក្នុងទស្សនកិច្ចមួយក្នុងប្រទេសអូស្ត្រាលី លោក McCain បានមានប្រសាសន៍ប្រាប់ ក្រុមហ៊ុនផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍អូស្ត្រាលី Australian Broadcasting Company ថាប្រទេសរុស្ស៊ីបានខិតខំព្យាយាម «បំផ្លាញគ្រឹះជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ» ជាមួយកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីស.រ.អា. និងការបោះឆ្នោតឯទៀតៗក្នុងពិភពលោក។
អត្ថាធិប្បាយទាំងនេះធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីស.រ.អា. Donald Trump ប្រឈមនឹងការស៊ើបអង្កេតអំពីថាតើរដ្ឋបាលនេះមានការជាប់ទាក់ទងជាមួយរុស្ស៊ីឬទេ ដោយមានរួមបញ្ចូលរបាយការណ៍ដែលថា Jared Kushner កូនប្រសារប្រុសរបស់គាត់ និងជាទីប្រឹក្សាជាន់ខ្ពស់សេតវិមានបានប៉ុនប៉ងបង្កើតទំនាក់ទំនងសម្ងាត់ជាមួយពួកមន្ត្រីរុស្ស៊ីក្នុងពេលប៉ុន្មានសប្តាហ៍នៅមុនពិធីសម្ពោធតំណែងប្រធានាធិបតីរបស់លោក Trump។
លោក McCain បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា «ខ្ញុំដឹងថាមន្ត្រីខ្លះនៃរដ្ឋបាលនេះនិយាយថា នេះជាទម្រង់ការតាមស្តង់ដារ។ ខ្ញុំមិនយល់ថានេះជាទម្រង់ការតាមស្តង់ដារនៅមុនការសម្ពោធតំណែងរបស់ប្រធានាធិបតីស.រ.អា.ម្នាក់ដោយនរណាម្នាក់ដែលគ្មានតំណែងតាមរយៈការតែងតាំងទេ»។
កាសែត The New York Times បានដកស្រង់ពាក្យសម្តីអ្នកស្រី Hope Hicks អ្នកនាំពាក្យសេតវិមានដែលបាននិយាយថា លោក Kushner បាន «ធ្វើសកម្មភាពក្នុងឋានៈគាត់ជាមន្ត្រីអន្តរកាលម្នាក់» ហើយថាគាត់យល់ព្រមពិភាក្សាអំពីជំនួបជាមួយពួកអ្នកស៊ើបអង្កេតរបស់សភាស.រ.អា.។
ប្រធានាធិបតី Trump បានច្រានចោលការចោទប្រកាន់ថា ពួកអ្នកឃោសនាបោះឆ្នោតឱ្យគាត់បានឃុបឃិតជាមួយរុស្ស៊ី៕