ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ Maui នៃ​រដ្ឋ Hawaii កើន​ដល់ ៩៦ នាក់

ផ្ទះ និង​រថយន្ត​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​សង្កាត់​មួយ​កាលពី​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ ២០២៣ ក្នុង​តំបន់​ Lahaina រដ្ឋ Hawaii បន្ទាប់ពី​ភ្លើង​ឆេះព្រៃ​ដ៏​សាហាវ​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui បាន​កើន​ដល់ ៩៦ នាក់។

អាជ្ញាធរ​ស្រុក Maui បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា អ្នក​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​នាក់​កំពុង​ពន្លត់​ភ្លើង​ឆេះ​តិចតួច​នានា​ដែល​នៅ​សេសសល់។ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃ​ទី៨ ខែ​សីហា។ ភ្លើង​ឆេះ​ព្រៃដែល​បាន​បំផ្លិចបំផ្លាញ​តំបន់ Lahaina នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ បានបំផ្លាញ​ផ្ទៃដី​ជាង ៨៥០ ហិកតា។

អភិបាល​រដ្ឋ Hawaii លោក Josh Green បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នក​រុករក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​រុករក​និង​ជួយ​សង្គ្រោះ​ទីក្រុង​របស់​រដ្ឋាភិបាល​សហព័ន្ធ​ផង​ដែរ បាន​រុករក​ដល់​ផ្នែក​ផ្សេងៗ​បន្ថែម​ទៀត​នៃ​សហគមន៍​នេះ។

លោក Green បាន​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បំផ្លាញ​អគារ​ជាង ២.៧០០ ខ្នង​នៅ​ក្នុង​តំបន់ Lahaina។

មជ្ឈមណ្ឌល​គ្រោះ​មហន្តរាយ​ប៉ាស៊ីហ្វិក​និង​ទីភ្នាក់ងារ​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន​នៃ​ស្រុក Maui បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស ៤.៥០០ នាក់ ​ត្រូវការ​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន និង​ថា​ថ្លៃ​កសាង​ឡើង​វិញ​ពី​ភ្លើង​ឆេះ​នេះ​អាច​មាន​តម្លៃ​ជាង ៥,៥ ពាន់​លាន​ដុល្លារ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។