សាលារៀនរដ្ឋនានាក្នុងទីប្រជុំជន Maui រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមបើកដំណើរការឡើងវិញហើយ។ រីឯចរាចរណ៍រថយន្តក៏កំពុងចាប់ផ្តើមឡើងវិញដែរ ដែលនេះជាសញ្ញាមួយនៃការងើបឡើងវិញ គឺមួយសប្តាហ៍ក្រោយពីមានការឆេះព្រៃយ៉ាងខ្លាំង ដែលបានបំផ្លាញទីប្រជុំជនប្រវត្តិសាស្ត្រមួយនេះ និងបានសម្លាប់មនុស្សយ៉ាងតិចក៏ចំនួន១១០នាក់ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទន្ទឹមនឹងនេះដែរ ក្រុមឆ្កែហិតក្លិនត្រូវបានបញ្ជូនមកកាន់កោះនេះបន្ថែមទៀតកាលពីថ្ងៃពុធ ដើម្បីជួយដល់ក្រុមអ្នករុករកជាច្រើននាក់ ក្នុងការស្វែងរកអដិ្ឋធាតុជនរងគ្រោះ ដែលបានស្លាប់ក្នុងអណ្តាតភ្លើង ដែលបានឆេះនៅលើកោះដ៏ធំបំផុតទី២របស់រដ្ឋមួយនេះ។
ក្រុមអ្នកដែលបានរួចផុតជីវិតពីការឆេះព្រៃនេះ កំពុងរស់នៅប្រឈមនឹងការដាច់ភ្លើងជាញឹកញាប់ និងគ្មានសេវាទូរសព្ទប្រើប្រាស់ ខណៈពេលពួកគេកំពុងព្យាយាមស្វែងរកជំនួយ ដើម្បីកសាងជីវិតជាថ្មីឡើងវិញ។
អភិបាលរដ្ឋហាវ៉ៃ បានព្រមានថា ព្យុះថ្មីមួយអាចនឹងធ្វើឱ្យការរុករកសាកសពជនរងគ្រោះនិងការងើបឡើងវិញរបស់កោះនេះ ជួបការលំបាកកាន់តែខ្លាំងថែមទៀត។
សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាលោកស្រី Jill Biden គ្រោងនឹងទៅកោះ Maui នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីមើលដោយផ្ទាល់នូវការបំផ្លិចបំផ្លាញដែលបានបន្សល់ទុកបន្ទាប់ពីភ្លើងឆេះព្រៃកាលពីសប្តាហ៍មុននៅលើកោះហាវ៉ៃ៕