លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បាននិយាយនៅថ្ងៃចន្ទនេះថាស.រ.អា.គ្មានបំណងរឹបអូសយកប្រេងពីប្រទេសអ៊ីរ៉ាក់ទេ ដែលជាអ្វីលោកប្រធានាធិបតី Donald Trump បានចង់ឱ្យមានកាលពីពេលមុនដូចជា «ជ័យភ័ណ្ឌ»សម្រាប់សកម្មភាពយោធាស.រ.អា.នៅទីនោះនិងដើម្បីបញ្ចៀសកុំឱ្យពួករដ្ឋឥស្លាម លក់ប្រេងនេះ។
លោក Mattis បាននិយាយទៅកាន់ពួកអ្នកកាសែតដែលធ្វើដំណើរជាមួយលោកទៅកាន់ប្រទេស Iraq ដើម្បីបំពេញទស្សនកិច្ចមួយដែលមិនបានត្រូវប្រកាសឱ្យដឹងជាមុន។ ទស្សនកិច្ចនេះមានឡើងនៅថ្ងៃទីពីរនៃការវាយលុកយោធាមួយដើម្បីរុញច្រានពួករដ្ឋឥស្លាម ចេញពីផ្នែកខាងលិចនៃក្រុង Mosul។
លោក Mattis បានមានប្រសាសន៍ថា «ខ្ញុំយល់ថាយើងទាំងអស់គ្នានៅក្នុងបន្ទប់នេះ យើងទាំងអស់គ្នានៅក្នុងប្រទេសអាមេរិក ជាទូទៅបានបង់ប្រាក់ដើម្បីទិញសាំងនិងប្រេងជាយូរយាមកហើយ ហើយខ្ញុំប្រាកដប្រជាថាយើងនឹងបន្តធ្វើដូច្នេះទៀតក្នុងពេលអនាគត។ យើងមិនមែនឋិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីរឹបអូសយកប្រេងនរណាម្នាក់ឡើយ»។
ការឈប់សំចតរបស់លោកក្នុងប្រទេសអ៊ីរ៉ាក់ មានរួមបញ្ចូលជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Iraq Haider al-Abadi និងពួកមន្ត្រីឯទៀតៗ ព្រមទាំងលោកឧត្តមសេនីយ៍ទោ Stephen Towsend ដែលជាអគ្គមេបញ្ជាការកងកម្លាំងចម្រុះដឹកនាំដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម។
លោក Mattis កំពុងរៀបចំផែនការរបស់លោកផ្ទាល់ដើម្បីពន្លឿនការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម ដែលលោក Trump បានបញ្ជាកាលពីថ្ងៃទី២៨មករាឱ្យប្រគល់ឱ្យលោកក្នុងរយៈពេល៣០ថ្ងៃ។
នៅពេលដែលការវាយលុកក្នុងក្រុង Mosul បានចាប់ផ្តើមធ្វើកាលពីថ្ងៃអាទិត្យលោក Mattis បានមានប្រសាសន៍ថាមុខនាទីរបស់ស.រ.អា.ដែលធ្វើការវាយប្រហារតាមអាកាសនិងបម្រើការជាទីប្រឹក្សាដល់ពួកទាហានរដ្ឋាភិបាលអ៊ីរ៉ាក់នៅតែមានដូចដើមដដែល៕