លោក Jim Mattis អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកដែលបានលាចេញពីដំណែង ដើម្បីតវ៉ាប្រឆាំងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពីការព្យាយាមបំបែកបំបាក់សហរដ្ឋអាមេរិក។
លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើវេបសាយ ដោយទស្សនាវដ្តី Atlantic កាលពីថ្ងៃពុធថា «ក្នុងមួយជីវិតរបស់ខ្ញុំ លោកដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី១ដែលមិនបានព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិកាំង លោកមិនដែលបានព្យាយាមធ្វើដូច្នេះទេ»។
អតីតឧត្តមសេនីយ៍ទាហានម៉ារីនដែលមានការគោរពយ៉ាងខ្លាំងរូបនេះបាននិយាយថា «តែផ្ទុយទៅវិញ លោកប្រធានាធិបតីត្រាំកំពុងព្យាយាមបំបែកបំបាក់យើង»។
លោកបានបន្តចោទប្រកាន់ដែលបានគាំទ្រពួកបាតុករដែលទាមទារសិទ្ធិស្មើគ្នាថា «ខ្ញុំបានសង្កេតព្រឹត្តិការណ៍នៅសប្តាហ៍នេះដោយការខឹងសម្បារនិងការស្រងាកចិត្ត»។
ចាប់តាំងពីថ្ងៃទី២៥ ខែឧសភានៅក្នុងការស្លាប់លោក George Floyd ក្នុងទីក្រុងមីនីអាប់ប៉ូលីសដែលបុរសស្បែកខ្មៅនេះ ត្រូវបានមន្រ្តីប៉ូលិសស្បែកសសង្កត់ករហូតដល់ស្លាប់ ការផ្ទុះកំហឹងជាប្រវត្តិសាស្រ្ត បានកើនឡើងនៅទីក្រុងនានាក្នុងសហរដ្ឋអាមេរិកប្រឆាំងការប្រកាន់ពូជសាសន៍ អំពើហិង្សារបស់ប៉ូលិសនិងអសមភាពសង្គម។ បាតុកររាប់សែននាក់ បានធ្វើការប្រឆាំងតវ៉ាដោយសន្តិវិធីនៅទូទាំងប្រទេស ក៏ប៉ុន្តែការលួចប្លន់និងកុប្បកម្មក៏បានធ្វើឲ្យសៅហ្មងដល់ចលនានេះដែរ៕