រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋបាលគ្រប់គ្រងកោះ Senkaku របស់ជប៉ុន ដែលភ្លាមនោះចិនបានធ្វើការរិះគន់ទៅលើការអត្ថាធិប្បាយនេះ។
លោក Jim Mattis នៅថ្ងៃសៅរ៍នេះបានថ្លែងនៅក្នុងទីក្រុង Tokyo ថា នៅក្នុងកិច្ចពិភាក្សាជាមួយនឹងសមភាគីរបស់ខ្លួនគឺលោក Tomomi Inada លោកបានបញ្ជាក់យ៉ាងច្បាស់អំពីគោលនយោបាយដ៏យូរអង្វែងរវាងប្រទេសទាំងពីរទៅលើនឹងគោលជំហទាក់ទិននឹងកោះ Senkaku នោះ។
ប្រជុំកោះដែលគ្មានមនុស្សរស់នៅនិងមានជម្លោះនោះនៅជប៉ុនត្រូវបានគេស្គាល់ថាជាកោះ Senkaku ប៉ុន្តែចិនហៅប្រជុំកោះនោះថា Diaoyu។ ប្រទេសទាំងពីរបានទាមទារអធិបតេយ្យភាព ហើយចិនបានបង្កើតប្រជុំកោះសិប្បនិម្មិតនៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ បន្ថែមពីលើនេះទៀត កោះតៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងព្រុយណេ ក៏បានទាមទារផ្នែកខ្លះនៃតំបន់ដែនទឹកដែលរួមមានច្រកយុទ្ធសាស្ត្រនៅក្នុងសមុទ្រនិងសម្បូរទៅដោយមច្ឆជាតិ ក៏ដូចជាប្រេងនិងឧស្ម័នផងដែរ។
ផ្ទុយទៅវិញលោក Mattis បានបញ្ឈប់ការអំពាវនាវឲ្យមានការបម្លាស់ទីកងយោធានៅក្នុងតំបន់នោះ។ លោកបានថ្លែងថា៖ «អ្វីដែលយើងត្រូវធ្វើគឺត្រូវខិតខំឲ្យអស់ពីសមត្ថភាព ខិតខំខាងផ្នែកការទូត ដើម្បីព្យាយាមដោះស្រាយបញ្ហានេះឲ្យបានសមរម្យ ហើយនិងនៅតែរក្សាទំនាក់ទំនងពីបញ្ហានេះដោយបើកចំហរ។ ហើយនៅពេលនេះដែរ យើងគិតថា យើងមិនត្រូវការបម្លាស់ទីកងទ័ពអ្វីនោះទេ»។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកបានរិះគន់ចិនចំពោះការមិនមានទំនុកចិត្តនិងភាពរឹងទទឹងរបស់ចិននៅក្នុងតំបន់ដែនទឹកនៃសមុទ្រចិនខាងត្បូង។ លោក Mattis បានថ្លែងថា៖ «ចិនបានធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់នោះបាត់បង់ទំនុកចិត្ត ដោយសារចិនបានព្យាយាមប្រើប្រាស់អំណាចវ៉េតូតាមរយៈការទូត និងស្ថានភាពសន្តិសុខនិងសេដ្ឋកិច្ចរបស់បណ្តាប្រទេសជិតខាង»។
នៅក្នុងទីក្រុង ប៉េកាំងវិញ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិនមួយរូបបានធ្វើការរិះគន់ទៅ លើគោលជំហរបស់អាមេរិកទៅលើតំបន់ជម្លោះ។ លោក Lu Kang បានអំពាវនាវឲ្យអាមេរិកទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់ខ្លួន បញ្ឈប់ការផ្តល់អត្ថាធិប្បាយដែលខុសទាក់ទិននឹងប្រជុំកោះ Diaoyu ទាក់ទិននឹងអធិបតេយ្យភាព ហើយត្រូវជៀសវៀងការធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញនិងបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់»៕