កម្មករ​ចំនួន​ជាង​៣០០​នាក់​ត្រូវ​ក្រុមហ៊ុន​សាប្រីណា​បញ្ឈប់​ពី​ការងារ​

កងរាជ​អាវុធហត្ថ​កំពុង​ត្រៀម​ខ្លួន​បំបែក​បាតុកម្ម​របស់កម្មករ​ធ្វើកូដកម្ម​នៅរោងចក្រ​សាប្រីណា។

កម្មករ​ចំនួន​ជាង​៣០០​នាក់​ត្រូវបាន​ក្រុមហ៊ុន​សាប្រីណា​បញ្ឈប់​ពី​ការងារ ​កាលពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​ពួក​គេ​បាន​ចូលរួម​បាតុកម្ម​ជាប់ៗ​គ្នា​មួយរយៈ​ កាលពី​ខែ​មុន។​

នេះ​គឺជា​ការ​បញ្ឈប់​បុគ្គលិក​ការងារ​ទ្រង់ទ្រាយ​ធំ ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា។​
ក្រុម​ហ៊ុន​សាប្រីណា​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ​និង​ជា​ក្រុមហ៊ុន​ដែល​ផលិត​សម្លៀក​បំពាក់​នាំចេញ​ឲ្យ​ក្រុមហ៊ុន​ណៃគី ​(Nike) ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ដ៏​ធំ​នៅ​លើ​ពិភព​លោក។

ក្រុម​កម្ម​ការ​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ចាប់​តាំង​ចុង​ខែ​ឧសភា ​និង​បន្ត​រហូត​មក​ដល់​ខែ​មិថុនា​នេះ​ ដើម្បី​ទាមទារ​ប្រាក់​បន្ថែម​១៤​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​ពីលើ​ប្រាក់ខែ​បច្ចុប្បន្ន​ដែល​មាន​ត្រឹម​តែ​៧៤​ដុល្លារ​អាមេរិក។​

ក្នុង​អំឡុង​ពេលនោះ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​កម្មករ ​និង​មន្ត្រី​ប៉ូលិស ​ហើយ​កម្មករ​ចំនួន​ប្រាំ​បីនាក់​ត្រូវ​ចាប់​ខ្លួន។​

លោកជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ និយាយ​ថា​ ការ​បញ្ឈប់​កម្ម​ការ​បែប​នេះ​គឺជា​ការ​មិន​គោរព​ច្បាប់។

លោក​និយាយ​ថា៖ «គម្រាម​កំហែង​ថា ​គឺ​បញ្ឈប់​ពួកគាត់​ដោយសារតែ​ពួក​គាត់​បាន​ប្រើ​អំពើ​ហិង្សា»។​

ប្រធាន​សហជីព​ដដែល​បន្ត​ថា ​ក្រុមហ៊ុន​សាប្រីណា​បាន​បង្ខំ​ឲ្យ​ក្រុម​កម្មករ​ផ្តិត​មេដៃ​លើ​ក្រដាស​ស​ដែល​ក្រុម​កម្មករ​មិន​បាន​ដឹង​ពី​មូលហេតុ​នោះ​ទេ។​ ប៉ុន្តែ​ពួក​គេ​ត្រូវ​ព្រមាន​ថា​ ពួក​គេ​នឹង​ត្រូវ​ បញ្ឈប់​ពី​ការងារ​ ប្រសិនបើ​ពួក​គេ​មិន​ព្រម​ចុះ​ហត្ថលេខា​នោះ​ទេ។​ លោកជា មុន្នី ​និង​ក្រុម​កម្មករ​និយាយ​ថា ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយសារ​មូលហេតុ​ខាង​លើ​នេះ។​

ម៉ាន់ ​ចំរើន ​អាយុ​២៨​ឆ្នាំ ​គឺ​ជា​កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​សាប្រីណា​ក្នុង​ផ្នែក​តុ​កាត់ ​ឬ​កាត់​ម៉ូដ​ខោអាវ។ ​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ការងារ​ចាប់​តាំងពី​ចុង​ខែ​ឧសភា។ ភាគ​គី​ក្រុមហ៊ុន​បាន​ប្រកាស​បញ្ចប់​ការងារ​របស់​គាត់​ដោយ​ចោទ​ប្រកាន់​ថា ​ចំរើន​បាន​បង្ករ​អំពើ​ហិង្សា​ក្នុង​ពេល​បាតុកម្ម។ ​ប៉ុន្តែ​លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

គាត់​និយាយ​ថា៖ «គេ​និយាយ​ថា ​ពួក​យើង​នឹង​មាន​ចេតនា​ក្នុង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន»។​

កម្មករ​ម្នាក់ទៀត ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​កម្មករ​ផ្តិត​មេដៃ​ ដោយ​ប្រាប់​ថា​ ជា​ការ​ព្រមាន។​

គាត់​និយាយ​ថា៖ «បើ​កម្មករ​ចូល​បាតុកម្ម​ហ្នឹង​គេ​បញ្ឈប់​ចោល​ មិន​ដឹង​ផ្តឹ​ម​មេដៃ​អី​គេ។​ គេ​គ្រាន់​តែ​ប្រាប់​ថា ​គេ​ព្រមាន។​ កម្មករ​គេ​បញ្ឈប់​ចោល​ច្រើន​ហើយ»។​

យ៉ាងហោចណាស់​មាន​កម្មករ​ជាង​៥០០០​នាក់​បាន​នឹង​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន​សាប្រីណា។​ ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ ​និង​មន្ត្រី​ប៉ូលិស​ដែល​ការពារ​ក្រុមហ៊ុន​កាល​ពីដើម​ខែ​មិថុនា​បាន​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ជិត​១០នាក់​រងរបួស ​ហើយ​តំណាង​កម្ម​ការ​៨នាក់​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ។​

វីអូអេ​បានព្យាយាម​ទាក់ទង​ភាគី​ក្រុមហ៊ុន​សាប្រីណា​ដើម្បី​សុំ​ការ​បំភ្លឺ​ ​តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ដោយ​ឡែក ​លោក​ជួន មុំ​ថុល ​ប្រធាន​សហ​ព័ន្ធ​សហជីព​កម្ពុជា​ បាន​គាំទ្រ​ការ​បណ្តេញ​កម្មករ​ចេញ​ពី​ការងារ​នេះ។​

លោកនិយាយថា៖​ «កូដកម្ម​ខុសច្បាប់​ថៅកែ​មាន​សិទ្ធិ​សុំ​ដីការ​រក្សា​ការពារ។​ ហើយដោយ​កូដកម្ម​ហ្នឹង​មាន​ប្រើ​អំពើ​ហិង្សា​ទៀត»។​

យ៉ាងណាក៏ដោយ​ លោក​ជា មុន្នី​លើក​ឡើង​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​គិត​ថា​ ក្រុម​កម្មករ​បង្ក​ហិង្សា ​ក្រុមហ៊ុន​អាច​ប្តឹង​ទៅ​តុលាការ​គឺ​មិន​ចាំបាច់​បញ្ឈប់​ការងារ​ពួក​គេ​នោះ​ទេ។​

លោក​ខៀវ សាវ៉ុន​ មន្ត្រី​មកពី​ក្រសួង​ការងារ​ មិន​បាន​ធ្វើការ​អធិប្បាយ​ច្រើន​អំ​ពី​ករណី​នៃ​ការ​បញ្ឈប់​ការងារ​កម្មករ​នោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ​ក្រសួង​ការងារ​បាន​ទទួល​ញ្ញត្តិពី​សហជីព​សេរី​កម្មករ​កម្ពុជា​ហើយ​ ហើយ​ក្រសួង​ការងារ​កំពុង​ត្រួត​ពិនិត្យ​មើល​លើ​សំណើ​នោះ។​

លោក​និយាយ​ថា៖ «នាយកដ្ឋាន​ក្រសួង​ការងារ​ទទួល​បានលិខិត​របស់​ក្រុម​កម្មករ​ហើយ​ ហើយ​ក្រសួង​ការងារ​បាន​នឹង​កំពុង​ត្រួត​ពិនិត្យ​មើល​លិខិត​ប្តឹង​នោះ»។​

ប្រាក់ខែ​របស់​កម្មករ​នៅ​កម្ពុជា​នៅតែ​ជា​ប្រធាន​បទ​មួយ​ដែល​ក្តៅ​នៅ​ឡើង​នៅ​កម្ពុជា។​ យ៉ាង​ហោច​ណាស់​មាន​កម្ម​ករ​រោងចក្រ​សរុប​ជាង​៣​សែន​៥​ម៉ឺន​នាក់​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​ដែល​មាន​សរុប​ជាង​៣០០​រោង​ចក្រ​ទូទាំង​ប្រទេស។​

លោក​ជា មុន្នី​បន្ត​ថា ​រហូត​មក​ទល់​ថ្ងៃនេះ​ក្រុម​កម្មករ​ជាង​៥០០​នាក់​ទៀត​នៅតែ​បន្ត​តវ៉ា​ប្រឆាំង​ នឹង​ការ​បញ្ឈប់​ការងារ​នេះ៕​