គណបក្ស​ប្រឆាំង​បន្ថែម​បណ្តឹង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត

ភាព​មិន​ប្រក្រតី​ ដែល​គណបក្ស​ប្រឆាំង​បាន​ស្វាត់​ស្វែង​រក​ចុង​ក្រោយ​នេះ​គឺទាក់​ទិន​នឹង​ឈ្មោះ​ស្ទួន​ចំនួន​ជិត​៤០​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ពី​២៤​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស។​

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៊ី​ និង​លោក​កឹម សុខា​បាន​ដាក់​ភស្តុតាង​ថ្មី​មួយ​ចំនួន​ទៀតជូន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ក្នុង​គោល​បំណង​ដើម្បី​បញ្ជាក់​ថា​ មាន​ភាព​មិន​ប្រត្រី​ជា​ច្រើន​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។​

ភាព​មិន​ប្រក្រតី​ ដែល​គណបក្ស​ប្រឆាំង​បាន​ស្វាត់​ស្វែង​រក​ចុង​ក្រោយ​នេះ​គឺទាក់​ទិន​នឹង​ឈ្មោះ​ស្ទួន​ចំនួន​ជិត​៤០​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ពី​២៤​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ ហើយ​ត្រូវ​បាន​មន្ត្រី​គណបក្ស​បាន​ដាក់​ជូន​បន្ថែម​ទៅ​គ.ជ.ប​.នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​កួយ​ ប៊ុនរឿន​ ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ចាម ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា​ គណបក្ស​សង្គ្រោះ​ជាតិបាន​ដាក់​ជូន​គ.ជ.ប​.នូវ​ស្នាម​ផ្តិត​មេដៃ​ចំនួន​ជាង​២​ម៉ឺន​ដែល​បាន​បង្ហាញ​ថា ​ពួកគេ​បាន​បាត់​បង់​សិទ្ធិបោះ​ឆ្នោត​ដោយ​សារ​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ឈ្មោះ​ស្ទួន​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់។​

លោក​បាន​បញ្ជាក់​ថា៖​«ឈ្មោះ​ស្ទួន​នៅ​ក្នុង​ខេត្ត​មួយ​ ឈ្មោះ​មួយ​ហ្នឹង​ដដែល​អាច​ទៅ​ស្ទួន​នៅ​ក្នុង​ខេត្ត​ដទៃផ្សេង​ទៀត។ អញ្ចឹង​យើង​ឃើញ​ថា​ វាមាន​លក្ខណៈ​នេះ​ ​ហើយ​ចំណុច​នេះ​ហើយ​ដែល​យើង​ឃើញ​ថា​ អ្នក​ណា​ដែល​ឈ្មោះ​ស្ទួន​ហ្នឹង​គេ​ឲ្យមនុស្ស​ផ្សេង​ប្រើប្រាស់​តាម​ទម្រង់អត្ត​សញ្ញាណ​ហ្នឹង​ដើម្បី​បោះ​ឆ្នោត​ជំនួស។​អញ្ចឹង​យើង​ដាក់​ឲ្យគ.ជ.ប​.មើល»។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវ​ការទៅ​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ដំបូងៗ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ត្រួត​ត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០ឆ្នាំ​នោះ​ បានឈ្នះ​ឆ្នោត។​

ពាក្យ​បណ្តឹង​ដែល​បាន​ដាក់មានពីរ​ប្រភេទ​គឺ​ទីមួយ​ជា​ពាក្យ​បណ្តឹង​ដែល​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ​ហើយទី​២​គឺជា​ពាក្យ​បណ្តឹង​មក​ពី​ខេត្ត​ចំនួន​១៥​ដែល​ប្តឹង​ពី​ភាព​មិន​ ប្រក្រតី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។​ ​

បណ្តឹង​ទាំង​នេះធ្វើ​ឡើង​បន្ទាប់​ពី​គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​បឋមៗកាលពី​ថ្ងៃទី​១២​ខែ​សីហា​កន្លង​ទៅនេះ​ ​ហើយ​ត្រូវ​គណបក្ស​ជំទាស់​ច្រាន​ចោល។ ​គណបក្ស​ជំទាស់​អះអាង​ថា ​លទ្ធផល​ចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​៦៣​អាសនៈ​ ​ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។​

លោកកួយ ប៊ុនរឿន​បាន​អះអាង​ថា​ ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​បោះឆ្នោតបាន​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បោះ​ឆ្នោត។​

លោក​និយាយថា៖​«កាលណា​យើង​ទុក​ប្រព័ន្ធ​បោះ​ឆ្នោត​របៀប​នេះ​តទៅ​ទៀត​គឺ​ថា​ មិន​ផ្តល់​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ​ហើយ​ក៏​មិន​យុត្តិធម៌​សម្រាប់​គណបក្ស​ដែល​ប្រកួត​ប្រជែង​នោះ​ដែរ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​អះអាង​ថា ​បញ្ជី​បោះឆ្នោត​បាន​ធ្វើតាំង​ពី​ឆ្នាំ​២០១២​ហើយ​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ប្តឹងទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំនួន​ពីរ​ដង​រួច​មក​ហើយ។ ​ដោយ​ឡែក​គណបក្ស​ដដែល​នេះ​ទើប​តែ​យក​មក​ប្តឹង​នៅ​ពេល​នេះ​គឺ​មិន​ត្រឹម​ត្រូវទេ។​

លោក​បញ្ជាក់​ថា​ គ.ជ.ប​.នឹង​ពិនិត្យ​ដោយ​ផ្អែក​ទៅ​លើច្បាប់​បោះឆ្នោត​ ថា​តើ​ការ​ប្តឹង​លើ​បញ្ជី​បោះឆ្នោត​នឹង​ធ្វើ​នៅពេល​ណា។​

ចាប់តាំង​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ដើម​សប្តាហ៍​នេះ។​ គ.ជ.ប​.បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១៧​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត ​និង​ក្រោយ​ពេល​បោះឆ្នោត។​

លោក​ទេព នីថា​បាន​បញ្ជាក់​ថា​ គ.ជ.ប.​បាន​ពិនិត្យ​លើ​បណ្តឹង​មួយ​ចំនួនហើយ ​ហើយ​បាន​សម្រេច​ឲ្យផ្ទៀង​ផ្ទាត់​ឡើងវិញ​នូវ​បណ្តឹង​មកពី​ខេត្ត​ក្រចេះ ​និង​ខេត្ត​បាត់​ដំបង៕