ប៉ូលិសបាននិយាយថា មនុស្សចំនួន៨នាក់ ហើយនឹងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ដោយខ្មាន់កាំភ្លើងដែលគេជឿថា បន្ទាប់មកបានសម្លាប់ខ្លួនឯង។ មិនមានព័ត៌មានអំពីចំនួន ឬស្ថានភាពអ្នករងគ្រោះនៅក្រុមហ៊ុន Fedex ក្បែរអាកាសយានដ្ឋានអន្តរជាតិនោះទេ។ បុរសម្នាក់ដែលថា គាត់ធ្វើការនៅទីនោះ បានប្រាប់ទូរទស្សន៍ក្នុងស្រុកឈ្មោះ WISH-TV ថា គាត់បានឃើញខ្មាន់កាំភ្លើង ចាប់ផ្តើមបាញ់។ នេះ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Jeremiah Miller បាននិយាយថា «ខ្ញុំបានឃើញបុរសម្នាក់ មានកាំភ្លើងស្វ័យប្រវត្តិធុនស្រាល ហើយគាត់បានបាញ់។ ខ្ញុំខ្លាច ហើយឱនចុះ»។
អ្នកនាំពាក្យប៉ូលិសលោក Genae Cook បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប៉ូលិសបានធ្វើអន្តរាគមន៍ ហើយជឿថា ខ្មាន់កាំភ្លើងបានស្លាប់ដោយធ្វើអត្តឃាត។ ប៉ូលិសបាននិយាយថា មនុស្សជាច្រើនត្រូវបានគេបាញ់។
អ្នកនាំពាក្យក្រុមហ៊ុន Fedex បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មានការបាញ់ប្រហារនៅការិយាល័យរបស់ខ្លួនហើយថា ក្រុមហ៊ុនកំពុងសហការជាមួយអាជ្ញាធរ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានដឹងអំពីការបាញ់ប្រហារដ៏គួរឱ្យសោកស្តាយនៅការិយាល័យរបស់យើងក្បែរអាកាសយានដ្ឋាន Indianapolis។ សុវត្ថិភាព គឺជាអាទិភាពកំពូលរបស់យើង ហើយយើងគិតអំពីអ្នករងគ្រោះទាំងអស់។ កន្លែងក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា មានបុគ្គលិកជាង៤.០០០នាក់។
នៅចុងខែមុន មនុស្សបួននាក់រួមទាំងកុមារម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងអគារការិយាល័យមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ នៅថ្ងៃទី២២ ខែមីនា មនុស្ស១០នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារនៅហាងលក់គ្រឿងទេសមួយក្នុងទីក្រុង Boulder រដ្ឋ Colorado។ មិនដល់មួយសប្តាហ៍មុននោះ បុរសម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមានស្ត្រីជនជាតិអាស៊ី៦នាក់ នៅហាងស្ប៉ានៅក្រុង Atlanta រដ្ឋ Georgia ។ មនុស្សជិត៤ម៉ឺន នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ជារៀងរាល់ឆ្នាំដោយសារកាំភ្លើង ដែលជាងពាក់កណ្តាលនៃចំនួននេះ គឺធ្វើអត្តឃាត៕