ក្មេងអាយុក្រោម ២ ឆ្នាំ មិនគួរពាក់ម៉ាស់ទេ ដោយសារតែវាអាចធ្វើឲ្យមានការពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការថប់ដង្ហើម។ នេះបើតាមការបញ្ជាក់របស់សមាគមពេទ្យកុមារជប៉ុន។
សមាគមនេះបានធ្វើការអំពាវនាវជាបន្ទាន់មួយអំពីរឿងនេះទៅកាន់ឪពុកម្ដាយនានា ស្របពេលដែលប្រទេសជប៉ុនបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានដកឋានៈស្ថានភាពអាសន្នចេញពីទីក្រុងតូក្យូ និងតំបន់ដែលនៅសេសសល់ចំនួន ៤ ទៀត កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះនៅទូទាំងប្រទេសជប៉ុន។ ប៉ុន្តែ លោកបានព្រមានថា ឋានៈស្ថានភាពអាសន្ននេះអាចដាក់ឡើងវិញ ប្រសិនបើវីរុសនេះចាប់ផ្ដើមឆ្លងរាលដាលម្ដងទៀត។
ដើម្បីរារាំងកុំឲ្យមានការឆ្លងរាលដាលវីរុសនេះ អ្នកជំនាញខាងផ្នែកសុខភាពនានានៅលើពិភពលោកបានស្នើឲ្យពលរដ្ឋពាក់ម៉ាស់ នៅពេលណាដែលមានការលំបាកនៅក្នុងការរក្សាគម្លាតពីគ្នានៅក្នុងសង្គម ស្របពេលដែលប្រទេសនានាចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្ដឹងដោយសារវីរុសកូរ៉ូណា។
ប៉ុន្តែ សមាគមពេទ្យកុមារជប៉ុនបានរំឭកដល់ឪពុកម្ដាយនានាថា ម៉ាស់អាចមានគ្រោះថ្នាក់ខ្លាំងសម្រាប់ក្មេងអាយុក្រោម ២ ឆ្នាំ។
សមាគមនេះបញ្ជាក់ថា៖ «ម៉ាស់អាចធ្វើឲ្យពិបាកដកដង្ហើម ដោយសារតែក្មេងតូចៗ មានរន្ធដកដង្ហើមតូចចង្អៀត» ដែលធ្វើឲ្យបង្កើនសម្ពាធដល់បេះដូងរបស់ក្មេងតូចៗទាំងនោះ។
សមាគមនេះបន្ថែមថា៖ «សូមឈប់ប្រើម៉ាស់សម្រាប់ក្មេងអាយុក្រោម ២ ឆ្នាំ»៕