ក្រសួង​សុខាភិបាល​ស្នើ​អ្នក​លក់​ម៉ាស់​មិន​ឲ្យ​ដំឡើង​ថ្លៃ

ប្រអប់ម៉ាសជាច្រើនដាក់គរលើគ្នានៅក្នុងឱសថស្ថានមួយកន្លែង ក្បែរពហុកីឡាដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

កញ្ញា​ ​ឡោ វត្តី​ វ័យ​២៨ ឆ្នាំ​ ​ម្ចាស់​ហាង​លក់គ្រឿង​បរិក្ខារ​ពេទ្យ​ នៅ​ម្តុំ​ផ្សារ​អូរឡាំពិក​ បាន​បើក​តូប​លក់​តាំង​ពី​ព្រលឹម​ស្រាងៗ​ រហូត​ដល់​ព្រលប់។​ នៅ​ម៉ោង​ប្រមាណ​ ៧​យប់​ ថ្ងៃអាទិត្យ​ កញ្ញា​បាន​ប្រាប់​ VOA ​ថា​ អតិថិជន​ភាគច្រើន​សួរ​រក​ទិញ​ម៉ាស់​របស់​ក្រុមហ៊ុន 3M ដែល​ហៅ​ថា​ ម៉ាក​ N95ដែល​ មាន​ព័ណ៌ស រាង​មូល​គ្រប​ច្រមុះ​ និងមាត់។

កញ្ញា​ប្រាប់​ VOA ​ថា នៅ​ពេល​កញ្ញា​ចាប់​បើក​លក់នៅ​ពេល​ព្រឹក អ្នក​មក​ទិញ​ភាគច្រើន​ជា​ជនជាតិ​ចិន​ ហើយ​ដល់​ល្ងាច​បន្តិច​ទើប​មាន​ជនជាតិ​ខ្មែរ​មកទិញ៖​

«បើ​អ្នកខ្លះ​គឺ​ភាគច្រើន​ជនជាតិ​ចិន​ មក​ទិញ​ច្រើន។ ឮ​ថា​អ្នកខ្លះ​គាត់​ទិញ​យក​ទៅ​ស្រុក​គាត់​តែម្តង»។

អ្នក​លក់​គ្រឿង​បរិក្ខារ​ពេទ្យ​នៅ​ម្តុំ​ផ្សារ​អូឡាំ​ពិក​ ដែល​នៅ​បន្ត​លក់ដូរ​ នៅថ្ងៃ​ទី២​ នៃ​បុណ្យចូល​ឆ្នាំចិន​ ឆ្នាំ​ម្សិលមិញ​បាន​និយាយ​ថា​ ​ពួកគេ​ស្ទើរ​តែ​អស់​ម៉ាស់​លក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ពួក​គេ​ថា ​ភ្ញៀវ​របស់​ពួកគេ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន ដែលមក​ទិញ​ម៉ាស់​ជា​ច្រើន​កេស​ និង​ជា​ប្រអប់ៗ ដើម្បី​ផ្ញើរ​ទៅ​បង​ប្អូន​របស់​ពួកគេ​នៅ​ឯ​ប្រទេស​ចិន​ដែល​កំពុង​ខ្វះ​ម៉ាស់​សម្រាប់​ពាក់​ការពារ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​សុខាភិបាល​ជំនាញ​បាន​និយាយ​ថា អ្នក​ដែល​មិន​មាន​បញ្ហា​សុខភាព​មិន​គួរ​ពាក់​ម៉ាស់​នេះ​នោះ​ទេ​ ហើយ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​លក់​ម៉ាស់​ថា ពួកគេ​មិន​គួរ​កេង​ចំណេញ​នៅ​ក្នុង​ពេល​មាន​ការ​បារម្ភ​ពី​ជំងឺ​នេះ​នោះ​ទេ។

កញ្ញា​ ឡោ វត្តី​ ​បន្ត​ថា​ ពេល​នេះ​កញ្ញា​គ្មាន​ម៉ាស់​ប្រភេទ​ N95 លក់​ទៀត​ទេ៖ «យើង​អត់​មាន​ស្តុក​ទេ​ ដោយសារ​ឥវ៉ាន់​នេះ​យើង​កុម្ម៉ង់​ពី​ប្រទេស​ចិន​ដែរ។​ ហើយ​ម៉ាស់​ហ្នឹង​មាន​ថ្ងៃ​ខែ​កំណត់​ បើ​កាលណា​យើង​ទុក​ចោល​យូរ វា​របក​អេប៉ុង​ហើយ​ត្រូវបោះ​ចោល​តែ​ម្តង»។

ពលរដ្ឋឈរនៅក្នុងឱសថស្ថានមួយកន្លែង ក្បែរពហុកីឡាដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ដោយពាក់ម៉ាសការពារ ខណៈព័ត៌មានអំពីការរាលដាលនៃមេរោគកូរ៉ូណានៅប្រទេសចិន កំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងតំបន់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ជាទូទៅ​ ម៉ាស់​ម៉ាក​ N95 នេះ​ ធ្លាប់​មាន​តម្លៃប្រហែល ១៨​ដុល្លារ ក្នុង​មួយ​ប្រអប់​ ដែល​មាន​ម៉ាស់​ចំនួន​២០។ ថ្ងៃអាទិត្យនេះ​ ម៉ាស់ម៉ាកនេះ កើន​ដល់​តម្លៃពី​ប្រមាណ​ ៣០​ដុល្លារ​ ឬ៤០​ដុល្លារ​ រហូត​ដល់ ​៦០ដុល្លារ​ ក្នុង​មួយ​ប្រអប់។ ប្រជា​ពលរដ្ឋ​ភាគច្រើន​រក​ទិញ​ម៉ាស់​ដោយ​សារ​ទទួល​ព័ត៌មាន​តៗ​គ្នា​តាម​បណ្តាញ​សង្គម។

ដោយ​សារ​អស់​ម៉ាស់ម៉ាក​ N95​ កញ្ញា​ វត្តី ​លក់អស់​ម៉ាស់​ធម្មតា​ចំនួន​ ​៥០០​ប្រអប់។​ ក្នុង​មួយ​ប្រអប់​តម្លៃ​ ២​ម៉ឺន​រៀល។ ម៉ាស់​ប្រភេទ​ធម្មតា​នេះ​មានតម្លៃ​ ១​ម៉ឺន​រៀល​នៅ​មុនពេលដែល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណាថ្មី។

លោក​ ជា អៀង​ អាយុ​ ៥៨​ឆ្នាំ​ អ្នក​លក់​គ្រឿង​បរិក្ខារ​ពេទ្យ​ម្នាក់​ទៀត​នៅ​ម្តុំផ្សារ​អូរឡាំពិក។ លោក​បាន​ឲ្យ​ដឹង​ថា​ លោក​លក់​ម៉ាស់​ពណ៌​ខៀវ​ធម្មតា​អស់​ជាង​ ៥០ កេស​ ឬ​ស្មើហ្នឹង​ ២.០០០​ប្រអប់។ តម្លៃ​រាយ​មួយ​ប្រអប់​ ៥ ដុល្លារ។

លោក​និយាយ​ថា៖ «ទើប​តែ​បើក​ទ្វារ​ថ្ងៃ​ហ្នឹង គឺ​ខុស​ប្រក្រតី​ គឺ​ម៉ាស់​លក់​អស់​មិន​ធម្មតា។​ គឺ​លក់​អស់​រលីង​តែ​ម្តង។ ខ្ញុំ​លក់​ ៤០​-៥០ កេស​គឺលក់​អស់រលីងតែម្តង»។

លោក​និយាយ​ថា​ អតិថិជន​លោក​ ភាគ​ច្រើន​ជា​ជនជាតិ​ចិន៖ «អ្នក​មក​គឺ​មាន​ចិន​ ​ភាគ​ច្រើនគឺ​ចិន ទី​២​គឺ​ខ្មែរ​យើង។ ចិន​នឹង​គឺអ្នក​ធ្វើការ​នៅ​រោងចក្រ អីហ្នឹង​ ពួកគាត់​ច្រើន​ជាង​គេ។ ខ្មែរ​យើង​គឺ​បន្ទាប់បន្សំ​ទេ»។

​កញ្ញា​ សុខ​ លីលី​ អាយុ​២១ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី៤ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ បាន​ជិះម៉ូតូ​ អស់​ជិត​ពីរ​ម៉ោង​ ជាមួយ​មិត្ត​ភក្តិ​របស់នាង​ ដើម្បី​ស្វែង​រក​ម៉ាស់ នៅ​ម្តុំ​ផ្សារតាប៉ាង​ និង​ផ្សារ​អូឡាំពិក។​ ពួកគេសំចត​សួរ​សឹង​គ្រប់​ហាង​ តែ​នៅ​មិន​អាច​រក​ម៉ាស់​ដែល​ខ្លួន​ចង់ទិញ​ គឺម៉ាស់​ N95។ កញ្ញា​ថា ខ្លួន​ចង់ទិញពីរ​បីប្រអប់​ទុក​ ដើម្បី​ចែក​រំលែក​ក្រុម​គ្រួសារ និង​មិត្ត​រួមការងារ។

កញ្ញា​ សុខ​ លី​លី​ និយាយ​ថា៖ «ភ័យ​បង​... ភ័យ​ខ្លាំង​ ដោយសារ​យើង​ឃើញ​ប្រទេស​ជិត​ខាង​យើង ក៏ជួប​ច្រើន​មក​ដែរ​ដូច​ប្រទេសវៀតណាម ​និង​ប្រទេស​ថៃ សុទ្ធ​តែ​មាន​អ្នកកើត​ជំងឺ​ហ្នឹង​ដែរ ហើយ​គេ​មិនទាន់​រក​ឃើញវ៉ាក់សាំង​អញ្ចឹងណា​បង»។

មេរោគ​កូរ៉ូណា​ (coronavirus) បាន​សម្លាប់​មនុស្ស​អស់​ជាង​ ៨០​នាក់​នៅប្រទេស​ចិន​ គិត​ត្រឹម​ព្រឹក​ថ្ងៃចន្ទនេះ។ មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៣.០០០​ នាក់​ នៅ​ក្នុង​ប្រទេស​ចិន និង​បណ្តាប្រទេសដូច​ជា​វៀតណាម ​ថៃ ​សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី​ ​បារាំង​ និង​នេប៉ាល់​ផង​ដែរ។

ទោះ​បី​ជា​អង្គការ​សុខភាព​ពិភពលោក​ និង​ប្រទេស​ផ្សេងៗ​ទៀត​កំពុងបន្ត​សិក្សាឲ្យ​ច្បាស់​ពី​ដើម​កំណើត​ របៀប​ឆ្លង​ របៀប​ការពារ ​និង​របៀប​ព្យាបាល​ជំងឺ​នេះ​ បច្ចុប្បន្ន​ គេ​ដឹង​ត្រឹម​ថា​ ប្រភព​នៃ​មេរោគ​នេះ​ចេញ​ពី​ទី​ផ្សារ​លក់​សាច់​សត្វព្រៃ​នៅ​ទីក្រុង​អ៊ូហាន (Wuhan)។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ចិន​បាន​ពន្លឿន​ការ​កសាង​មន្ទីរពេទ្យ​មួយ​ដែលអាច​ដាក់​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូរ៉ូណា​រហូត​ដល់​១.០០០នាក់ ដើម្បី​តាមដាន។​ មន្ទីរពេទ្យ​សាងសង់​តាម​លំនាំ​មន្ទីរពេទ្យ​មួយ​នៅ​ប៉េកាំង​ដែល​ដាក់​អ្នក​ជំងឺ​ឆ្លង​វីរុស​សារស៍ (SARS) នៅ​ឆ្នាំ​ ២០០២​ និង២០០៣​ ដែល​កាល​នោះ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៨០០​នាក់។​

ចាប់​តាំង​ពី​ការ​ប្រជុំ​គណៈកម្មការ​បន្ទាន់​នៃ​បទប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ (International Health Regulations Emergency Committee) ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ តាំងពី​មុន​ចូលឆ្នាំ​ចិន​ ចំនួនអ្នក​ស្លាប់​កើន​ឡើងជិត​ ៤​ដង ហើយ​ករណី​ឆ្លង​កើន​ឡើង​៦​ដង​ ប៉ុន្តែ​ អង្គការ​សុខភាព​ពិភពលោក​ នៅ​មិន​ទាន់​ប្រកាស​អាសន្ន​នៅ​ឡើយ។​

អង្គការ​នេះ​ បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ស្លាប់​នោះ​មាន​បញ្ហា​សុខភាព​ដូច​ជា​ លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​ជំងឺ​បេះដូង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​ចុះ​ខ្សោយ។ អ្នក​ដែល​ងាយ​ឆ្លង​មេរោគ​នោះ​ គឺ​មនុស្ស​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​សុខភាព​ទ្រុឌទ្រោម។​

បើ​យោង​តាម​សន្និសីទ​កាសែតនៅ​ល្ងាច​ថ្ងៃ​ចន្ទនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល​ បានបញ្ជាក់ថា ករណី​ដំបូង​នៃ​ការ​ឆ្លងវីរុសកូរ៉ូណា​ថ្មី ត្រូវបានរក​ឃើញ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៧​ខែមករា​។

ខណៈ​ពេល​នេះ ប្រជាជន​ចិន​នៅកម្ពុជានិង​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ កំពុង​សម្រុក​ទិញ​ម៉ាស់​ក្នុង​គោលបំណង​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ថ្មី​នេះ។

ការ​សម្រុក​ទៅ​ទិញ​ម៉ាស់​ជា​គំហុក​នេះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​ម៉ាស់​មាន​ការ​កើន​ឡើង។ ក្រសួង​សុខាភិបាលកម្ពុជា ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​លក់​ម៉ាស់​ កុំ​តម្លើង​ថ្លៃ​ម៉ាស់។ នៅ​ក្នុង​សេចក្តីប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រសួង​សុខាភិបាល​បាន​សរសេរ​ថា៖

«[...] ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មាន​តម្រូវការ​ប្រើ​ម៉ាស់​ អាច​ទិញ​ប្រើ​បាន​ផង​ ដើម្បី​ជា​កិច្ច​ចូលរួម​ការពារ​សុខភាព​ផ្ទាល់ខ្លួន​លើ​ការ​ចម្លង​ជំងឺ​នេះ​ និង​ជា​បុណ្យ​កុសល​សម្រាប់​លោក​អ្នក​ជា​អ្នក​លក់​ម៉ាស់​នេះ​ផង»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក លី​ សូវ៉ាន់​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់ VOA កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនថា ​ប្រជាពលរដ្ឋ​មាន​អាការៈ​ធម្មតា​មិនគួរ​ពាក់ម៉ាស់​ទេ។

លោក​និយាយ​ថា៖ «អ្នក​ជា​មិន​គួរ​ពាក់​ម៉ាស់​ ប៉ុន្តែ​អ្នក​ដែល​ឈឺ​ត្រូវ​តែ​ពាក់​ម៉ាស់។ អ្នកដែល​សង្ស័យ​គួរ​ពាក់​ម៉ាស់។ អ្នក​ដែល​មាន​រោគ​សញ្ញា​ក្អក​ ឬ​កណ្ដាស់​ត្រូវ​តែ​ពាក់​ម៉ាស់»។

បុគ្គលិកមន្ទីរពេទ្យបំពាក់ដោយសម្លៀកបំពាក់ការពារខ្លួន កំពុងបញ្ជូនអ្នកជំងឺម្នាក់​ដែលសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា នៅមន្ទីរពេទ្យ Prince of Wales នៅទីក្រុងហុងកុង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

អ្នកស្រី​វេជ្ជបណ្ឌិត​ Leo Yee Sin នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​ប្រទេស​សិង្ហបុរី​ បាន​ប្រាប់​សារព័ត៌មាន​ Channel News Asia ថា មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ពាក់​ម៉ាស់​នោះទេ។​

អ្នកស្រី​វេជ្ជបណ្ឌិត​នៅ​ប្រទេស​សិង្ហបុរី​រូប​នេះ​ និយាយ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «មិន​បាច់​ពាក់​ម៉ាស់​ទេ​ បើអ្នក​គ្មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម។​ តាម​ពិត​ទៅ​ យើង​ត្រូវ​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ពី​សហគមន៍។ សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញាសូម​ពាក់​ម៉ាស់​ទៅ​ នោះ​វា​នឹង​ផ្តល់​នូវ​កន្លែង​ដែល​មាន​សុវត្ថិភាព​ដល់​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ពួកគេ»។​

ម៉ាស់​ដែល​គេ​ពាក់​ពេល​វះកាត់​ ដែល​មាន​ពីរស្រទាប់​គឺ​ស្រទាប់​ក្នុង ​និង​ស្រទាប់​ក្រៅ មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ក្នុង​ការពារបាន​ហើយ។

មក​ទល់​ពេល​នេះ​ ប្រជាជន​នៅប្រទេស​ចិន​ជាង​ ៣០​លាន​នាក់​ ត្រូវ​បាន​កម្រិត​ការ​ធ្វើ​ដំណើរ​តាម​ទី​សាធារណៈ​ និង​ចេញ​ចូល​ទី​ក្រុង​មួយ​ចំនួន​ ហើយ​ស្រប​ពេល​នេះ​ដែរ​ នៅ​កម្ពុជា សាលារៀនអន្តរជាតិ​មួយ​ចំនួន​បាន​ប្រកាស​ផ្អាក​ ហើយ​តាម​សាលា​រដ្ឋ​មួយ​ចំនួន​ក៏​មាន​ការ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ ការ​ចែក​ម៉ាស់​ និង​ការ​អប់រំ និង​លាងដៃ​និង​សាប៊ូ​ ឬ​ទឹក​អាកុល​ ដើម្បី​រក្សា​អនាម័យ។

កញ្ញា​ ឡោ វត្តី ​ប្រាប់ VOA ថា​ កញ្ញា​ក៏​ត្រូវ​ទុក​ម៉ាស់​មួយ​កេស​ដើម្បី​ទុក​សម្រាក់​ចែកចាយ​ដល់​សមាជិក​គ្រួសារ​របស់​កញ្ញា​ទុក​ប្រើប្រាស់៖ «យល់​ឃើញ​ថា​ ពិបាក​ថា ដល់​ពេល​ខ្ញុំ​អស់​អាហ្នឹង​ទៅ​ ខ្ញុំ​អត់​ដឹង​ថា​មាន​អី​លក់​ជូន​គាត់។ ទី១ ខ្ញុំ​ទុកមួយ​កេស​សម្រាប់​គ្រួសារ​ខ្ញុំ​ដែរ។ ខ្ញុំ​ខ្លាច​ដែរ​ណា»៕