ក្បាច់បោកចំបាប់និងក្លេដ៏ល្បីល្បាញលើពិភពលោកមួយប្រភេទឈ្មោះ Jiu Jitsuដែលគេជឿថា មានវត្តមានក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយនោះ កំពុងមានប្រជាប្រិយភាពនិងទទួលបានការហ្វឹកហាត់ក្នុងប្រទេសនេះ ជាពិសេសក្នុងចំណោមជនបរទេស។
Jiu Jitsu ត្រូវបានបង្កើតឡើងនាដើមទសវត្សរ៍១៩៩០ ដោយការបូកបញ្ចូលក្បាច់គុណមួយចំនួនរបស់ជប៉ុន។
វាទទួលបានការពេញនិយមយ៉ាងឆាប់រហ័សដោយសារតែវាមិនគ្រាន់តែជាកីឡាចំបាប់ទេ តែក៏ជាក្បាច់ការពារខ្លួនដែរ។
លើសពីនេះទៀត Jiu Jitsu បានក្លាយជាបាច់គុណដ៏សំខាន់មួយដែលគេប្រើប្រាស់ក្នុងកីឡាប្រដាល់សេរីដ៏ល្បី MMA នឹងកីឡាប្រដាល់ដាក់ទ្រង់K-1ផងដែរ។
ក្បាច់គុណ Jiu Jitsu ធ្លាប់ត្រូវបានបង្ហាត់នៅក្នុងប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី២០ឆ្នាំមុន ដោយ អ្នកស្រាវជ្រាវនិងជាអ្នកច្បាប់ជនជាតិអាមេរិកគឺលោក Peter Maguire ពេលដែលលោកស្នាក់នៅរាជធានីភ្នំពេញក្នុងអំឡុងទសវត្សរ៍១៩៩០។
លោក Peter Maguire ដែលធ្លាប់បានហ្វឹកហាត់កីឡាJiu Jitsu ពីសាលា Gracie បានបង្វឹកជនជាតិបារាំងនិងអ្នកការទូតបរទេសក្នុងប្រទេសកម្ពុជានាពេលនោះ។កូនសិស្សរបស់លោកគឺលោក Sylvain Vogel ដែលមានដើមកំណើតបារាំង ក៏បានទទួលភាពជោគជ័យក្នុងវិស័យប្រដាល់សេរីផងដែរ។ នេះបើតាមការឲ្យដឹងពីលោក Peter Maguire។
ក្នុងសារអេឡិចត្រូនិកឬអ៊ីមែលមកកាន់VOA លោកPeter Maguire បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ក្បាច់គុណក្នុងកម្ពុជាភាគច្រើនគឺជាក្បាច់វាយគ្នា ដូចជា ប្រដាល់សេរី ក្បាច់ការ៉ាតេ និងកុងហ្វូជាដើម។ ក្បាច់បោកចំបាប់របស់ Gracie គឺជាក្បាច់គុណមួយដ៏ថ្មីថ្មោង ហើយត្រូវបាននាំចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ទើបតែបានជិត២០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ វាបានរីកដុះដាលយ៉ាងឆាប់រហ័ស»។
ការហ្វឹកហាត់ Jiu Jitsuក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះ បន្ទាប់ពីលោក Peter Maguire បញ្ចប់សៀវភៅរបស់លោក ដែលមានចំណងជើងថា «Facing Death in Cambodia»ឬ «ប្រឈមមុខនឹងមច្ចុរាជនៅកម្ពុជា»ក្នុងឆ្នាំ២០០៥។
Jiu Jitsuត្រូវបានហ្វឹកហាត់ជាច្រើនម្តងទៀតនាដើមឆ្នាំ២០១៤ ពេលដែលលោកJens Petersen ដែលគ្រងខ្សែក្រវាត់ពណ៌ត្នោត មកកាន់ក្រុងភ្នំពេញ ដើម្បីបង្ហាត់កីឡាប្រដាល់ដាក់ទ្រង់K-1។
ក្រោយពេលដែលកីឡាប្រដាល់សេរី ឬMMA មានភាពពេញនិយមក្នុងប្រទេសកម្ពុជា វាបានជួយឲ្យមាន ការហ្វឹកហាត់ Jiu Jitsuកាន់តែច្រើនឡើងផងដែរ។
មកដល់ពេលនេះ មានគ្រូបង្គោលពីររូបនៅក្នុងក្លឹប Brazilian Jiu Jitsu កម្ពុជា ឬ BJJ កម្ពុជា។
អ្នកហ្វឹកហាត់ Jiu Jitsu ប្រចាំក្នុងរាជធានីភ្នំពេញ មានចំនួនកើនឡើងយ៉ាងរហ័សដល់ជាង២០រូប។នេះបើយោងតាម លោក ខូវ វិវត្តថានា ដែលជាគ្រូបង្វឹកម្នាក់ក្នុងចំណោមនោះ។
លោក ខូវ វិវត្តថានា សហគ្រិនវ័យ២៧ឆ្នាំ ដែលធ្លាប់បានហ្វឹកហាត់ Jiu Jitsu នៅប្រទេសជប៉ុន បានប្រាប់ VOA ថា លោកនិង BJJ កម្ពុជា បានព្យាយាមបង្កើត សហគមន៍ Jiu Jitsu មួយក្នុងប្រទេសនេះ ក្រោយពេលដែលវាទទួលការពេញនិយមពីសំណាក់ជនបរទេស ក្នុងប្រទេសកម្ពុជា។
គ្រូបង្វឹកកូនកាត់បារាំងខ្មែររូបនេះក៏សង្ឃឹមថា សហព័ន្ធJiu Jitsu មួយនឹងត្រូវបានបង្កើតឡើងហើយកីឡាករកម្ពុជា នឹងអាចចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិផងដែរ។
«នាពេលនេះ អ្វីដែលយើងកំពុងតែធ្វើនោះគឺ ដើរតាមគន្លងរបស់ លោក Peter។ ព្យាយាមបង្កើនទំនាក់ទំនងជាមួយនិងសិស្សចាស់ៗរបស់គាត់ ហើយនិងបង្កើត បណ្ដាញរបស់យើងសារជាថ្មី ។ស្របពេលដែលយើងផ្សារភ្ជាប់ជាមួយអ្នកហ្វឹកហាត់ចាស់ៗ យើងនិងអាចបង្កើតសហគមន៍មួយដែលរួមបញ្ចូលអ្នកចាស់និងអ្នកថ្មីដែលហ្វឹកហាត់ Jiu Jitsu នាពេលបច្ចុប្បន្ន ហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំរំភើប។ជាងនេះទៅទៀត គឺយើងនឹងអាចបើកឱកាសឲ្យមនុស្សគ្រប់រូបបានហ្វឹកហាត់ Jiu Jitsuបានគ្រប់គ្នា»។
បើទោះជាយ៉ាងនេះក្ដី លោក ខូវ វិវត្តថានា បានបញ្ជាក់ផងដែរថា កន្លែងហ្វឹកហាត់ នឹងតម្លៃ នៅតែជាបញ្ហាប្រឈមសម្រាប់ក្លឹបBJJកម្ពុជា ដែលមិនអាចឲ្យប្រជាជនកម្ពុជា អាចហ្វឹកហាត់កីឡាប្រភេទនេះបានច្រើន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលធ្លាប់ហ្វឹកហាត់កីឡាបោកចំបាប់និងក្លេ Jiu Jitsuនេះនាទសវត្សន៍១៩៩០ បានប្រាប់VOAថា ការងើបឡើងសន្សឹមៗរបស់កីឡាប្រភេទនេះ គឺដោយសារតែវាមានការប្រកួតប្រជែងជាមួយកីឡារបស់ប្រទេសជប៉ុនមួយចំនួនរួមមាន យូដូ(Judo) ជាដើម។
ម្យ៉ាងវិញទៀត កីឡាJiu Jitsuនេះមិនត្រូវបានដាក់ក្នុងការប្រកូកកីឡាអន្តរជាតិនោះទេ រហូតដល់ប៉ុន្មានឆ្នាំមុនពេលដែលគេបញ្ចូលវា ទៅក្នុងការប្រកួត កីឡាតំបន់អាស៊ីក្នុងប្រទេសថៃ ដែលមានជាង៤០ប្រទេសចូលរួមនោះ។
យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន ស្វាគមន៍គម្រោងបង្កើតសហពន្ធ័កីឡាJiu Jitsu នេះ។
«បាទ! ហ្អាហ្នឹងគាត់មានសិទ្ធិនិងសេរីភាពគ្រប់គ្រាន់ក្នុងការបង្កើត ឲ្យតែអ្នកជំនាញ គាត់ធ្វើការរឿងហ្នឹងគាត់ឯកភាព។ គាត់សាមគ្គីគ្នា រៀបចំទៅ យើងគណៈកម្មាធិការអូឡាំពិកខាងអីនេះ គឺចាំតែ ជួយជំរុញគាត់រៀបចំឲ្យគាត់ជាសមាគម ជាសហព័ន្ធអីទេ។ តែសំខាន់លើគាត់ទេ ព្រោះសិទ្ធិក្នុងការរៀបចំ បង្កើតកីឡាអីមួយ គឺនៅលើអ្នកជំនាញ។ គាត់ប្រមូលផ្ដុំគ្នាទៅ គាត់អាចបង្កើតបានហើយ»។
ថ្មីៗនេះ ក្លឹប BJJ កម្ពុជា បានព្យាយាមបង្កើនការហ្វឹកហាត់របស់ខ្លួនបន្ថែមទៀតនិងបង្កើតឲ្យមានការហ្វឹកហាត់ពិសេសដែលមានគ្រូបង្ហាត់ដ៏ល្បីពីសហរដ្ឋអាមេរិកគឺលោក Chris Haueter។
លោក Chris Haueterដែលបានធ្វើការបង្វឹកពិសេសខ្លីមួយក្នុងប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទសប្ដាហ៍កន្លងទៅ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការរីកដុះដាលនៃកីឡាបោកចំបាប់ប្រភេទថ្មីនេះ ដោយចាត់ទុកថាកីឡាដែល«ប្រើប្រាជ្ញានិងភាពស្មោះត្រង់មួយ»នេះ នឹងជួយនាំមកនូវភាពស្និទ្ធស្នាលបន្ថែម រវាងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជានិងជនជាតិខ្មែរ។
តាមរយៈអ៊ីមែលមកកាន់ VOA លោក Chris Haueter បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ខ្ញុំមានអារម្មណ៍រីករាយនិងរំភើបចំពោះអ្វីដែលលោក វិវត្តថានា បានធ្វើ។ ខ្ញុំសង្ឃឹមថា គាត់នឹងអាចធ្វើឲ្យគម្រោងនេះដើរបន្តទៀតសម្រាប់អ្នកក្នុងស្រុក ក៏ដូចជាជនបរទេសក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែការស្នាក់នៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ ហាក់ ដូចជាខ្លីពេក។ ហើយការមកកាន់ប្រទេសកម្ពុជារបស់ Peter ក៏មិនសូវជាទៀងទាត់ ប៉ុន្តែគាត់មានការចាប់អារម្មណ៍នឹងកីឡាJiu Jitsu និងសារព័ត៌មានណាស់។ ខ្ញុំគិតថា វីវត្តថានា នឹងអាចបន្តវេននេះ។ ច្បាស់ណាស់ថា គាត់មានស្រលាញ់កីឡានេះ ហើយគាត់ក៏ជាជនជាតិខ្មែរមួយរូបផងដែរ»។
លោក Chris Haueter យល់ថា គួបផ្សំនឹងសកម្មភាពអង្គការសង្គមស៊ីវិលផ្សេងទៀត កីឡាJiu Jitsu នឹងអាចជួយព្យាបាលរបួសដល់អ្នកដែលនៅរស់រានពីសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ដែលបានអូសបន្លាយជិតបីទសវត្សរ៍ ហើយដែលទើបតែបញ្ចប់នាចុងទសវត្សរ៍ ១៩៩០នោះ។
លោក Chris Haueter បានបញ្ជាក់ក្នុងអ៊ីមែលកាលពីសប្ដាហ៍មុនយ៉ាងដូច្នេះថា៖
«ខ្ញុំដឹងពីអារម្មណ៍នៃការឈឺចាប់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិល ជាពិសេសមនុស្សចាស់ៗជំនាន់មុនដែលរងផលប៉ះពាល់ដោយផ្ទាល់។ ប្រជាជនកម្ពុជា គឺមានភាពតស៊ូ និងអត់ធ្មត់។ ហើយក៏មានភាពទន់ជ្រាយផងដែរ។ វាប្រហែលបណ្ដាលមកពីសង្គ្រាមក៏ថាបាន។ ខ្ញុំជឿជាក់ថា កីឡា Jiu Jitsu និងអាចជួយផ្សះផ្សាការឈឺចាប់នេះ»។
សម្រាប់លោក ខូវ វិវត្តនាវិញ លោកយល់ថាកីឡា Jiu Jitsuគឺជាសិល្បៈដ៏ទន់ភ្លន់មួយ និងអាចបង្កើនភាពជឿជាក់រវាងអ្នកហ្វឹកហាត់។ គ្រូបង្វឹក កូនកាត់បារាំងខ្មែរ រូបនេះក៏មានជំនឿចិត្តថា កីឡាបោកចំបាប់ប្រភេទថ្មីនេះ នឹងជួយបង្កើត សង្គមថ្មីមួយដែលមានភាពរឹងមាំជាងមុនទាំងផ្លូវកាយនិងចិត្ត។
«ខ្ញុំជឿជាក់ថា Jiu Jitsu អាចជួយដល់មនុស្សម្នា។ ពេលខ្ញុំ និយាយថា វាអាចជួយដល់មនុស្សបាន គឺថា វាជួយឲ្យពួកគេយល់ច្បាស់ ពេលដែលពួកគេហ្វឹកហាត់Jiu Jitsu។ ជារឿយៗ ពួកគេនឹងបំភ្លេចបញ្ហាប្រឈមក្នុងជីវិតរបស់ពួកគេ។ វាជួយឲ្យពួកគេរស់នៅក្នុងបច្ចុប្បន្ន។ វានឹងធ្វើឲ្យពួកគេចាប់ផ្ដើមរិះរកមធ្យោបាយដោះស្រាយបញ្ហានៅចំពោះមុខខ្លួន។ វានឹងជួយឲ្យពួកគេ ទុកចោលបញ្ហាពីអតីតកាលរបស់គេ ហើយដាក់បញ្ហាដែលពួកគេមានក្នុងពេលនេះទៅក្នុងការគិតនិងរកមធ្យោបាយដោះស្រាយ»។
លោកPeter Maguire ក៏យល់ស្របផងដែរថា កីឡាបោកចំបាប់Jiu Jitsu នឹងអាចជួយឲ្យអ្នកហ្វឹកហាត់គ្រប់គ្នា ផ្លាស់ប្ដូរការគិតនិងបង្កើតភាពវាងវៃរបស់ខ្លួន។
លោកបន្តថា កីឡានេះ ក៏នឹងអាចជួយបង្ហាត់អ្នកហ្វឹកហាត់ទាំងនោះឲ្យត្រៀមខ្លួនសម្រាប់ការតស៊ូក្នុងឆាកជីវិតផងដែរ។
«ជាអកុសល ភាពជឿជាក់លើខ្លួនឯងតិចតួចនិងកង្វះការជំរុញទឹកចិត្តគឺ ជាសត្រូវដ៏ចម្បងរបស់ជនគ្រប់រូបនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែពួកគេអាចគ្រប់គ្រងនិងជម្នះវាបានតាមរបៀប Jiu Jitsu។ កីឡាបោកចំបាប់និងក្លេ Jiu Jitsuបង្ហាត់អ្នកឲ្យចេះតស៊ូលើសង្វៀននិងតស៊ូជម្នះក្នុងជីវិតពិត»។
លោក Peter Maguire បន្ថែមថា ការហ្វឹកហាត់ Jiu Jitsu ក៏អាចជួយឲ្យ ពលរដ្ឋនិងយុវជនកម្ពុជា លេងកីឡាបានច្រើន ប្រសើរជាងការ អង្គុយនៅមុខកុំព្យូទ័រនិង ការប្រើប្រាស់ ទូរស័ព្ទចល័តរបស់ពួកគេជាប្រចាំនោះ៕