ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅពេល​ចូលឆ្នាំ​សកល​ ​ទាក់ទាញ​ទេសចរណ៍


អ្នក​សំដែង​​​ក្បាច់​​ប្រដាល់​​ខ្មែរ​​កំពុង​ហាត់​ក្នុង​​ពិធី​បុណ្យ​សមុទ្រ នៅឆ្នេរ​សមុទ្រ​​ក្រុងព្រះសីហនុ។​
អ្នក​សំដែង​​​ក្បាច់​​ប្រដាល់​​ខ្មែរ​​កំពុង​ហាត់​ក្នុង​​ពិធី​បុណ្យ​សមុទ្រ នៅឆ្នេរ​សមុទ្រ​​ក្រុងព្រះសីហនុ។​

កម្មវិធី​ហែល​ទឹកប្រណាំងគ្នា ​លេងបាល់ទះ​ ហាត់​ក្បាច់គុនគឺជា​ផ្នែកមួយ​នៃ​វិធីបុណ្យ​សមុទ្រ​នៅ​ឆ្នេរក្រុង​ព្រះ​សីហនុ កាលពី​ថ្ងៃសៅរ៍។​បុណ្យ​សមុទ្រ​នេះ​ធ្វើ​ចំពេល​ចូល​ឆ្នាំ​សកល ​ក្នុងគោលបំណងទាក់ទាញទេសរចណ៍។​

អ្នក​ទេសចរណ៍​ខ្មែរ​ម្នាក់​គឺ​លោកគឹម សេរីរតន៍​មក​ពីភ្នំពេញ​និយាយ​ថា៖

«បាទ ខ្ញុំឃើញ​ថា សប្បាយ ព្រោះ​បងប្អូន​យើង​មកច្រើន។ គាត់មក​ពី​គ្រប់ទិស​ទី​ទាំងអស់ តាំងពី​ភ្នំពេញ ខេត្ត​ផ្សេងៗ នៅ​តាម​តំបន់​ឆ្នេរគ្រប់​កន្លែង។ គាត់មក​ទាំងអស់ មក​លេង​តំបន់​ឆ្នេរ​ហ្នឹង។ អ្វីដែល​សប្បាយជាង​គេ​គឺ​មានអារម្មណ៍​ថា កម្ពុជា​យើង​មាន​បុណ្យថ្មី​មួយ​ទៀត​ហើយ​គឺ​បុណ្យ​សមុទ្រ»។

រីឯអ្នកស្រី​យូ សុផាន់ណា​មកពី​ខេត្ត​កំពង់​ឆ្នាំ​បន្ថែម​ថា៖

«ចា៎ មក​ដល់ទីនេះ ខ្ញុំ​ដឹង​ថា ទីនេះ​សប្បាយ។ ហើយ​សប្បាយ​ជាងគេ​តែ​ម្តង ព្រោះ​មានជនជាតិ​បរទេស ​ជនជាតិ​ជាច្រើន គ្រប់​បណ្តា​ប្រទេស​ទាំងអស់​មកលេង​នៅទីនេះ មកលេង​ខេត្ត ក្រុងព្រះ​សីហនុ​នេះ​តែម្តង»។

មាន​មនុស្ស​ប្រមាណ​៥ម៉ឺននាក់​ចូល​រួមបុណ្យ​សមុទ្រនេះ ដែល​មាន​ការ​បាញ់​កាំជ្រួច​ជ្វាលា​អបអរ​បុណ្យ​ចូល​ឆ្នាំ​សកល​ផង។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និយាយ​ថា៖

«អញ្ចឹង​ការ​ធ្វើបុណ្យ​នេះ ទីមួយ​គឺ​ឃោសនាការ​អំពី​សក្តានុពល​ទេសចរណ៍​តំបន់​សមុទ។ គ្រប់​ប្រទេស​ទាំងអស់​ ក្រោយពី​បាន​ធ្វើបុណ្យ​ឆ្នេរហើយ​តែងតែ​មាន​ភ្ញៀវ​ទេសចណ៍​កើនឡើង​យ៉ាងតិច​១៥%។ ឆ្លង​តាម​បុណ្យ​នេះ យើង​បំផុស​ស្មារតី​ប្រជាជន ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ចូល​រួម​ការពារ ​និង​អភិវឌ្ឍ​តំបន់​សមុទ្រ»។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរណ៍​ជាតិ​៥០ម៉ឺននាក់ និង​អ្នកទេស​ចរណ៍​អន្តរជាតិ​១០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​បាន​ទៅ​ទេសចណ៍​ឆ្នេរក្រុង​ព្រះសីហនុ។

ឆ្នេរក្រុង​ព្រះសីហនុ​ត្រូវ​បាន​ក្លឹបឆ្នេរ​ពិភពលោក​ចាត់​បញ្ចូល​ក្នុង​ចំណោម​ឆ្នេរ​ល្អ​បំផុត។

ការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​បណ្តេញ​ប្រជាជន​ពីផ្ទះ​សម្បែង

និង​ការរុះ​រើតូប​របស់​អាជីវករ​ជាច្រើន ​ដែល​នាំឲ្យ​មាន​ការ​តវ៉ា​របស់​ប្រជាជន និង​ការរិះគន់​ពី​អង្គការសង្គមស៊ីវិល​អំពី​ការ​រំលោព​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG