របាយការណ៍​ថ្មី​រកឃើញ​ថា​អង្គការ​សង្គម​ស៊ីវិល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សូកប៉ាន់

  • ហេង ​រស្មី

ទិដ្ឋភាព​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​​នៅវិមាន​រដ្ឋាភិបាល​នា​ក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។​

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ឯក​រាជ្យ​ចំនួន​៥​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចេញ​របាយការណ៍​វាយតម្លៃ​មួយ​ដោយ​រក​ឃើញ​ថា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ប្រមាណ​ពី​២០០​ទៅ​១០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ជូន​បុគ្គលិក​រាជការ​របស់​រដ្ឋាភិបាលដើម្បី​សម្រួល​ការងារ​ប្រតិបត្តិការ។

លោក​ សឿង សារឿន​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ដែល​ហៅ​កាត់​ថា«​គសក»បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ការ​តម្រូវ​ឱ្យបង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​វាបាន​ប៉ះពាល់​ដល់​ក្រម​សីលធម៌​ដែល​មាន​ការ​ទំនាក់​ទំនង​រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ។​

លោក​បាន​ឱ្យដឹង​ថា​អ្វី​ដែល​ប៉ះ​ពាល់​ខ្លាំង​គឺ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រវាង​អ្នក​សូក​ប៉ាន់​និង​អ្នក​ទទួល​សំណូក​ហើយ​អ្នក​ទាំង​ពីរ​នឹង​ទទួល​ទោសដូច​គ្នា។​

លោក​បានបញ្ជាក់​ទៀត​ថា​បើ​យើង​មិន​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ទេ​ដំណើរ​ការ​មិន​អាច​ទៅ​បាន​លឿនទេ។​

លោក​និយាយ​ថា៖​«​ជាទូទៅ​បើ​យើង​មើល​MoU​ចន្លោះ​ពី​២០០​ដុល្លារ​ទៅ​១០០០​ដុល្លារ។​បើ​យើង​ចង់​ចុះ​បញ្ជី​អ្វី​ឱ្យបាន​ហ្នឹង​ចន្លោះ​ពី​២០០​ទៅ​១០០០​ដុល្លារ​ដែល​តម្រូវ​ឱ្យអង្គការ​សង្គម​ស៊ីវិល​បង់​ចូល​ទៅ​ហោប៉ៅ​របស់​មន្ត្រី​ហ្នឹង»។

ប្រទេស​កម្ពុជា​មាន​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​៤.០០០​អង្គការ​និង​សមាគមតែតាម​ការ​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​ឱ្យដឹង​ថា​មាន​អង្គការ​ប្រមាណ​១.៥៥០​ទេ​ដែល​មាន​សកម្មភាព​ប្រតិបត្តិ​របស់​ខ្លួន​ចំណែក​ប្រមាណ​ជាង​២.០០០​អង្គការផ្សេងទៀត​អសកម្ម​នៅ​ឡើយ។​

នៅ​ក្នុង​សេចក្តី​ព្រាង​របាយការណ៍​ស្តីពី​ការ​វាយ​តម្លៃ​បរិយាកាស​អំណោយ​ផល​សម្រាប់​សង្គម​ស៊ីវិល​ដែល​រៀប​ចំឡើង​ដោយ«គសក»ដែល​បាន​សិក្សា​ស្រាវជ្រាវ​ប្រមាណ​ជាង​២ខែបាន​ឱ្យដឹង​ថា​បញ្ហា​ប្រឈម​មុខ​សំខាន់ៗ​ទាក់ទឹន​នឹង​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​រួម​មាន​កាតព្វកិច្ច​រាយការណ៍​ស្មុគស្មាញ​និង​សាំញ៉ាំ​ និង​ការ​យារយី​ម្តងម្កាល​លើ​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​ក្នុង​ការ​ងារ​សិទ្ធិ​មនុស្ស។​

លោក​ មាស សារឹម​ អគ្គនាយក​រង​នៃ​នាយកដ្ឋាន​រដ្ឋបាល​មូល​ដ្ឋាន​របស់​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ចាត់​ទុក​អង្គការ​និង​សមាគម​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ។ ក៏ប៉ុន្តែ​រឿង​គាប​សង្កត់​និង​យក​ប្រាក់​ក្រៅ​ផ្លូវការ​មិន​មាន​ទេ។​

លោក​និយាយ​ថា៖​«អាហ្នឹង​អត់​មាន​ទេ​ប៉ុន្តែ​ត្រង់​ថា​គេ​ចំណាយ​ចាយ​វាយ​ក្រៅ​ផ្លូវ​ការ​យ៉ាង​ម៉េច​ខ្ញុំ​អត់​ដឹង​ទេ»។

លោក​ រ៉ុង ឈុន​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា​សមាគម​របស់​លោក​មិន​ដែល​បាន​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ជូន​មន្ត្រី​រដ្ឋាភិបាល​ទេក៏ប៉ុន្តែ​បើ​មាន​អង្គការ​សមាគម​ណាផ្សេង​បាន​បង់​ប្រាក់​នោះ​នឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​ខ្លួន​ក្នុង​ការ​ប្រតិបត្តិ​ការងារ។​

លោក​និយាយ​ថា៖​«វាប៉ះពាល់​ដល់​ដំណើរការ​ការងារ​ពីព្រោះ​យើង​ជា​អង្គការ​ក្នុង​ការ​ចូល​រួម​កែលម្អ​សង្គម​បែរ​ជាយើង​ទៅ​ធ្វើ​ការ​ផ្តល់​សំណូក​ឃើញ​ថា​វា​ជារឿង​មួយ​មិន​ត្រឹម​ត្រូវ»។​

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​បំភ្លឺ​បាន​ទេ។

អង្គការ​តម្លាភាព​កម្ពុជា​ដែល​ជា​អង្គការ​ឯករាជ្យ​មួយ​តាម​ឃ្លាំមើល​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែកក្កដា​ដោយ​បាន​រក​ឃើញ​ស្ថាប័ន​ចម្បងៗ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ខ្លាំងជាង​គេ។​ ស្ថាប័ន​ទាំង​នោះ​រួម​មាន​ ស្ថាប័ន​តុលាការ​ ប៉ូលិស​ មន្ត្រី​សាធារណៈ​ និង​គណបក្ស​នយោបាយ៕