រយៈពេលជិត៥ខែហើយដែលសេវាកម្មរថយន្តក្រុងសាធារណៈបានចាប់ដំណើរការដឹកជញ្ជូនអ្នកដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សប៉ុន្តែសេវាកម្មនេះហាក់ដូចជានៅតែមិនទាន់បានផ្លាស់ប្តូរផ្នត់គំនិតអ្នកក្រុងភ្នំពេញជាដុំកំភួននៅឡើយ។
ម៉ោងប្រមាណជាង ៨កន្លះព្រឹកនៅត្រង់ចំណតរថយន្តពេទ្យចិន គេសង្កេតឃើញមានអ្នកដំណើរប្រហែលពីរនាក់ប៉ុណ្ណោះដែលរង់ចាំធ្វើដំណើរ។ អ្នកដំណើរត្រូវឈរង់ចំាប្រហែលជាង ១៥នាទីទើបមានរថយន្តក្រុងមកដល់។
លោកវី រ៉ង់ អាយុ២២ឆ្នាំ គឺជាអតិថិជនជាប្រចាំរបស់រថយន្តក្រុងសាធារណៈ។ ពាក់អាវពណ៍ក្រហមឆ្នូតខ្មៅ កម្មករផលិតផ្ទាំងផ្សាយពាណិជ្ជកម្មរូបនេះបានដើរឡើងរថយន្តឆ្ពោះទៅកាន់គល់ស្ពាន ផ្សារច្បារអំពៅ។ នៅទីនេះគឺជាចំណតចុងក្រោយរបស់រថយន្តក្រុងដែលចេញដំណើរពីគល់ស្ពានជ្រោយចង្វា។
ក្នុងមួយថ្ងៃៗលោក វី រ៉ង់ ត្រូវធ្វើដំណើរពីរដងតាមរថយន្តក្រុង។ លោកហៅ ការធ្វើដំណើរនេះថាមានសុវត្ថិភាពនិងចំណាយប្រាក់តិច។
លោកបញ្ជាក់ថា៖«ពីមុនខ្ញុំជិះមុនដំបូងខ្ញុំឃើញអត់ច្រើនផង។ឥឡូវមនុស្សរឹតតែច្រើន»។
លោកបានបន្ថែមថាលោកសង្កេតឃើញអ្នកធ្វើដំណើរមានច្រើននិងតិចទៅតាមទំហំរថយន្តតូចឬធំ។
សំបុត្ររថយន្តក្រុងក្នុងមួយជើងតម្លៃ១.៥០០រៀលក្នុងចម្ងាយផ្លូវប្រវែង៧គីឡូម៉ែត្រ។ ប៉ុន្តែថ្លៃសេវាដឹកជញ្ជូននឹងថ្លៃជាងនេះពីបួនទៅប្រាំដងប្រសិនបើគេប្រើប្រាស់សេវាដឹកជញ្ជូនផ្សេងពីរថយន្តក្រុង។
កំពុងអង្គុយនៅកៅអីជួរខាងក្រោយលោក វី រ៉ង់ លោកសុខ គួន ជាយោធាប្រចាំខេត្តកំពង់ឆ្នាំង។ លោកតែងធ្វើដំណើរជាប្រចាំតាមរថយន្តក្រុងសាធារណៈស្ទើររៀងរាល់អាទិត្យពេលដែលលោកចេញពីផ្ទះរបស់លោកនៅម្តុំផ្សារច្បារអំពៅឆ្ពោះទៅខេត្តកំពង់ឆ្នាំង។
លោកបញ្ជាក់ថា៖ «ជិតពេញកៅអីឡានហ្នឹងតែម្តង មនុស្សកើនពីមួយថ្ងៃទៅមួយថ្ងៃដូចជាខ្ញុំជាដើមហ្នឹងពេលទៅកន្លែងធ្វើការម្តងខ្ញុំអត់ជិះម៉ូតូរបស់ខ្ញុំទេខ្ញុំសុខចិត្តជិះឡានក្រុងដោយសារវាធានាសុវត្ថិភាព»។
លោកឈាង ចាន់ថូអាយុ ៤១ អ្នកបើកបររថយន្តថ្លែងថាចំនួនអ្នកធ្វើដំណើរក្នុងមួយថ្ងៃៗសរុបច្រើនជាង១០០នាក់។ ភាគច្រើនគឺជាក្រុមអ្នកធ្វើការរដ្ឋ។
ពាក់អាវពណ៍ឈាមជ្រូក មួកខៀវអ្នកបើកបររថយន្តដដែលបន្ថែមថាប្រៀបធៀបនឹងពេលដែលចាប់ផ្តើមដំបូងចំនួនអតិថិជនកើនឡើង។
«មនុស្សអត់ធ្លាក់ថយអ្វីទេ លើកលែងតែថ្ងៃសៅរ៍ថ្ងៃអាទិត្យគេអត់ធ្វើការ អាហ្នឹងវាថយបន្តិច។ បើថ្ងៃធម្មតាៗភ្ញៀវនៅតែដដែល»។
អង្គុយនៅជ្រុងម្ខាងនៃផ្នែកខាងក្រោយរថយន្តក្រុងនេះ កញ្ញាសួន ស្រីពេជ្រអាយុ២៤ឆ្នាំគឺជាអ្នកត្រួតពិនិត្យរថយន្តក្រុង។ អ្នកត្រួតពិនិត្យរូបនេះនិយាយថាចំនួនអ្នកធ្វើដំណើរដែលភាគច្រើនមកពីចម្រុះមជ្ឈដ្ឋានហើយពេលវេលាមមាញឹកគឺនៅម៉ោង៨ព្រឹក និងម៉ោង៦ល្ងាច។
«ច៎ាកើនឡើង កាលពីមុនយើងមិនសូវមានការផ្សព្វផ្សាយចឹងប្រជាពលរដ្ឋជាពិសេសអ្នកមកពីខេត្តគាត់អត់សូវដឹង ឥឡូវយើងផ្សព្វផ្សាយគេដឹងច្រើនប្រជាពលរដ្ឋគាត់ក៏គាំទ្រច្រើនដែរ»។
អ្នកស្រីសុខ លៀបអាយុ៤១ឆ្នាំជាមន្ត្រីបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលបន្ថែមថា៖ «បើតាមអ្វីដែលមីងសង្កេតឃើញគឺថាបើម៉ោង៥ ឬ៦វិញគឺថាមនុស្សច្រើនដល់យើងត្រូវឈរ»។
លោកស្រីមើលឃើញសេវាកម្មរថយន្តក្រុងលើសពីការគ្រាន់តែដឹកអ្នកដំណើរ។ លោកស្រីយល់ថាវាជាមោទនភាពមួយរបស់ប្រទេសជាតិ៖ «ខ្មែរយើងគួរមានឡានក្រុងចឹងកុំឲ្យចាញ់ប្រទេសគេ»។
ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញនិងអង្គការចៃកា(JICA)សេវាកម្មរថយន្តក្រុងសាកល្បង បានចាប់ដំណើរការកាលពីថ្ងៃទី០៤ ខែកុម្ភៈដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ១០គ្រឿង។គោលបំណងនៃការដាក់សេវាកម្មរថយន្តក្រុងសាធារណៈនេះគឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងក្រុង។ប៉ុន្តែកិច្ចសហការនោះត្រូវបានបញ្ចប់ក្រោយពីរយៈពេលសាកល្បងមួយខែ។
ក្នុងពេលបច្ចុប្បន្នសាលារាជធានីភ្នំពេញសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញដើម្បីបន្តដំណើរការសាកល្បងលើសេវាកម្មរថយន្តក្រុងសាធារណៈនេះ។
កាលពីពេលថ្មីៗនេះក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា Global Development Cambodia ក៏ធ្លាប់បានធ្វើការចរចាដើម្បីបន្តគម្រោងរថយន្តក្រុងសាធារណៈនេះ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ ភាគីក្រុមហ៊ុនបានអៈអាងថាដោយសារបញ្ហាបច្ចេកទេសដែលពាក់ព័ន្ធនិងកិច្ចព្រមព្រៀង។
យ៉ាងណាមិញលោក ឡុងឌីម៉ង់អ្នកនាំពាក្យសាលាក្រុងភ្នំពេញថ្លែងថាសាលាក្រុងគ្រោងនឹងចាប់ពង្រីកផ្លូវរត់របស់រយន្តក្រុងបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ។ លោកបន្ថែមថាចំនួនអ្នកធ្វើដំណើរបានកើនឡើងជាមធ្យមៗក្នុង១ថ្ងៃមានអ្នកធ្វើដំណើរសរុបប្រហែលជាង១៣០០នាក់។
លោកបន្ថែមថា៖ «សម្តែងឲ្យឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋ មួយថ្ងៃជាមធ្យម១២០០ ១៣០០នាក់ បើសិនជាខ្សែរត់បន្ថែមទៀតខ្ញុំជឿជាក់ថាប្រជាពលរដ្ឋនឹងបន្តការគាំទ្រ។ អនុសាសន៍របស់ប្រជាពលរដ្ឋកន្លងមកយើងឃើញថាគាត់ចង់មានខ្សែររត់បន្ថែមទៀត»។
អ្នកនាំពាក្យរូបនេះឲ្យដឹងថាសាលាក្រុងបានបញ្ជាទិញរថយន្តក្រុងចំនួន ៤០គ្រឿងពីប្រទេសកូរ៉េខាងត្បូងដើម្បីឆ្លើយតបនឹងផែនការពង្រីកខ្សែដឹកជញ្ចូនអ្នកដំណើរនៅក្នុងទីក្រុងភ្នំពេញដូចជា ការពង្រីកខ្សែរថយន្តនៅតាមផ្លូវមុន្នីវង្សរហូតដល់ក្រុងតាខ្មៅ បន្ថែមខ្សែរថយន្តតាមបណ្តោយផ្លូវកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុងជាដើម៕