រដ្ឋអាជ្ញាប៊ែលហ្ស៊ិក បានចោទប្រកាន់បុរសម្នាក់ដែលប៉ុនប៉ងបើករថយនុ្តក្នុងល្បឿនលឿនកាលពីថ្ងៃព្រហស្បតិ៍បុកទម្លាយមជ្ឈមណ្ឌលលក់ដូរនៅក្នុងក្រុង Antwerp ពីបទវាយប្រហារភេរវកម្ម រួមមានការប៉ុនប៉ងឃាតុកម្មផងដែរ។
ពលរដ្ឋជនជាតិបារាំងម្នាក់ អាយុ៣៩ឆ្នាំ ដែលមានឈ្មោះថា Mohamed R. បានរងការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាតុកម្មក្នុងរបៀបភេរវកម្ម ជាការប៉ុនប៉ងមួយដើម្បីបុកនិងធ្វើឲ្យមនុស្សរបួសតាមរបៀបភេរវកម្ម។ នេះតាមការបញ្ជាក់របស់ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធកាលពីថ្ងៃសុក្រ។
ប៉ូលិសបានរកឃើញកាំបិទនិងកាំភ្លើងនៅក្នុងរថយន្តរបស់ Mohamed។
ជននោះក៏ស្ថិតនៅក្រោមឥទ្ធិពលអ្វីមួយនៅពេលដែលជននោះបានត្រូវចាប់ខ្លួន ហើយមានសេចក្តីរាយការណ៍ថា ជននោះបានស្ថិតនៅក្នុងស្ថានភាពមិនអាចនិយាយជាមួយប៉ូលិសបានរហូតទាល់ថ្ងៃបន្ទាប់ ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងពីសារធាតុនោះពិតប្រាកដទេ។
ប្រភពប៉ូលិសបារាំង បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាជនសង្ស័យនោះមិនអាចព្យាយាមបុកមនុស្សណាទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ បានបើករថយន្តយ៉ាងលឿនដើម្បីបញ្ចៀសចំណុចឆែកឆេររបស់ប៉ូលិស ព្រោះតែជននោះត្រូវថ្នាំពុល។
មិនមានមនុស្សរងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ។ ប៉ុន្តែហេតុការណ៍នេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីរថយន្តមួយគ្រឿងដែលបានបើកក្នុងល្បឿនលឿនហើយបានសម្លាប់មនុស្សនៅជិតសភាអង់គ្លេសនៅលើស្ពាន Westminster នៃទីក្រុងឡុងដ៍ ហើយក៏មួយថ្ងៃ បន្ទាប់ពីខួបនៃការវាយប្រហារ២កន្លែងនៅក្នុងរដ្ឋធានីប្រ៊ុចសែល នៃប្រទេសប៊ែលហ្ស៊ិកដែលបានសម្លាប់មនុស្ស៣២នាក់កាលពីឆ្នាំទៅផងដែរ៕