ក្រសួង​កសិកម្ម៖ សត្វផ្សោតជំទង់​​មួយ​ក្បាល​​បាន​ស្លាប់​ ដោយសារ​ឧបករណ៍​ឆក់

រូបឯកសារ៖ ផ្សោត ​Irrawaddy​ ដែល​គេ​ស្គាល់​ថា​ជា​ផ្សោត​ទន្លេមេគង្គ​ហែល​ទឹក​ក្នុង​ទន្លេ​នៅ​ភូមិ​កំពី​ក្នុង​ខេត្ត​ក្រចេះ ចម្ងាយ ២៣០ គីឡូម៉ែត្រ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៧។

ករណី​បាត់​បង់​សត្វ​ផ្សោត​មួយ​ក្បាល​ទៀត​ក្នុង​ឆ្នាំ២០២៣​លើក​នេះ​ជា​ករណី​ដែល​បង្ក​ពី​ជន​ល្មើស​លួច​ប្រើ​ឧប​ករណ៍​ឆក់​ត្រី​ក្នុង​ទន្លេង​មេគង្គ​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​កសិ​កម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​បង្ហោះ​នៅ​លើ​បណ្តាញសង្គម​ហ្វេស​ប៊ុក​កាល​ពីថ្ងៃ​ទី​១៦​ ខែវិ​ចិ្ឆកា​ ឆ្នាំ​២០២៣​។

ករណី​សត្វផ្សោត​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ទន្លេ​មេគង្គ​នេះ​មិន​មែន​ជា​ករណី​ទី​មួយទេ​នៅ​ក្នុង​ឆ្នាំ​នេះ​ ពោល​គឺ​កាល​ពី​ខែ​មីនា ​ក៏​ធ្លាប់​មាន​សត្វ​ផ្សោតស្លាប់​ដោយ​សារ​ជាប់​មង​នេសាទ​ផង​ដែរ​។ ​ករណី​នៃការ​ស្លាប់​សត្វ​ផ្សោត​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ចំនួន​សត្វ​ផ្សោត​ដែល​បានស្លាប់​ក្នុង​ឆ្នាំ​២០២៣​នេះ​ កើន​ដល់​៥​ក្បាល​។​

បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋបាល​ជលផលនៃ​ក្រសួងកសិកម្ម សាក​សព​សត្វ​ផ្សោត​ដែល​បាន​ងាប់​កាល​ពី​ថ្ងៃទី១៥ ​ខែ​វិច្ឆិកា​នេះ គឺ​ជា​ផ្សោត​ឈ្មោល​វ័យ​ជំទង់​ អាយុ​ប្រមាណ​ ៧​ឆ្នាំ​ ប្រវែង​១,៩៤​ម៉ែត្រ ទម្ងន់​ ៦៥​គីឡូ​ក្រាម​។ សាក​សព​ផ្សោត​នោះត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ភូមិ​កោះ​ជ្រឹម​ ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង​។

រដ្ឋបាល​ជលផល​បាន​បញ្ជាក់​ឲ្យដឹងនៅ​ក្នុង​សេចក្តីប្រកាស​ចុះ​ផ្សាយ​កាល​ពី​ព្រហស្បតិ៍​ ​ថា សត្វ​ផ្សោត​ខាង​លើ​បាន​ស្លាប់ដោយ​សារ​ «ឧប​ករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំ​ៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។ លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ឆ័យ​នេះ​ បានមក​ពីការ​សហការ​រវាង​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ជលផល​ និងអង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស​សត្វព្រៃ​និង​ធម្ម​ជាតិ​កម្ពុជា ​ហៅ​កាត់​ថា​ WWF ​កម្ពុជា ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹង​ត្រែង​លោក​ ម៉ែន គុង ប្រាប់​វីអូអេ​ថា​ មក​ទល់​ពេល​នេះ​អាជ្ញា​ធរ​ខេត្ត​ស្ទឹង​ត្រែង​ មិន​ទាន់​ចាប់​បាន​ជន​ល្មើស​នៅ​ឡើយ​ទេ​។ លោក​បន្ថែមថា​ អាជ្ញា​ធរ​ និង​មន្រ្ដី​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​សកម្ម​ភាព​ល្មើសនឹង​ការ​នេសាទដែល​បង្កការ​ស្លាប់​លើ​សត្វ​ផ្សោត​នេះ។ ​

លោកថ្លែងថា​៖ « អាហ្នឹង​អាស្រ័យ​ទៅ​លើ​ការ​រក​ឃើញ​ ហើយ​និង​ករណី​ដែល​ធ្វើ​ឲ្យ​ស្លាប់​សត្វ​ផ្សោត​នេះ​ តាម​សម្ថត​កិច្ច​ជំនាញ​សិន​ យើង​មិន​អាច​សន្និ​ដ្ឋាន​ថា​យ៉ាង​មិច​ចំពោះ​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ទេ»​។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា​ អ៊ឹម រចនា​ បាន​នៅឡើយ​ទេ។

នាយក​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​សត្វព្រៃ​និង​ធម្មជាតិ​កម្ពុជា ​ហៅ​កាត់​ថា​ WWF ​កម្ពុជា លោក​ សេង ទៀក ថ្លែងថា ការ​រស់​រាន​របស់​ផ្សោត​វ័យ​ជំទង់​មាន​សារៈ​សំខាន់​ក្នុង​ការ​បន្ត​ពូជ​ប្រភេទ​សត្វកម្រមួយ​នេះ។ លោក​បាន​ជំរុញ​ឲ្យ​មាន​ការបន្ត​ផ្សព្វ​ផ្សាយ និង​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​ ដើម្បី​ការពារ​មិន​ឲ្យ​កើត​មាន​គ្រោះថ្នាក់​លើ​សត្វ​ផ្សោតដទៃ​ទៀត​នៅ​ថ្ងៃ​មុខ​។

លោក​ប្រាប់​វីអូអេ​ថា​៖ «បញ្ហា​នេះ​គឺ​ចំាបាច់​ណាស់​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ជា​ពិសេស​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​កាត់​បន្ថយ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ ឬ​ក៏​បញ្ឈប់​ទៅ​លើ​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ផ្សោត​រស់​នៅ​»។

លោក​បន្ថែម​ថា នៅ​ក្នុង​ខែ ១១ និង​ខែ១២នេះ​ ជារដូវ​ដែល​ត្រី​ឡើង​ពី​តំបន់​ទន្លេ​សាប​ទៅ​តំបន់​ទន្លេ​មេគង្គ។ហេតុ​ដូច្នេះ លោក​សំណូម​ពរ​ដល់​ប្រជា​ជន​នៅ​តំបន់​នោះ​សូម​បញ្ឈប់​ការ​ប្រើ​ឧប​ករណ៍​នេសាទ​ខុស​ច្បាប់​ ។

សត្វ​ផ្សោត​ទន្លេ​មេគង្គ​ គឺ​ជា​រតនៈ​សម្បត្តិ​ធម្មជាតិ​មាន​ជីវិត​ ​ដែល​មាន​ប្រមាណ​ ៩០​ក្បាលរស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ នៃ​ខេត្ត​ក្រចេះ និងខេត្តស្ទឹងត្រែងរបស់​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​អង្គការ​ WWF កម្ពុជា​។ បើ​តាម​សេចក្តីប្រកាស​របស់​រដ្ឋបាល​ជលផល​ ដំណាល​គ្នា​នឹង​មាន​ការ​ស្លាប់​សត្វផ្សោត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០២៣នេះ​ ​សត្វផ្សោត​ចំនួន​៨ក្បាល​ក៏បាន​កើត​នៅឆ្នាំ​ដដែល​នេះ​ផង​ដែរ៕