នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានអំពាវនាវកាលពីថ្ងៃចន្ទឱ្យមានការបោះឆ្នោតមុនកាលកំណត់ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះសម្រាប់អាណត្តិមួយដែលកាន់តែខ្លាំងជាងមុនសម្រាប់គណបក្សរបស់លោក ហើយនឹងធ្វើឱ្យមានស្ថិរភាពសម្រាប់ទិដ្ឋភាពនយោបាយដ៏រង្គោះរង្គើដែលបានកើតមានឡើងនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយ: ពេល ៤ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រញាប់ប្រញាល់របស់គណបក្សកាន់អំណាចម៉ាឡេស៊ីនៅក្នុងការចង់ឱ្យមានការបោះឆ្នោតមុនកាលកំណត់នេះបានធ្វើឡើងនៅចំពេលដែលសេដ្ឋកិច្ចដែលនៅកំពុងរើបឡើងពីវិបត្តិជំងឺកូវីដ១៩នៅឡើយបានចាប់ផ្តើមជួបប្រទះការលំបាកដោយសារតម្លៃទំនិញកើនឡើងនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅលើពិភពលោក។
ការបោះឆ្នោតនៅម៉ាឡេស៊ីសម្រាប់អាណត្តិបន្ទាប់ជាផ្លូវការគឺចូលមកដល់នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ក៏ប៉ុន្តែលោក Ismail បានរងសម្ពាធកាន់តែខ្លាំងពីក្រុមមួយចំនួននៃគណបក្សចម្រុះរបស់លោកដែលជំរុញឱ្យលោកធ្វើការបោះឆ្នោតមុនកាលកំណត់ដោយសារតែមានជម្លោះនិងការប្រជែងនៅក្នុងរង្វង់គណបក្ស។
នៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍ លោក Ismailបានថ្លែងថា ព្រះមហាក្សត្របានយល់ព្រមតាមសំណើរបស់លោកដើម្បីរំលាយសភាកាលពីថ្ងៃចន្ទ ហើយកាលបរិច្ឆេទនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសដោយគណ:កម្មការរៀបចំការបោះឆ្នោត។
ការបោះឆ្នោតនេះត្រូវតម្រូវឱ្យធ្វើឡើងនៅក្នុងរយ:ពេល ៦០ ថ្ងៃបន្ទាប់ពីសភាត្រូវបានរំលាយ។ ចំនួនពលរដ្ឋដែលចេញមកបោះឆ្នោតអាចមានចំនួនតិចជាងប្រក្រតី ប្រសិនបើកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានគេជ្រើសរើសធ្វើឡើងនៅក្នុងអំឡុងរដូវមូសុងនៃដំណាច់ឆ្នាំនេះ។
លោក Ismail បានបញ្ជាក់ថា លោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់នេះដើម្បីបញ្ចប់ចម្ងល់នានាទាក់ទិននឹងភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់លោក និងដើម្បីប្រគល់អំណាចឱ្យប្រជាពលរដ្ឋវិញ។
លោកថ្លែងដូច្នេះថា៖ «អំណាចរបស់ប្រជាពលរដ្ឋគឺជាថ្នាំបន្សាបដ៏មានឥទ្ធិពលសម្រាប់ប្រទេសម៉ាឡេស៊ីនៅក្នុងការសម្ដែងឱ្យឃើញនូវស្ថិរភាពនយោបាយនិងបង្កើតនូវរដ្ឋាភិបាលមួយដែលមានភាពខ្លាំងក្លា ស្ថិរភាព និងការគោរពនៅក្រោយការបោះឆ្នោតថ្នាក់ជាតិ»៕