សមាជិក​សភា​ម៉ាឡេស៊ី​ទទូច​ឱ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ខណៈ​ការបោះ​ឆ្នោត​ខិតជិត​មក​ដល់

រូបភាព ថតពីគេហទំព័រ ASEAN Parliamentarians for Human Rights នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។

នៅ​មុន​ការ​បោះឆ្នោត​សភា​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ​ សមាជិក​សភា​របស់​ម៉ាឡេស៊ី​មួយ​រូប​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ពិនិត្យ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​នេះ​ ​ហើយ​អះអាង​ថា​ ម៉ាឡេស៊ី​មាន​តួនាទី​ក្នុង​ការ​ធានា​ឲ្យ​បាន​ដំណើរការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ​ត្រឹម​ត្រូវ​នៅ​ក្នុង​តំបន់។

ក្នុង​ពេល​ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ចុង​ខែ​កក្កដា​នេះ​ ក្រុម​តំណាង​រាស្ត្រ​របស់​សភា​ម៉ាឡេស៊ី​មួយចំនួន​ ​បាន​ទទូច​ស្នើ​រដ្ឋាភិបាល​ខ្លួន​ឲ្យ​មាន​វិធាន​ការ ​ដែល​អាច​នាំឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​មុន។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រុម​សមាជិក​សភា​ដើម្បី​សិទ្ធិ​មនុស្ស​ ​(ASEAN Parliamentarians for Human Rights)។​

សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ស្រង់​ការ​ថ្លែង​របស់​លោក Wong Chen ស​មាជិក​របស់​គណបក្ស​យុត្តិធម៌​ប្រជាជន​នៃ​ក្រុម​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​ ​Pakatan Harapan​ ​បាន​បង្ហាញ​ពីការ​បារម្ភ​របស់​លោក​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​និង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ខ្លួន​ក្នុង​បញ្ហា​នេះ។

លោក​ ​Wong​ ​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖

«ខ្ញុំ​ចង់​ទាញ​យក​ការ​យកចិត្ត​ទុកដាក់​របស់​ក្រសួង​ទៅ​លើ​ការ​វិវត្ត​នានា​នៃ​នយោបាយ​នៅ​ប្រ​ទេស​កម្ពុជា។​ ​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ហាមឃាត់​មិន​ឲ្យមន្ត្រី​ជា​ច្រើន​របស់​គណបក្ស​នេះ​ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ»។​

លោក​ ​Wong​ ​បាន​និយាយ​បន្ត​ថា៖​

«ខ្ញុំ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ីកាន់​ជំហរ​ដែល​មាន​សកម្ម​ភាព​មួយ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ដូចអ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ស្តីពី​បញ្ហា​ជន​ភៀស​ខ្លួន​របស់​អម្បូរ​រ៉ូហ៊ីងញ៉ា ​នៅ​ក្រោម​រដ្ឋបាល​លោក​ Najib»។​

លោក ​Wong Chen ​បាន​បញ្ជាក់​ទៀត​ថា​ រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​ មាន​តួនាទី​ដើម្បី​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត។

លោក​ត្រូវ​បាន​ស្រង់​សម្តី​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​ជឿ​ថា​ យើង​ ក្នុង​នាម​ជា​រដ្ឋាភិបាល​ថ្មីមួយ​ បាន​ជំពាក់​តួនាទី​មិនត្រឹម​តែ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះឆ្នោតរបស់​យើង​ទេ​ ដើម្បី​ធានា​បាន​យុត្តិ​ធម៌​ និង​លើក​តម្កើង​លទ្ធិ​ប្រជា​ធិបតេយ្យ​ តែ​យើង​ក៏ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សេរី ​និង​ត្រឹមត្រូវ​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ ​រាប់​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​គណបក្ស​ជំទាស់​ធ្លាប់​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ជាង​៤០​ភាគ​រយនោះ​ ត្រូវ​ផាត់​ចេញ​ពីការ​បោះឆ្នោត​នេះ។​ ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា​ដែលមានសមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាចគឺ​ប្រជាជនកម្ពុជា​នោះ​ ​តែងតែ​ច្រាន​ចោលការ​រិះគន់​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​នានា​ ​ដែល​រាប់​បញ្ចូល​ទាំង​អ្នកស្រី​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​បាន​ប្រកាស​ច្បាស់ៗ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​មិន​មែន​ជាការ​បោះឆ្នោត​ពិត​ប្រាកដ​នោះ​ឡើយ​ ​នៅពេល​គណ​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យចូល​រួម​ប្រកួត​ប្រជែង​នោះ។

ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ ​ប្រេដ អាដាមស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ធ្លាប់​ថ្លែង​រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជាលើ​គណនី ​Twitter​ ​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖

«ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​នៅ​ប្រទេស​កម្ពុជា​នោះ​ ​ គណ​បក្ស​ប្រជាជន​កម្ពុជាទំនង​ជា​មិន​គ្រាន់​តែ​ហាម​ឃាត់​គណបក្ស​ប្រឆាំង​ ​មិន​គ្រាន់​តែគ្រប់គ្រង​រាល់​ស្ថាប័ន​បោះឆ្នោត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ឥឡូវនេះ​ គណបក្ស​ប្រជា​ជន​កម្ពុជា​ថែម​ទាំង​ដាក់​ពង្រាយឧត្តម​សេនីយ៍​ដ៏​អាស្រូវ​ជាច្រើន​នាក់​ឲ្យ​ឃោសនា​ទាំង​ខុស​ច្បាប់ ​និង​គំរាម​កំហែង​ពលរដ្ឋ​ឲ្យ​ទៅបោះ​ឆ្នោត​ទៀត​ផង»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី​គួរ​អាន​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ឡើង​វិញ​ ​ហើយមិន​ត្រូវ​ឈឺ​ឆ្អាល​កិច្ច​ការ​នយោបាយ​របស់​ប្រទេស​ដែល​ជារដ្ឋ​សមាជិក​របស់​អាស៊ាន​ ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​ថា​ ​ សមាជិក​នីមួយៗ​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​នោះ​ឡើយ។

«ការណ៍​ដែល​លូក​មាត់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​គឺ​ជា​ការ​រំលោភ​ធម្មនុញ្ញ​នៃ​សមាគម​អាស៊ាន។​ គាត់​គ្មាន​តួនាទី​អី​ទាំង​អស់​មកគ្រប​ដណ្តប់​លើ​ឯករាជ្យ និង​អធិប​តេយ្យ​ភាព​របស់​កម្ពុជា។ ​សុំ​ធ្វើ​ម៉េច​ឲ្យតែប្រ​ទេស​គាត់​ហ្នឹង​វា​បាន​សុខ​ស្រួល​ទៅ​ កុំ​ឲ្យទាស់​គ្នា​ដូច​រាល់​ថ្ងៃ​អីចឹង»។​

សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights)​ បាន​ផ្តល់ការ​អធិប្បាយ​ថា​ ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​នោះ​ ​កំពុង​ដំណើរ​ការ​ទៅ​ដោយ​មិនមាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំងដ៏ធំ​របស់​ប្រទេស​នេះ។ ហើយ​ស្រប​ពេល​ជា​មួយ​គ្នានេះ​ ក៏​មាន​ការ​គំរាម​កំហែង​លើ​អ្នក​បោះឆ្នោត​ និង​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ​ប្រឆាំងសង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយឯ​ក​រាជ្យ។ ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​យ៉ាង​ចម្រូង​ចម្រាស​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ហើយ​សមាជិក​លេច​ធ្លោ​ចំនួន​១១៨​នាក់​នៃ​គណបក្ស​នេះ​ត្រូវបានហាមឃាត់​មិន​ឲ្យ​ធ្វើនយោបាយ​រយៈ​ពេល​៥​ឆ្នាំ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​កន្លង​មក​ក៏​បាន​ហៅកា​របោះឆ្នោត​ នេះថា​ «មិន​ស្រប​ច្បាប់» ​ហើយ​ ថា​ ​ការ​បោះឆ្នោត​នោះ​គឺជា​«ល្បែង​លេង​សើច»​ ដោយ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដ៏​រស់​រវើក​មួយ​នោះ។​ រដ្ឋាភិបាល​បរទេស​ជាច្រើន​ និង​តួអង្គផ្សេង​ទៀត​ បាន​រិះគន់​បរិយា​កាស​បោះឆ្នោត​ និង​ការ​ជាប់ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុងការ​យុទ្ធនាការ​បង្ក្រាប ​កាល​ពី​ពេល​កន្លង​មក។​

លោក​ ​មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​គឺមិន​មាន​លំនឹងទេ​ ​តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ ដោយ​សារ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​រមែង​កម្ទេច​ចោល​ក្រុម​ណា​ដែល​គណបក្ស​នេះ​យល់​ថា ​ជា​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​ខ្លួន។​

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​នឹង​បញ្ជាក់​ថា​ ដំណើរ​ទៅមុខ​របស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជានឹង​នៅ​តែ​ស្ថិត​ក្នុង​ដំណើររដាក់​រដុប​មួយ។​ ​លោក​បាន​ប្រដូច​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ទៅ​នឹង​សត្វពស់ ​ដែលចាំ​តែ​ត្របាក់​សត្វ​កងែ្កប​ ដែល​ជា​ក្រុម​ប្រឆាំង​នឹង​ខ្លួន។​

«ពេល​ដែល​ពស់​ហ្នឹង​អាច​លេប​កង្កែប​បាន​ អត់ៗ​អី​ទេ​ ប៉ុន្តែ​បើ​កង្កែប​វា​ធំ​ ហើយ​ពស់​លេប​មិន​រួច​ យើង​ច្រើន​តែឃើញ​មានការ​ប្រទង់​ប្រទាញ​គ្នា ដូច​ដែ​ល​យើង​ឃើញ​សព្វ​ថ្ងៃ។ អីចឹង អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ​ ដូច​ជា​ការ​រំលាយ​សង្គ្រោះ​ជាតិ​នោះ ក៏​មិន​ខុស​គ្នា​អី​ពី​ការ​រលត់​រលាយ​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​កាលពី​ឆ្នាំ​១៩៩៧​ដែរ​បាទ»។​

អ្នក​វិភាគ​រូប​នេះថ្លែង​បន្ថែម​ថា​ រាប់​តាំង​ពី​ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ឆ្នាំ​១៩៩១​មកនោះ ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​មាន​ភាព​យឺតយ៉ាវ​ធៀបនឹង​ប្រទេស​ក្បែរ​ខាង​ តែ​អ្វី​ដែល​មាន​សន្ទុះ​លឿន​នោះ​ គឺ​ការ​វាយ​ប្រហារ​គ្នា​រវាងអ្នក​នយោបាយ​ខ្មែរ​ ​និង​ខ្មែរ​ ដែល​អូស​បន្លាយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕