ម៉ាឡេស៊ី​នឹង​តវ៉ា​ទៅ​ហ្វីលីពីន​​ដោយសារ​ច្បាប់​ថ្មី​ស្តីពី​ដែនសមុទ្រហ្វីលីពីន

  • ​Reuters

រូបឯកសារ៖ នៅក្នុងរូបថតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ មនុស្សម្នាអានសៀវភៅនៅជិតភូគោល ដែលបង្ហាញពីបណ្តាប្រទេសភាគអាគ្នេយ៍នៅសមុទ្រចិនខាងត្បូង និងដែល​ដាក់តាំងបង្ហាញនៅហាងលក់សៀវភៅក្នុងទីក្រុងប៉េកាំង។

ម៉ាឡេស៊ីនឹង​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​កាន់​ប្រទេស​ហ្វីលីពីនពាក់ព័ន្ធ​នឹង​ច្បាប់​ថ្មី​ស្តី​ពី​ដែន​សមុទ្រ​ហ្វីលីពីន ដោយសារ​ការ​ទាមទារ​ត្រួតគ្នា​របស់​ប្រទេស​ទាំង​ពីរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​អនុ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ីដែល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការ​តវ៉ា​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​ប្រទេស​ចិនជំទាស់​ច្បាប់​ស្តីពី​តំបន់ដែន​សមុទ្ររបស់​ហ្វីលីពីន និង​ច្បាប់​ស្តីពី​គន្លងផ្លូវ​តាម​ប្រជុំ​កោះ​ក្នុង​សមុទ្រ។ ហ្វីពីលីន​ថា​ច្បាប់​ទាំង​ពីរ​នេះ មាន​គោល​បំណង​ពង្រឹង​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន​និង​គាំពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។

អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Mohamad Alaminនិយាយ​ថា​ រដ្ឋាភិបាល​បាន​ពិនិត្យឯកសារយោងពាក់ព័ន្ធ​នឹង​ច្បាប់​របស់​ហ្វីលីពីន​ហើយរកឃើញ​ថា​ច្បាប់ទាំងពីរ​នោះ​ប៉ះលើ​ការ​ទាមទារ​របស់​រដ្ឋ Sabah​របស់ម៉ាឡេស៊ី​លើ​សិទ្ធិកាន់កាប់​កោះ Borneo។

លោក Mohamad បាន​ថ្លែង​ក្នុង​រដ្ឋសភា​ម៉ាឡេស៊ី​ថា«‍យើង​នឹង​ផ្ញើ​កំណត់​ទូត​តវ៉ា​នៅ​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ការពារ​សិទ្ធិ​អធិបតេយ្យភាព​របស់​រដ្ឋ Sabah និង​អធិបតេយ្យភាព​របស់ប្រទេសយើង»។

ក្រសួងការបរទេស​ហ្វីលីពីន​ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយលើ​បញ្ហា​នេះ​ទេ។

ប្រទេសហ្វីលីពីន បាន​ទាមទារ​ដោយ​មិន​ច្បាល់លាស់​សិទ្ធិ​កាន់កាប់​ផ្នែក​ខាងកើត​រដ្ឋ Sabah ដែល​មាន​អាយុកាល​តាំង​ពី​សម័យ​អាណានិគម ប៉ុន្តែ​កម្រ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ណាមួយ​លើ​បញ្ហា​នេះ។ តុលាការ​កំពូល​របស់​ហ្វីលីពីន បាន​សម្រេច​នៅ​ឆ្នាំ២០១១​ថា​ហ្វីលីពីន​មិន​ដែល​បាន​បោះបង់​ការ​ទាមទារ​សិទ្ធិកាន់កាប់​របស់​ខ្លួន​ទេ៕