ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីបានជំរុញឲ្យសមាជិកសភានៅថ្ងៃពុធនេះទុកការខ្វែងគំនិតគ្នាផ្នែកនយោបាយចោលមួយឡែក ដើម្បីអនុម័តច្បាប់ថវិកាឆ្នាំ ២០២១ «ដោយគ្មានការរំខាន» ស្របពេលដែលលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រឹងប្រែងទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ និងបញ្ហាប្រឈមចំពោះតំណែងរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលរបស់លោក Muhyiddin គ្រោងនឹងដាក់បង្ហាញសំណើច្បាប់កញ្ចប់ថវិកាដំបូងនៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ ស្របពេលដែលមានការប្រឈមពីមេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim ចំពោះតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។
ព្រះមហាក្សត្រ Al-Sultan Abdullah បានមានព្រះរាជបន្ទូលថា ថវិកាសម្រាប់ឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់នៅក្នុងការជួយរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
នៅក្នុងសេចក្ដីប្រកាសមួយ ព្រះមរមរាជវាំងម៉ាឡេស៊ីបានបញ្ជាក់ថា ព្រះមហាក្សត្រក៏អំពាវនាវឲ្យសមាជិកសភាគោរពតាមព្រះរាជក្រឹត្យឲ្យមានការបញ្ចប់ការខ្វែងគំនិតគ្នាផ្នែកនយោបាយផងដែរ «ដើម្បីឲ្យថវិកាឆ្នាំ ២០២១ អាចត្រូវបានអនុម័តដោយគ្មានការរំខាន»៕