នេះជាដំណាក់កាលមួយដែលប្រជាពលរដ្ឋម៉ាឡេស៊ីភាគច្រើនមិនអាចនឹកស្មានដល់កាលពីប៉ុន្មានឆ្នាំមុននៅក្នុងប្រទេសមួយនិងតំបន់មួយដែលឥស្សរជននយោបាយត្រូវបានគេមើលឃើញថាអាចនៅពីលើច្បាប់បាន។
កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅនេះ តុលាការកំពូលនៃប្រទេសម៉ាឡេស៊ីបានតម្កល់ការផ្តន្ទាទោសកាលពីឆ្នាំ ២០២០ ពីបទពុករលួយលើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ដោយបានបញ្ជូនលោកទៅដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ។
នៅមុនការសម្រេចរបស់តុលាការកំពូលនេះ លោក Najib ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយនៅពេលនោះលោកនៅតែកាន់តំណែងជាសមាជិកសភាដែលជ្រើសរើសតាមរយៈការបោះឆ្នោតដដែល បើទោះបីជាលោកនៅតែកំពុងតតាំងនឹងសាលក្រមលើកដំបូងដែលផ្តន្ទាទោសរូបលោកបន្ទាប់ពីបានចាញ់ក្ដីនៅក្នុងបណ្ដឹងឧទ្ធរណ៍របស់លោកកាលពីខែធ្នូឆ្នាំមុនក៏ដោយ។
សម្រាប់ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ការសម្រេចរបស់តុលាការកំពូលនេះបានបញ្ជាក់ឱ្យឃើញអំពីឯករាជ្យភាពដែលទើបលេចឡើងកាលពីពេលថ្មីៗនេះនៃប្រព័ន្ធតុលាការមួយដែលត្រូវបានគេមើលឃើញថាមានការខ្វះខាតជាយូរមកហើយ។
គិតមកទល់នឹងឆ្នាំ ២០១៨ ដែលនៅពេលនោះលោក Najib បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការចាញ់ឆ្នោតដ៏ធ្ងន់ធ្ងរមួយ គេឃើញថា «សាធារណជនមានទស្សនៈថា ឯករាជ្យភាពរបស់តុលាការមានបញ្ហា ដោយពួកគេតែងតែគិតថាមានការពាក់ព័ន្ធពីខាងអង្គនីតិប្រតិបត្តិ»។ នេះបើតាមការបញ្ជាក់របស់លោក Muhammad Mohan ប្រធានអង្គការ Transparancy International នៅប្រទេសម៉ាឡេស៊ីដែលជាអង្គការឃ្លាំមើលនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
នៅពេលឃើញថា តុលាការកំពូលបានរក្សាជំហរនិងផ្តន្ទាទោសលោក Najib ឱ្យជាប់ពន្ធនាគារ លោក Mohan បានបន្ថែមថា៖ «ករណីនេះបានផ្ដល់ជំនឿទុកចិត្តដល់សាធារណរជនថា ប្រព័ន្ធតុលាការគឺមានភាពឯករាជ្យ និងមិនមានការលូកដៃពីរដ្ឋាភិបាលនោះឡើយ»។
អ្នកតស៊ូមតិនិងអ្នកតាមដានស្ថានការណ៍នានាចាត់ទុកសេចក្ដីសម្រេចរបស់តុលាការម៉ាឡេស៊ីនេះថាជារឿងដ៏គួរឱ្យស្ញប់ស្ញែង ដោយសារតែគណបក្សអង្គការឯកភាពជាតិម៉ាឡេ (United Malays National Organization (UMNO)) របស់លោក Najib ដែលបានបាត់បង់អំណាចនៅក្នុងការបោះឆ្នោតមួយដែលលោក Najib បានចាញ់ បានចូលមកកាន់អំណាចសារជាថ្មី។
ការចោទប្រកាន់ដែលឈានទៅដល់ការផ្តន្ទាទោសលោក Najib នេះ ដំបូងបានលេចឡើងនៅក្នុងអំឡុងពេលលោក Najib កំពុងកាន់អំណាច ប៉ុន្តែបាននៅទ្រឹងរហូតដល់ពេលបន្ទាប់ពីគណបក្ស UMNO បានបរាជ័យនៅក្នុងការបោះឆ្នោត។
លោក James Chin សាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការអាស៊ីនៃសាកលវិទ្យាល័យ Tasmania នៅប្រទេសអូស្ត្រាលី បាននិយាយថា ប្រទេសម៉ាឡេស៊ីនៅទីបំផុតបានបំបែកនូវអ្វីដែលគេចាត់ទុកថាជា «អភ័យឯកសិទ្ធិមិនផ្លូវការ» ដែលមេដឹកនាំនានាមានមិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងតំបន់ផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «បញ្ហាមួយដែលយើងប្រឈមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក៏តំបន់អាស៊ីជាទូទៅគឺថា យើងខ្វះកត្តាសាមញ្ញបំផុតមួយនៅក្នុងអភិបាលកិច្ចល្អ ដែលនោះគឺថា មេដឹកនាំនយោបាយអាចត្រូវបានគេធ្វើឱ្យមានការទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើនៅពេលដែលពួកគេកាន់អំណាច។ ករណីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី»។
លទ្ធភាពនៃការលើកលែងទោស
អ្នកស្រី Cynthia Gabriel នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងអំពើបក្ខពួកនិយម (Center to Combat Corruption and Cronyism) នៃប្រទេសម៉ាឡេស៊ី បានយល់ស្របចំពោះការលើកឡើងរបស់លោក James Chin។
អ្នកស្រីនិយាយដូច្នេះថា៖ «សារដ៏សំខាន់សម្រាប់សាធារណជនម៉ាឡេស៊ីគឺថា ឥឡូវនេះពួកគេនឹងប្រាប់ដល់អ្នកយោបាយគ្រប់រូបថា ប្រសិនបើអ្នកប្រព្រឹត្តិអំពើពុករលួយ នោះមានស្ថាប័នដែលអាចធ្វើឱ្យអ្នកទទួលខុសត្រូវចំពោះទង្វើរបស់អ្នកបាន»។
សេចក្ដីសម្រេចរបស់តុលាការកំពូលម៉ាឡេស៊ីនេះបានបញ្ជាក់ថា លោក Najib មានកំហុសលើបទចោទចំនួន ៧ ករណីពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ការរំលោភអំណាច និងការរំលោភបែបព្រហ្មទណ្ឌលើសេចក្ដីទុកចិត្តសម្រាប់ការទទួលយកនូវថវិកាចំនួន ៩ លាន ៤ សែនដុល្លារអាមេរិកពីក្រុមហ៊ុន SRC International ដែលធ្លាប់ជាផ្នែកមួយនៃក្រុមហ៊ុន 1MDB របស់រដ្ឋាភិបាលម៉ាឡេស៊ី។
ប៉ុន្តែ បញ្ហាផ្នែកផ្លូវច្បាប់របស់លោក Najib មិនទាន់បញ្ចប់ត្រឹមនេះនោះទេ។
អាជ្ញាធរសហរដ្ឋអាមេរិកនិងអាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ថវិកាសរុបចំនួន ៤.៥០០ លានដុល្លារអាមេរិកត្រូវបានលួចពីធនាគារ 1MDB ក្នុងពេលជាច្រើនឆ្នាំ និងថា ថវិកាប្រហែល ១ ពាន់លានដុល្លារក្នុងចំណោមនោះបានចូលក្នុងគណនីធនាគាររបស់លោក Najib។ លោក Najib នៅប្រឈមនឹងបទចោទប្រកាន់ចំនួន ៣៥ ករណីទៀតនៅក្នុងសំណុំរឿងពាក់ព័ន្ធចំនួន ៤ ផ្សេងទៀត។
ប៉ុន្តែ លោក Najib បានធ្វើការបដិសេធម្ដងហើយម្ដងទៀតថាលោកមិនបានធ្វើអ្វីខុសនោះទេ ហើយសូម្បីតែអ្នករិះគន់លោកក៏សង្ស័យផងដែរថាលោកប្រហែលជាចំណាយពេលតិចតួចប៉ុណ្ណោះនៅក្នុងពន្ធនាគារ។
កាលពីថ្ងៃទី ៥ ខែកញ្ញា ប្រធានរដ្ឋសភាម៉ាឡេស៊ីលោក Azhar Azizan Harun បាននិយាយថា លោក Najib បានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ Al-Sultan Abdullah កាលពីថ្ងៃទី ២ ខែកញ្ញា។ លោក Harun ថា លោក Najib នៅតែជាតំណាងរាស្ត្រដដែល រហូតទាល់តែដល់ពេលដែលមានការសម្រេចលើញត្តិស្នើសុំការលើកលែងទោសនេះ។
គេជឿថា លោក Najib មានភាពជិតស្និទ្ធជាមួយនឹងព្រះចៅស៊ុលតង់ដ៏មានឥទ្ធិពលមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយលោកបានថតរូបកាលពីដើមឆ្នាំនេះនៅក្នុងពិធីបុណ្យ Eid ជាមួយនឹងព្រះមហាក្សត្រ Abdullah ផ្ទាល់។
លោក Najib ក៏នៅតែមានប្រជាប្រិយភាពផងដែរក្នុងចំណោមមូលដ្ឋានអ្នកគាំទ្រគណបក្ស UMNO។ នៅថ្ងៃបន្ទាប់ ក្រោយពីតុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក អ្នកគាំទ្រលោករាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅព្រះបរមរាជវាំងដោយជំរុញឱ្យព្រះមហាក្សត្រលើកលែងទោសឱ្យលោក។
អ្នកស្រី Gabriel បាននិយាយថា៖ «លោក Najib ស្គាល់អ្នកដែលមានឥទ្ធិពល។ លោកធ្លាប់កាន់អំណាចអស់រយៈពេលជាយូរ ហើយលោកស្ថិតក្នុងចំណោមក្រុមឥស្សរជននយោបាយ ដូច្នេះវាអាចក្លាយជាការពិតដែលថា លោកអាចត្រូវបានព្រះមហាក្សត្រលើកលែងទោសឱ្យ»។
ការលើកលែងទោសដោយព្រះមហាក្សត្រនៅក្នុងប្រទេសម៉ាឡេស៊ីជាទូទៅត្រូវបានធ្វើឡើងតែនៅក្នុងករណីដែលមានការបំពេញទោសតាមការសម្រេចរបស់តុលាការបានយ៉ាងតិចពាក់កណ្ដាលតែប៉ុណ្ណោះ។ ការលើកលែងទោសឱ្យលោក Najib លឿនជាងនេះ ជាពិសេសនៅពេលដែលការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធចំនួន ៤ ទៀតមិនទាន់ត្រូវបានសម្រេចនៅឡើយ គឺនឹង «ធ្វើឱ្យមានការសើចចំអកចំពោះដំណើរការរបស់តុលាការ»។ នេះបើតាមការបញ្ជាក់របស់លោក Mohan។
ជ័យជម្នះដ៏ប្រផិតប្រផើយ
លោកសាស្ត្រាចារ្យ Chin បាននិយាយថា ការលើកលែងទោសឱ្យលោក Najib គឺទំនងជាអាចទៅរួច ប៉ុន្តែគឺនៅពេលដែលបន្ទាប់ពីមានការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខតែប៉ុណ្ណោះ។ ការបោះឆ្នោតនេះគ្រោងនឹងធ្វើឡើងនៅត្រឹមខែកញ្ញាឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែអាចប្រព្រឹត្តិឡើងលឿនជាងនេះ។
លោកបានលើកឡើងថា ការដាក់លោក Najib ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់រហូតដល់ពេលបោះឆ្នោតខាងមុខអាចជួយគណបក្ស UMNO ដែលប្រឡូកប្រឡាក់ធ្ងន់ធ្ងរដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងថវិការបស់ក្រុមហ៊ុន 1MDB នេះ ឱ្យទទួលបានសំឡេងឆ្នោតគាំទ្រតាមរយៈការធ្វើយុទ្ធនាការឃោសនាថា ខ្លួនជាគណបក្សដែលអាចទុកចិត្តបានដោយសារតែខ្លួនមិនបានជ្រៀតជ្រែកនៅ ក្នុងដំណើរការរបស់តុលាការ។
លោក Chin ក៏បានចោទជាសំណួរផងដែរថាតើការជាប់ពន្ធនាគាររបស់លោក Najib គឺពិតជាព្រឹត្តិការណ៍នៃចំណុចរបត់មួយដែលមនុស្សមួយចំនួនចាត់ទុកថាដូច្នេះឬក៏យ៉ាងណានោះ។ លោកបានបញ្ជាក់ថា ការប្រព្រឹត្តិឡើងកាលពីពេលថ្មីៗនេះរបស់តុលាការគឺភាគច្រើនជាគុណតម្លៃរបស់ប្រធានចៅក្រមអ្នកស្រី Tengku Maimun Tuan Mat ដែលត្រូវបានតែងតាំងជាប្រធានចៅក្រមតុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៩។
លោក Chin បាននិយាយថា៖ «នៅក្នុងប្រព័ន្ធ [តុលាការ] ភាគច្រើននៅទ្វីបអាស៊ី វាអាស្រ័យលើថាតើអ្នកណាដែលជាប្រធានចៅក្រម។ ដរាបណាអ្នកស្រីនៅតែធ្វើជាប្រធានចៅក្រម [ម៉ាឡេស៊ី] ដរាបនោះតុលាការនឹងកាន់តែមានភាពឯករាជ្យ ប៉ុន្តែមិនមានការធានាថា ប្រធានចៅក្រមតុលាការកំពូលបន្ទាប់នឹងរក្សាបានដូចនេះនោះទេ»។
លោក Chin យល់ឃើញថា មានសញ្ញាតិចតួចតែប៉ុណ្ណោះដែលបណ្ដាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍មានការវិវឌ្ឍទៅមុខបានលឿនដូចនេះ។
សម្រាប់អ្នកស្រី Gabriel វិញ យ៉ាងហោចណាស់អ្នកស្រីមានក្ដីសង្ឃឹមថា ប្រព័ន្ធឌីជីថលថ្មីៗកំពុងធ្វើឱ្យកាន់តែលំបាកឡើងសម្រាប់ក្រុមជនលួចជាតិនៅក្នុងលាក់បាំងប្រាក់ដែលពួកគេទទួលបានពីអំពើមិនត្រឹមត្រូវ។
អ្នកស្រីបានលើកឡើងអំពីករណីបណ្ដុំឯកសារ Panama Papers និងករណីបណ្ដុំឯកសារ Paradise Papers ដែលជាឯកសារអំពីហិរញ្ញវត្ថុរបស់មហាសេដ្ឋីនិងអ្នកមានអំណាចនានានៅលើពិភពលោកដែលបានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មកធ្វើជាឧទាហរណ៍។
លោក Mohan ក៏មានអារម្មណ៍ជំរុញទឹកចិត្តផងដែរនៅពេលដែលអតីតប្រធានាធិបតីនៅប្រទេសប្រេស៊ីលនិងអតីតប្រធានាធិបតីនៅប្រទេសកូរ៉េខាងត្បូងត្រូវបានដាក់ពន្ធនាគារពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាងនេះទៀត កាលពីឆ្នាំមុននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង តុលាការធម្មនុញ្ញបានសម្រេចផ្តន្ទាទោសលោកអតីតប្រធានាធិបតី Jacob Zumaឱ្យជាប់ពន្ធនាគារពីបទបំពានតុលាការនៅក្នុងការកាត់ក្ដីករណីអំពើពុករលួយដែលនៅកំពុងបន្តធ្វើ។
លោក Mohan ជឿថា ការកើនឡើងខ្លាំងនៃភាពក្រីក្រនិងវិសមភាពដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ ក៏កំពុងធ្វើឱ្យមនុស្សនៅជុំវិញពិភពលោកលែងមានភាពអត់ធ្មត់ចំពោះមេដឹកនាំណាដែលលួចទ្រព្យសម្បត្តិសាធារណៈផងដែរ ដោយលោកបាននិយាយថា «នេះគឺជាទំនោរមួយ»។
លោកបានបន្ថែមថា៖ «នៅទូទាំងពិភពលោក ខ្ញុំអាចនិយាយបានថា ដោយសារតែស្ថានភាពនៅក្រោយវិបត្តិជំងឺកូវីដ១៩ មនុស្សចាប់ផ្ដើមមានភាពមោះមុតហ៊ានជាងមុន ដោយពួកគេបានចោទជាសំណួរផ្សេងៗ ហើយខ្ញុំគិតថាពួកគេទាមទារឱ្យមានការដកចេញនូវមេដឹកនាំទាំងនោះ។ ខ្ញុំសង្ឃឹមថាទិន្នាការដូចនេះនឹងបន្តទៅមុខ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា