រង្វាន់ណូបែលសន្តិភាពត្រូវបានប្រគល់ឲ្យសកម្មជនវិស័យអប់រំ២នាក់គឺនាង Malala Yousafzai នៃប្រទេសប៉ាគីស្ថាននិងអ្នកធ្វើយុទ្ធនាការសម្រាប់សិទ្ធិរបស់កុមារលោក Kailash Satyarthi នៃប្រទេសឥណ្ឌា។
នៅក្នុងសេចក្តីប្រកាសជ័យលាភីនៅថ្ងៃសុក្រនេះ គណៈកម្មាធិការរង្វាន់ណូបែលនៃប្រទេសន័រវែសនិយាយថា រង្វាន់ណូបែលត្រូវបានប្រគល់ដល់អ្នកទាំងពីរ សម្រាប់ការតស៊ូរបស់គេ ប្រឆាំងនឹងការសង្កត់សង្កិនកុមារនិងយុវជនក្មេងៗ និងការបំបិទសិទ្ធិក្មេងទាំងនេះមិនឲ្យមានការអប់រំ។
នាង Malala អាយុ១៧ ឆ្នាំបានគាំទ្រនិងលើកស្ទួយការអប់រំនារីនៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំមុន ពេលនាងត្រូវពួកតាលីបាន់បាញ់ត្រូវក្បាលនៅក្នុងឆ្នាំ២០១២។ នាងជាជ័យលាភីរង្វាន់ណូបែលក្មេងជាងគេបំផុត។
លោក Kailash Satyarthi ជាអ្នកនាំមុខចលនាសន្តិវិធីមួយដើម្បីបញ្ចប់ការកេងប្រវ័ញ្ចកុមារដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ។
នាង Malala និងលោក Saryarthi នឹងចែករំលែកប្រាក់១លាន១សែនដុល្លារនៅថ្ងៃទី១០ខែធ្នូខាងមុខ៕