ប្រទេស​មហាអំណាច​ធំៗ​ជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការស្តារ​កិច្ចប្រជុំ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា

រដ្ឋ​មន្រ្តី​ការ​បរទេស​បារាំង​ លោក Jean-Marc Ayrault (រូប​ស្តាំ) ស្វាគមន៍​លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ក្រុង​បារាំង។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក John Kerry និង​មន្ត្រី​ការ​ទូត​អឺរ៉ុប​និង​អារ៉ាប់​មួយ​ចំនួន​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សុក្រ​នេះ កំពុង​តែ​សង្ឃឹម​ថា​នឹង​អាច​ស្វែង​រក​ការ​ឯកភាព​គ្នាដើម្បី​ស្តារ​កិច្ចប្រជុំ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ឡើង​វិញ។

លោក​ប្រធានាធិបតី​បារាំង Francois Hollande បាន​ស្នើ​ឲ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​បង្កើត​ជម្រើស​សន្តិភាព​ដ៏​ជំរុញ​ទឹក​ចិត្ត ខណៈ​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​សន្តិភាព​នោះ។ ​

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «កិច្ចប្រជុំ​ស្តី​ពី​ស្ថានភាព​កិច្ចព្រមព្រៀង​យូរ​អង្វែង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​ទាំង​មូល»។

លោក Hollande បាន​និយាយ​បន្ត​ថា ប្រទេស​មហាអំណាច​អន្តរជាតិ​គួរ​តែ​ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​សម្រប​សម្រួល​ដំណើរការ​សន្តិភាព​នេះ ប៉ុន្តែ​នៅ​ទី​បំផុត វា​ត្រូវ​អាស្រ័យ​លើ​ភាគី​ទាំង​សង​ខាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​នោះ។

លោក​បាន​មាន​ប្រសាសន៍​ដើម​យ៉ាង​ដូច្នេះ​ថា «ការ​គំរាមកំហែង​និង​អាទិភាព​បាន​ផ្លាស់ប្ដូរ។ ការ​ផ្លាស់ប្ដូរ​នេះ​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​លក្ខណៈ​បន្ទាន់​ក្នុង​ការស្វែង​រក​ដំណោះស្រាយ​ទៅ​លើ​ជម្លោះ​នេះ ហើយ​ចលាចល​ក្នុង​តំបន់​នេះ​បង្កើត​ជា​កាតព្វកិច្ច​ថ្មី​មួយ​ដើម្បី​សន្តិភាព»។​

ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បារាំង​មាន​ភាព​កក់ក្តៅ ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស Kerry ឯកភាព​ថា​នឹង​ចូលរួម​ដើម្បី​ស្តាប់​គំនិត​ដែល​ស្នើ​ឡើង​ដោយ​បារាំង​និង​ប្រទេស​ដទៃទៀត។ ប៉ុន្តែ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នៅ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​ភាពបន្ទាន់​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ​រវាង​ភាគី​ទាំង​ពីរ។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា «យើង​មិនមែន​នៅ​ទីនេះ​ដើម្បី​ស្នើ​របៀប​វារៈ​អ្វី​ជាក់លាក់​នោះ​ទេ។ ខណៈ​ដែល​អាមេរិក​បើក​ចិត្ត​ទូលាយ​អំពី​គំនិត​នេះ យើង​នៅ​មិនទាន់​សម្រេច​អំពី​តួនាទី​របស់​យើង​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ដែល​នឹង​ដំណើរការ​ទៅ​មុខ​នេះ​នៅ​ឡើយ​ទេ ប្រសិន​បើ​យើង​ពិត​ជា​មាន​តួនាទី​មែន​នោះ»៕