ជ័យជម្នះរបស់លោក Emmanuel Macron ដែលប្រកាន់កណ្តាលនិយម ទៅលើលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់បារាំង មានន័យថា ឥឡូវនេះប្រទេសដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុប បានជៀសវាងនយោបាយជាតិនិយមហើយ។ ប៉ុន្តែនៅមានសំណួរអំពីថាតើលោក Macron ដែលឈរឈ្មោះឯករាជ្យ នឹងអាចបំពេញទៅតាមការសន្យារបស់ខ្លួនបានដែរឬទេ។
លោក Emmanuel Macron វ័យ៣៩ឆ្នាំ បានក្លាយទៅជាប្រធានាធិបតីក្មេងជាងគេរបស់បារាំង ចាប់តាំងពីលោក Napoleon Bonaparte មក។ លោកបានឈ្នះដោយសារការដែលសន្យាថានឹងមានវិបុលភាពសម្រាប់អ្នកគ្រប់គ្នា ហើយឥឡូវនេះត្រូវតែបង្រួបបង្រួមប្រទេសមួយដែលបែកខ្ញែករវាងអ្នកសាកលនិយម និងអ្នកជាតិនិយម។
លោក Macron បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលសប្បាយរីករាយកាលពីថ្ងៃអាទិត្យ នៅក្នុងការប្រមូលផ្តុំសាធារណៈមួយនៅឯអគារសារមន្ទីរ Louvre ក្នុងទីក្រុង ប៉ារីសថា៖ «អឺរ៉ុបនិងពិភពលោកទាំងមូលរំពឹងថា យើងនឹងការពារស្មារតីឈ្វេងយល់របស់យើង ក្រោមការគំរាមកំហែងនៅតាមកន្លែងជាច្រើន។ ពួកគេរំពឹងថា យើងនឹងការពារសេរីភាពរបស់យើងនៅគ្រប់ទីកន្លែងដើម្បីការពារអ្នកដែលត្រូវបានគេគាបសង្កត់»។
ប៉ុន្តែបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីនៃប្រទេសបារាំង គឺជាសញ្ញាយ៉ាងច្បាស់មួយថា សំពាធនេះគឺស្ថិតនៅលើលោកក្នុងការបំពេញទៅតាមការសន្យារបស់លោក ដែលថា នឹងគ្មាននរណាម្នាក់ត្រូវបានគេទុកចោលនោះទេ ខណៈដែលបារាំងបន្តមាគ៌ាសកលភាវូបនីយកម្ម៕