ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្នាក់រដ្ឋម៉ាសាឈូសេត នឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ដោយគេឃើញមាន បេក្ខជនដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរបីនាក់ បានឈរឈ្មោះជាបេក្ខជនដើម្បីប្រកួតយកតំណែងជាតំណាងរាស្ត្រថ្នាក់រដ្ឋសម្រាប់សង្កាត់ទី១៨ Middlesex នៅទីក្រុងឡូវែល។
អ្នកទាំងបីនាក់នេះបានប្រាប់ VOA ថា ពួកគេចង់បម្រើសហគមន៍នេះឲ្យមានការរីកចំរើនបន្ថែមទៀត។
បេក្ខជនខ្មែរអាមេរិកាំងទាំងបីនាក់នេះ ដែលបានតាំងចិត្តបម្រើ និងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងសហគមន៍នេះ រួមមានលោក មុំ រ៉ាឌី និងលោក ឃឹម ឆេត ដែលអ្នកទាំងពីរជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងលោក កៃ កាម៉ារ៉ា បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ។ ក្រៅពីបេក្ខជនខ្មែរបីរូបនេះ បេក្ខជនជនជាតិអាមេរិកាំងស្បែកសម្នាក់ទៀត គឺលោក David M. Ouellette នៃគណបក្សប្រជាធិបតេយ្យក៏ចូលរួមប្រកួតប្រជែងយកតំណែងនេះដែរ។
លោក មុំ រ៉ាឌី ដែលជាតំណាងរាស្ត្រថ្នាក់រដ្ឋនៅសង្កាត់ទី១៨ Middlesex នាពេលបច្ចុប្បន្ននេះ បានប្រាប់ VOA ថា លោកសម្រេចឈរឈ្មោះម្តងទៀត ដោយសារលោកចង់បម្រើសហគមន៍នេះបន្តទៀត ដើម្បីបញ្ចប់កិច្ចការដែលលោកបានចាប់ផ្តើមក្នុងអណត្តិរបស់លោក ដូចជាការសុំបានថវិកាចំនួន២០០លានដុល្លារសម្រាប់បង្កើតបន្ទប់សវនាការ ការបង្កើតស្ពានអចិន្ត្រៃយ៍នៅសង្កាត់ទី១៨ និងការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍខាងផ្លូវថ្នល់ជាដើម។
«អញ្ចឹងបានន័យថា អ្វីដែលខ្ញុំបានធ្វើបានរីកចំរើនទៅហើយ ហើយបើសិនខ្ញុំមិនបន្តកិច្ចការនេះទៀត គឺកិច្ចការដែលខ្ញុំបានរៀបចំធ្វើហើយនោះ គឺប្រហែលជាសាបសូន្យបាត់អស់ទៅវិញ។ អាស្រ័យដូច្នេះ គឺខ្ញុំសូមបន្តកិច្ចការបម្រើប្រជាជនយើងនៅក្នុងម៉ាសាឈូសេតនេះបន្តទៅទៀត។ បាទ នេះគឺជាកិច្ចការសំខាន់»។
លោកមុំ រ៉ាឌី បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៤ ហើយក្លាយជាពលរដ្ឋអាមេរិកាំងនៅឆ្នាំ១៩៩០។ លោកបានប្រាប់ VOA ថា លោកបានចូលប្រឡូកកិច្ចការសង្គមជាច្រើនក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដូចជាធ្វើជាសមាជិកក្រុមក្មេងប្រុស និងក្មេងស្រីនៅទីក្រុងឡូវែល សមាជិកក្រុមដឹកនាំមជ្ឈមណ្ឌលសុខភាព Saints និងជាសមាជិកក្រុមប្រឹក្សារបស់សមាគមខ្មែរជាដើម។
ទាក់ទងនឹងការប្រកួតប្រជែងពីសំណាក់បេក្ខជនដែលជាខ្មែរអាមេរិកាំងពីរនាក់ទៀត លោក មុំ រ៉ាឌី ថា លោករីករាយ នៅពេលដែលមានពលរដ្ឋខ្មែរអាមេរិកាំងប្រឡូកក្នុងនយោបាយនៅសហរដ្ឋអាមេរិក។
«យើងរស់នៅក្នុងប្រទេសសេរី។ ប្រទេសសេរី គឺល្អណាស់ ដែលយើងមានបេក្ខជនប្រមាណបីនាក់ទៀត ឡើងមកប្រកួតប្រជែង។ ទីមួយវាជួយរកគំនិតបន្តបន្ថែមទៀត»។
ក៏ប៉ុន្តែលោកសង្ឃឹមថា ពលរដ្ឋនៅសង្កាត់ទី១៨ នឹងបន្តបោះឆ្នោតឲ្យរូបលោក។
«ដោយសារខ្ញុំបានធ្វើការបម្រើសង្គមយើង តាំងពី[ឆ្នាំ]១៩៨៤មក។ អញ្ចឹងខ្ញុំនិយាយក្នុងលក្ខណៈដែលខ្ញុំបានធ្វើផ្ទាល់។ ខ្ញុំជឿថា បងប្អូនយើងនៅក្នុងទីក្រុងឡូវែលបានស្គាល់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំតាំងពីហ្នឹងមក កិច្ចការដែលខ្ញុំធ្វើបម្រើសង្គម ជា activist [សកម្មជន] និង the voice of the voiceless [ធ្វើជាសម្លេងរបស់អ្នកដែលមិនមានសម្លេង]។ សំខាន់ជាងគេ គឺជួយបងប្អូនយើង ដែលមិនអាចធ្វើការបាន និងបងប្អូនដែលមានបញ្ហា។ នេះគឺសំខាន់ជាងគេបង្អស់»។
លោកឃឹម ឆេត គឺជាបេក្ខជនក្មេងជាងគេនៅក្នុងចំណោមបេក្ខជនទាំងបួននាក់ ដែលឈរឈ្មោះប្រកួតយកតំណែងតំណាងរាស្ត្រថ្នាក់រដ្ឋសម្រាប់សង្កាត់ទី១៨នេះ។ លោកបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៤នៅទីក្រុងញូវយ៉ក ហើយលោកបានមករស់នៅទីក្រុងឡូវែលនៅឆ្នាំ២០០៨។
លោកឃឹម ឆេត ដែលទទួលបានការសិក្សាខាងច្បាប់ បានប្រាប់ VOA ថា លោកមានបទពិសោធន៍បម្រើការងារសង្គមច្រើន ហើយថា លោកមានឆន្ទះខ្ពស់ ដើម្បីអភិវឌ្ឍសង្កាត់នេះ ដោយលោកចង់ដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងពង្រឹងកម្រិតអប់រំរបស់ពលរដ្ឋនៅសង្កាត់ទី១៨នេះ។
«ខ្ញុំបានរៀនចប់ខាងសង្គមកិច្ច។ ខ្ញុំរៀនខាងច្បាប់ ដើម្បីជួយដល់សង្គម។ សព្វថ្ងៃ ខ្ញុំមិនបានជាប់ធ្វើជាចៅសង្កាត់ផង ខ្ញុំជួយសង្គមខ្ញុំដោយ free citizenship [ផ្តល់សេវាដាក់ពាក្យសុំសិទ្ធិជាពលរដ្ឋអាមេរិកដោយមិនយកកម្រៃ]។ ខ្ញុំជួយសង្គមខ្ញុំ គ្រប់សាសន៍ មិនចាំតែសាសន៍ខ្មែរទេ»។
លោក ឃឹម ឆេត បានបញ្ជាក់ថា លោកនឹងជួយពលរដ្ឋនៅសង្កាត់ទី១៨នេះ ដោយមិនមានការរើសអើងអ្វីឡើយ។
«ខ្ញុំ ឆេត ឃឹម មិនមានបក្ខ មិនមានពួកអីទេ។ ខ្ញុំដឹងតែជួយសង្គម សង្កាត់របស់ខ្ញុំនៅក្នុងទីក្រុងឡូវែលនេះគ្រាន់តែប៉ុណ្ណឹងអែង។ រឿងយុត្តិធម៌ខ្ញុំឈរជានិច្ច»។
លោកបន្ថែមថា លោកមានសង្ឃឹមច្រើន បើទោះបីជាមានពលរដ្ឋខ្លះយល់ថា ការមានបេក្ខជនខ្មែរអាមេរិកាំងឈរច្រើននាំឲ្យបែកសន្លឹកឆ្នោតយ៉ាងណាក្តី។
«ខ្ញុំចង់ដឹង តើបេក្ខជននីមួយៗធ្វើអ្វីខ្លះឲ្យសង្គមដើម្បីឲ្យវាបានសន្លឹកឆ្នោតទៅមុខ ពីព្រោះខ្ញុំបានធ្វើរួចទៅហើយ។ ហើយខ្ញុំមិនជាប់ផង ខ្ញុំនៅតែធ្វើ។ តើសន្លឹកឆ្នោតបែក មិនបែក? មិនបាច់គិតអញ្ចឹងទេ។ ប៉ុន្តែ យើងត្រូវគិត តើអ្នកណាគេនឹងជាប់ ដើម្បីជួយសង្គម ពីព្រោះខ្ញុំមានសង្ឃឹមច្រើន ពីព្រោះខ្ញុំមិនខ្លាចទេ ពីព្រោះខ្ញុំជួយសង្គម»។
រីឯលោក កៃ កាម៉ារ៉ា ដែលជាបេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ បានប្រាប់ VOA ថា លោកសម្រេចចិត្តឈរឈ្មោះដណ្តើមយកតំណែងនេះ ដើម្បីមានឱកាសបម្រើប្រជាពលរដ្ឋនៅសហគមន៍នេះ។
«ខ្ញុំមិនដែលរារេរនឹងទៅធ្វើអ្វីៗមួយ ដែលបម្រើប្រជាជនទេ និងបងប្អូនយើងនៅក្នុងក្រុងនេះ ហើយនៅទីណា ក៏ខ្ញុំបម្រើបានដូចគ្នាដែរ»។
លោក កៃ កាម៉ារ៉ា បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨២ ហើយបានក្លាយជាពលរដ្ឋអាមេរិកាំងនៅឆ្នាំ១៩៩៥។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ ហើយសព្វថ្ងៃនេះ លោកគឺជាអ្នកជំនាញជាន់ខ្ពស់ខាងផ្នែកជួសជុលបញ្ហាប្រព័ន្ធព័ត៌មាន (IT Disaster Recovery)។
លោកក៏បានសង្កត់ធ្ងន់ថា លោកផ្តោតការយកចិត្តទុកដាក់ទាំងបញ្ហាក្នុងសង្កាត់ទី១៨ និងបញ្ហានៅប្រទេសកម្ពុជា ដែលពលរដ្ឋខ្មែរនៅសង្កាត់នេះព្រួយបារម្ភច្រើន។
«បងប្អូននៅទីក្រុងឡូវែលបានសុំឲ្យខ្ញុំឈរឈ្មោះ ពីព្រោះគេមើលមកខ្ញុំថា មានតែខ្ញុំមួយទេ ដែលអាចទាមទារសេរីភាពរបស់ខ្មែរយើងនៅស្រុកខ្មែរក៏បាន នៅស្រុកនេះក៏បាន»។
បន្ថែមលើនេះ បញ្ហាដែលលោក កៃ កាម៉ារ៉ា ផ្តោតសំខាន់ដើម្បីនាំឲ្យមានការផ្លាស់ប្តូរប្រសើរជាងមុននៅក្នុងសង្កាត់ទី១៨នេះ រួមមានការពង្រីកឱកាសការងារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកឱកាសបណ្តាក់ទុនខាងអាជីវកម្មក្នុងក្រុងជាដើម។
យ៉ាងណាមិញ បេក្ខជនទាំងបីរូបនេះយល់ថា ការចាប់ផ្តើមចូលរួមពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំងក្នុងវិស័យនយោបាយអាមេរិក គឺជាជំហានល្អ បើទោះបីជាអតីតកាល និងបច្ចុប្បន្នកាលនៃស្ថានភាពនយោបាយនៅប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ មិនទាន់មានលក្ខណៈប្រជាធិបតេយ្យដោយពេញលេញក៏ដោយ។
បន្ថែមលើនេះ ពួកគេបានជំរុញឲ្យពលរដ្ឋនៅសង្កាត់ទី១៨ Middlesex នេះ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅសង្កាត់នេះ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចេញសម្លេងរបស់ខ្លួន និងដើម្បីការផ្លាស់ប្តូរអ្វីដែលពួកគេចង់បាន។
គួរបញ្ជាក់ផងដែរថា ទីក្រុងឡូវែលនៃរដ្ឋម៉ាសាឈូសេត មានសង្កាត់បី គឺសង្កាត់ទី១៦ សង្កាត់ទី១៧ និងសង្កាត់ទី១៨ Middlesex ដែលមានពលរដ្ឋខ្មែររស់នៅសរុបប្រមាណ៣០.០០០នាក់។ នៅសង្កាត់ទី១៨នេះ មានប្រជាពលរដ្ឋសរុបប្រមាណ៣៩.០០០នាក់រស់នៅ ដែលជាង៤៨ភាគរយគឺជាពលរដ្ឋជនជាតិស្បែកស និងជាង៣០ភាគរយជាពលរដ្ឋជនជាតិអាស៊ី។
ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្នាក់រដ្ឋសម្រាប់សង្កាត់ទី១៨ Middlesex នៃរដ្ឋម៉ាសាឈូសេតនេះ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ហើយបេក្ខជនខ្មែរអាមេរិកាំងទាំងបីរូបនេះ សង្ឃឹមថា ពលរដ្ឋនៅសង្កាត់នេះនឹងបោះឆ្នោតឲ្យពួកគេរៀងៗខ្លួន៕