ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានរយៈពេលជិតមួយខែហើយប៉ុន្តែចំនួនពលរដ្ឋដែលបានមកចុះឈ្មោះមានតែជាង១០ភាគរយប៉ុណ្ណោះនៃចំនួនសរុប១,៦លាននាក់។
លោកឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់នៅក្នុងកម្មវិធីHello VOA កាលពីថ្ងៃច័ន្ទថាចំនួនតិចតួចនេះអាចបណ្តាលមកពីស្ថានការណ៍នយោបាយតឹងតែង នីតិវិធីរដ្ឋបាលស្មុគស្មាញសម្រាប់ជនផ្លាស់ប្តូរទីលំនៅនិងកត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើនជាដើម។
Your browser doesn’t support HTML5
គិតត្រឹមថ្ងៃទី២៥ខែកញ្ញាពលរដ្ឋដែលមកចុះឈ្មោះមានចំនួន២១២.៩៧១នាក់ដែលត្រូវជា១៣ភាគរយនៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នីតិវិធីនៃការចុះឈ្មោះនៅឆ្នាំ២០១៧នេះមានការតឹងរ៉ឹងជាងឆ្នាំ២០១៦។ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានកំណត់ថា អ្នកចុះឈ្មោះថ្មីឆ្ងាយពីទីលំនៅអចិន្ត្រៃយ៍ត្រូវមានអត្តសញ្ញាណបណ្ណជនជាតិខ្មែរ មានសាក្សីដែលបានចុះឈ្មោះហើយចំនួនមួយនាក់ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន(ក៩)ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលនៃឃុំសង្កាត់របស់សាម៉ីខ្លួន។ រីឯអាជ្ញាធរមូលដ្ឋានបានបន្ថែមនីតិវិធីមួយទៀតក្នុងការទទួលបានលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន(ក៩) គឺពលរដ្ឋត្រូវមានលិខិតផ្លាស់ប្តូរទីលំនៅពីកន្លែងដើម (ក៥) និង(ក៦) ទើបនគរបាលប៉ុស្តិ៍រដ្ឋបាលអនុញ្ញាតចុះក្នុងបញ្ជីស្នាក់នៅបណ្តោះអាសន្ន(ក៨)និងបន្ទាប់មកទើបចេញលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន(ក៩)បាន។
លោកឱក សេរីសោភក្តិ៍បានស្នើឡើងថាចំណាត់ការរដ្ឋបាលរបស់ក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានគឺមានប្រសិទ្ធភាពតែលើការគ្រប់គ្រងសន្តិសុខច្រើនជាងការសម្រួលឱ្យពលរដ្ឋចុះឈ្មោះបានច្រើនព្រោះនីតិវិធីនៃការចុះឈ្មោះស្នាក់នៅមាន«លក្ខណៈសាំញ៉ាំ»បើទោះបីជាស្របទៅនឹងច្បាប់ជាធរមានក៏ដោយ។
លោកបន្ថែមថា៖
«រឿងហ្នឹងល្អសម្រាប់សន្តិសុខរបស់ប្រជាពលរដ្ឋនៅក្នុងជីវិតប្រចាំថ្ងៃក៏ប៉ុន្តែដល់យកមកអនុវត្តនៅក្នុងក្របខណ្ឌចុះឈ្មោះបោះឆ្នោតខ្ញុំគិតថាប្រជាពលរដ្ឋគាត់លំបាកមែនទែនហើយជាលទ្ធផលអាចនឹងធ្វើឱ្យមានការរារែកកង្វល់ហើយយឺតយ៉ាវនៅក្នុងការចុះបញ្ជីហ្នឹង»។
លោកសោភក្តិ៍ស្នើឱ្យក្រសួងមហាផ្ទៃនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការជាមួយគ្នាដើម្បីជួយសម្រួលឱ្យមានភាពងាយស្រួលជាងពេលបច្ចុប្បន្ននេះ។
លោកបានផ្តល់យោបល់ថាអត្តសញ្ញាណបណ្ណពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធថ្មីរក្សាជាឌីជីថលអាចនឹងជួយកាត់បន្ថយការចុះឈ្មោះស្ទួនគ្នាបានហើយគួរតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រើប្រាស់ដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោត។
ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាមានលក្ខណៈតឹងតែងដោយមេដឹកនាំគណបក្សប្រឆាំងគឺលោកកឹម សុខាត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទក្បត់ជាតិដោយសង្ស័យថាបានឃុបឃិតជាមួយនឹងបរទេស។
លោកបានបន្ថែមថា៖
«ស្ថានការណ៍នយោបាយដែលក្តៅគគុកបែបនេះធ្វើឱ្យប្រជាពលរដ្ឋគាត់ហេងហាង ង៉េមង៉ាម លោកមិនដឹងថាតើស្ថានការណ៍ហ្នឹងវាអាចនឹងនាំឱ្យមានការបោះឆ្នោតឬអត់ហើយអាចឈានទៅដល់ការដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំហ្នឹងអាចចូលរួមការបោះឆ្នោតឬអត់»។
ភាគច្រើននៃពលរដ្ឋចំនួន១,៦លាននាក់ថ្មីគឺជាអ្នកដែលទៅធ្វើការនៅប្រទេសថៃនិងអ្នកដែលទើបមានអាយុគ្រប់១៨ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកសោភក្តិ៍។
ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនឹងបញ្ចប់នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះហើយប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨។
លោកសោភក្តិ៍យល់ថាការបោះឆ្នោតមួយដែលកើតឡើងនៅក្នុងបរិយាកាសកំដៅនយោបាយខ្លាំងហើយបើឈានទៅដល់អត់មានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជានឹងប៉ះពាល់ដល់ការបោះឆ្នោតនោះផងដែរ។
«តើការបោះឆ្នោតហ្នឹងអាចនឹងមានការទទួលស្គាល់ឬមិនទទួលស្គាល់ពីមតិជាតិនិងសហគមន៍អន្តរជាតិដែរឬអត់ហើយនៅពេលហ្នឹងតើស្ថានការណ៍ហ្នឹងវាអាចនឹងក្លាយទៅជាយ៉ាងណា? នេះជាកង្វល់ស៊ីជម្រៅរបស់ខ្ញុំ»៕