ខ្មែរនៅរដ្ឋចរចាទៅបោះឆ្នោតក្នុងចំនួនតិចតួច

Your browser doesn’t support HTML5

មានពលរដ្ឋខ្មែរជាង១ម៉ឺននាក់រស់នៅទូទាំងរដ្ឋចរចាដោយរស់នៅប្រមូលផ្តុំភាគច្រើននៅក្រុងRiverdale ដែលស្ថិតនៅផ្នែកខាងត្បូងទីក្រុងអាត្លង់តា។ ប៉ុន្តែពួកគេមិនទាន់ចុះឈ្មោះបោះឆ្នោតបានច្រើននៅឡើយទេ គឺខ្ទង់តែជាង៣ភាគរយប៉ុណ្ណោះ។

ការគ្រប់គ្រង​មុខ​របរ​នៅ​ហាង​ធ្វើ​ក្រចក​ធុន​មធ្យម​មាន​លក្ខណៈ​មមាញឹក​ជា​រៀង​រាល់​ថ្ងៃ​ធ្វើ​ឱ្យ​ ​លោក គង់ ច័ន្ទ​សុគន្ធ​ខកខាន​មិន​ដែល​បានទៅ​បោះឆ្នោត​ប្រធានាធិបតី​ម្តង​នៅ​ឡើយ​ទេ។

លោក​បាន​បញ្ជាក់​ថា៖

«ចុះឈ្មោះ​ហើយ​ភ្លេច។ រវល់​ធ្វើការ​ទៅ​អត់​បាន​អ្នកណា​ណែនាំ​»។

ប៉ុន្តែ​សម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ខាងមុខ​នេះ​ លោកច័ន្ទ​សុគន្ធ​បាន​សម្រេច​ថា ​លោក​ត្រូវ​តែ​ទៅ​ដោយ​ខាន​មិន​បាន​ ព្រោះ​លោក​បាន​យល់​ដឹង​ពី​សិទ្ធិ​ជា​ពលរដ្ឋ​មួយ​រូប ​និង​តម្លៃ​នៃ​សន្លឹកឆ្នោត​របស់​លោក។

លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​អណត្តិ​នេះ​សមាគម​យើង ​ឬក៏​ Cambodia Town ​យើង​ ឬក៏​ខាង​អាជ្ញាធរ​អាមេរិកាំង​ដែល​យើង​រស់នៅ​ទីក្រុង​ Clayton​គេ​នឹង​ប្រាប់​យើង​ហើយ​មុន​នឹង​បោះឆ្នោត​ចឹង​យើង​ប្រាកដ​ជា​បាន​ទៅ​ហើយ‍»។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​១ម៉ឺន​នាក់​រស់​នៅ​ទូទាំង​រដ្ឋ​ចរចា​ដោយ​រស់នៅ​ប្រមូល​ផ្តុំភាគច្រើន​នៅ​ក្រុង​Riverdale ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​ទីក្រុង​អាត្លង់តា។

ប៉ុន្តែ​ពួកគេ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ច្រើន​នៅឡើយ​ទេ​គឺ​ខ្ទង់​តែ​ជាង​៣​ភាគរយ​ប៉ុណ្ណោះ។ លោក​រ៉ែនឌី មុត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ធនធាន​អង្គរ(ARC)បាន​ពន្យល់​ពី​មូលហេតុ៖

«ភាគ​ច្រើន​បងប្អូន​ខ្មែរ​យើង​គាត់​ខ្លាច​ថា​ចុះ​ឈ្មោះ​ទៅ​គេ​ហៅ​ទៅ​ចូលរួម​ធ្វើ​គណៈវិនិច្ឆ័យ។ គាត់​ខ្លាច​ចំណុច​ហ្នឹង​មែនទែន​ពីព្រោះ​ ទីមួយ​អង់គ្លេស​គាត់​មិនខ្លាំង​។​ទីពីរគាត់​អត់​មាន​ពេល​គាត់​ខាតពេល​ធ្វើការ​ទៅ​អត់​មាន[លុយ]បង់​ចំណាយ។​ នេះ​ជាបញ្ហា​ធំមួយ​ដែល​គាត់​ព្រួយបារម្ភ‍»។

លោក​រែនឌី ​បាន​ជ្រើសរើស​បាន​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន​ដែល​នឹងជួយ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​មជ្ឈមណ្ឌល​និង​តាម​លំនៅដ្ឋាន​ព្រោះ​ពេលវេលា​ចុង​ក្រោយនឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១១​ខែ​តុលាខាងមុខ។

អ្នកស្រី​ហេង វ៉ាន់ឌី ​អាច​ជាគោលដៅ​មួយ​ដែលក្រុម​លោក​រ៉ែនឌី​នឹង​ត្រូវ​មក​ជួប​ដោយ​សារ​គាត់បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ​១៩៨៦​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោតនៅ​ឡើយទេ។ «ខ្ញុំ​មិន​មែន​ថា​មិន​ចាប់​អារម្មណ៍​ទេ​ប៉ុន្តែ​វាអត់​មាន​ពេល​ម្ល៉ោះ​ហើយ​កូនធ្វើការ​គ្រប់​គ្នា​ទៅ​។ ខ្ញុំ​អត់​ចេះ​បើ​កឡាន​ទៅណា​ឆ្ងាយ​ទេ​បើ​មក​វត្ត​បាន​បើ​ទៅរក​កន្លែងហ្នុង​រក​មិនឃើញ‍»។​

ការមិនចេះ​បើក​រថយន្ត​មិន​មែន​ជា​មូលហេតុ​តែមួយ​ទេ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​មិន​ទៅបោះឆ្នោត​ទេ។

លោក​តូនី អ៊ុំ ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញក៏​មិន​ដែល​បោះឆ្នោត​ដែរ​ហើយ​ ហេតុផល​របស់​លោក​គឺ៖

«ពីព្រោះ​ខ្ញុំ​គិត​ថា​បោះឱ្យ​គណបក្ស​ណា​មួយ​ហើយ​ដល់​បាន​ឡើង​ទៅ​អត់​ឃើញ​មាន​អ្វី​ខុស​គ្នា​ផង​គឺ​ដូច​តែដូច‍»។

​បើ​ទោះបី​ជា​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​និង​អ្នក​ចេញ​ទៅបោះឆ្នោត​នៅ​មាន​ចំនួន​តិចតួច​ប៉ុន្តែ​សកម្ម​ជន​សហគមន៍​សង្កេត​ឃើញថា​មាន​ការប្រសើ​រឡើង​ច្រើន​ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​ណែម ឈើង ​ប្រធាន​សមាគម​ Cambodia Town ​នៅ​ក្នុង​រដ្ឋ​ចរចា​មើល​ឃើញ​ពី​ការ​កើនឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ «ប្រជាជន​នៅ​ទីនេះ​ចាប់ផ្តើមយល់​ថា​សន្លឹកឆ្នោត​មាន​សារៈសំខាន់។ ម្ល៉ោះ​ហើយ​ARC ​កំពុងតែ​ធ្វើការ​សំខាន់​មួយ​កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​ហើយ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ហើយ​ពន្យល់​ពី​សារៈ​សំខាន់​នៃ​ការ​ទាញ​ផល​ប្រយោជន៍​ជាពិសេស​ថែរក្សា​Medicare ​និង​ Medicaid ​ឱ្យ​ចាស់ៗ។ ការថែរក្សា​សុខភាព​សហគមន៍​ទាល់​តែ​យើង​មាន​សមត្ថភាព​ទៅបោះឆ្នោត​រើស​មនុស្ស​ហ្នឹង​បាន​មនុស្ស​ដែល​ជា​តំណាង​យើង​គិត​គូ​អំពី​ផលប្រយោជន៍​សហគមន៍​យើង‍»។​

សេដ្ឋី​អចលនទ្រព្យ​ លោកដូណល់ ត្រាំ​គឺ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោកស្រី​ហ៊ីលឡារី គ្លីនតុន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​និង​ជាអតីត​រដ្ឋ​មន្ត្រី​ការបរទេស​សម្រាប់​តំណែង​ប្រធានាធិបតី។

លោក​វ៉ាន់នី ឆាយ​ម្ចាស់​ហាង​ជួសជុល​រថយន្ត​បាន​សម្រេច​ចិត្ត​ថា​នឹង​បោះឆ្នោត​ជូន​លោក​ដូណល់ ត្រាំ៖

«ខ្ញុំ​ថា​គាត់​ជាអ្នក​ខាង​រកស៊ី​។ បើ​យើង​យក​អ្នក​រកស៊ី​ហើយ​នឹង​អ្នក​នយោបាយ​មកចូល​ជាមួយ​គ្នា​ខ្ញុំ​ថា​អ្វីៗ​ក៏ដើរ​ទៅ​បាន​ដែរ​ម៉្លោះ​ហើយអ្នក​មាន​ខួរក្បាល​រកស៊ី​វាចូលជាមួយ​គ្នា​សមគ្នា​បាន​។ ប៉ុន្តែ​ហ៊ីលឡារី​មានតែ​ខាង​នយោបាយ​យកមក​បង្កើត​គំនិត​ជំនួញ​អត់​បាន​ទេ‍»។

រីឯ​លោក​គង់​ ច័ន្ទ​សុគន្ធ​វិញ​ផ្តោត​លើ​អ្នកនយោបាយ​ណា​ដែល​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា៖

«អ្នក​ដែល​ខ្ញុំ​នឹង​បោះឆ្នោត​ឱ្យ​គឺ​អ្នក​ហ្នឹង​គឺ​ស្គាល់​សុខទុក្ខ​ខ្មែរ​ច្រើន​។ ធ្លាប់​ទៅលេង​ស្រុក​ខ្មែរ​ធ្លាប់​ទទួល​មេដាយ​ធ្លាប់​ឱ្យ​ដឹង​ខ្មែរ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិតេយ្យ‍»។​

ហើយ​សម្រាប់​ថ្ងៃបោះឆ្នោត​វិញអ្នក​ស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ធនធាន​អង្គរ​នឹង​ជួយ​ដឹក​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ខ្វះ​មធ្យោបាយ​ដើម្បី​បាន​ទៅបោះឆ្នោត​ផងដែរ។​ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​រែនឌី មុត។

លោក​បាន​បន្ថែម​ថា៖

«ក្រុមយើង​ យើង​បាន​ហាត់​ហើយ​យើង​នឹង​ដឹកគាត់​ទៅផ្ទាល់​បោះរួច​ហើយ​នឹង​ធ្វើ​ពិធីជប់​លៀងមួយ​ អបអរ​សាទរ​ថា​នេះ​ជាការ​រីកចម្រើន​ជំហាន​ទៅមុខ​ទៀត‍»។​

អ្នកបោះឆ្នោត​ខុសបក្ស​គ្នា​ក៏​អាច​ចូលរួម​ក្នុង​ពិធីជប់លៀង​នេះ​បាន​ដូច​គ្នា​ព្រោះ​សកម្មជន​ចង់បាន​សហគមន៍​ខ្មែរ​មួយដែល​យកចិត្ត​ទុកដាក់​នឹង​បញ្ហា​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ខ្លាំង​ជាងមុន៕