ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិតានី ឃុំរុនតាឯក ដែលជាទីតាំងរស់នៅថ្មីរបស់អ្នកដែលត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់អង្គរ បានជំរុញអាជ្ញាធរដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ មុននឹងបញ្ជូនប្រជាពលរដ្ឋមករស់នៅតំបន់នោះ។
ប្រជាពលរដ្ឋអះអាងថា ពួកគេរស់នៅទីនោះយូរលង់មកហើយ នៅលើដីដែលមានទំហំធំ ប៉ុន្តែអាជ្ញាធរផ្តល់សំណងដីធ្លី ដែលមានទំហំតូច ដែលពួកគេយល់ថាជាដំណោះស្រាយមិនសមរម្យ ហើយអយុត្តិធម៌សម្រាប់អ្នកភូមិដែលរស់នៅយូរឆ្នាំ។
លោក ហ៊ន់ រ៉ាវុធ អាយុ ៤១ ឆ្នាំ អះអាងថា លោកបានគ្រប់គ្រងដី ១ ហិកតា ៧ ពាន់ម៉ែត្រការ៉េ ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ តាំងពីយូរលង់មកហើយ ហើយវាជាដីកេរដំណែលរបស់ឪពុកម្តាយលោក។ លោកថ្លែងបន្ថែមថា ជម្លោះដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ ២០០៦ នៅពេលអាជ្ញាធរបានចុះមកសិក្សា ហើយត្រៀមរៀបចំដីសម្រាប់ប្រជាពលរដ្ឋ ដែលអាជ្ញាធរគ្រោងនឹងជម្លៀសចេញពីតំបន់អង្គរ។
ប្រជាពលរដ្ឋរូបនោះមិនពេញចិត្តនឹងដំណោះស្រាយបច្ចុប្បន្ន ដែលឱ្យលោកដែលមានដីជិតពីរហិកតា ទទួលដីឡូតិ៍ ដែលមានទទឹង ២០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ឬស្មើនឹង ៦០០ ម៉ែត្រការ៉េ ដូចពលរដ្ឋដែលត្រូវជម្លៀសចេញពីតំបន់អង្គរ។
លោកប្រាប់វីអូអេថា៖ «ពួកយើងនៅនឹងភូមិនេះយូរលង់មកហើយ គឺយើងបានកាន់កាប់ដីតពីដូនតាមកដែលមានទំហំធំ។ ដល់ឱ្យយើង ២០ [ម៉ែត្រ] គុណនឹង ៣០[ម៉ែត្រ] តើឱ្យយើងទៅធ្វើស្រែយ៉ាងម៉េច? បើយើងអាស្រ័យផលដោយស្រែចម្ការអ៊ីចឹង?»។
លោកថ្លែងបន្ថែមថា៖ «បើយើងគិតតែពីយកដីប្រជាពលរដ្ឋក្នុងតំបន់ យកឱ្យប្រជាពលរដ្ឋក្រៅតំបន់ តើវាយុត្តិធម៌ដែរទេ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន?»។
បើតាមលោក រ៉ាវុធ បច្ចុប្បន្ននេះ ដីរបស់លោកមានដើមស្វាយចន្ទី ដើមត្នោត និងស្រែ ខណៈអាជ្ញាធរកំពុងឈូសឆាយដីនៅតំបន់នោះ ដើម្បីធ្វើផ្លូវ និងពុះឡូតិ៍ចែកដល់ប្រជាពលរដ្ឋមកពីតំបន់អង្គរ។
លោក ហ៊ន់ រ៉ាវុធ ឱ្យដឹងថា ប្រជាពលរដ្ឋ ២៣ គ្រួសារ នៅបន្តតវ៉ាទាមទារដីដែលពួកគេបានគ្រប់គ្រង ដែលដីសរុបមានជាង ៨២ ហិកតា។
ប្រជាពលរដ្ឋនៅភូមិតានីបានដាក់លិខិតទៅក្រសួងរៀបចំដែនដី ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនលើកច្រើនសាមកហើយ។ ប៉ុន្តែមិនមានដំណោះស្រាយនៅឡើយទេ។
លោក ហ៊ន់ រ៉ាវុធ ថ្លែងបន្ថែមថា៖ «ការកាន់កាប់ដីរបស់ពួកខ្ញុំ មិនមែនការកាន់កាប់ដោយខុសច្បាប់ទេ ព្រោះអីយើងកាន់កាប់ដីមរតកពីដូនតាមក។ បើយើងយោងតាមច្បាប់ភូមិបាល ២០០១ មក គឺវាអត់មានខុសលក្ខខណ្ឌនៃច្បាប់ហ្នឹងទេ ព្រោះអីយើងកាន់កាប់យូរលង់មកហើយ។ ម្យ៉ាងទៀត យើងអ្នកភូមិកំណើតនៅនេះ»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ហ៊ុប ទូច អាយុ ៦៣ ឆ្នាំ អះអាងថា លោកគ្រប់គ្រងដីនៅតំបន់នោះចំនួន ៩ ហិកតាកន្លះ ដែលលោកទុកសម្រាប់ចែកកូនទាំង ៦ នាក់របស់លោក។ លោកថ្លែងបន្ថែមថា អាជ្ញាធរគួរផ្តល់ដំណោះស្រាយសមរម្យ ដោយកាត់ឆ្វៀលដីនៅទីនោះក្នុងទំហំណាមួយ បើទោះតិចជាងដីដែលអ្នកភូមិគ្រប់គ្រងតាំងពីយូរលង់មកហើយ។
លោកប្រាប់វីអូអេថា៖ «អាជ្ញាធរអត់ព្រមៗ ចង់យករបស់ពួកខ្ញុំ Free [មិនឱ្យលុយ]តែម្តង និយាយឱ្យចំទៅ។ វាអត់សមរម្យ បានជាពួកខ្ញុំចេះតែតវ៉ាហ្នឹង»។
បើតាមលោក ហ៊ុប ទូច កាលពីមុន អាជ្ញាធរបានផ្តល់ដីប្រមាណ ៦ ហិកតាដែលមានទីតាំងនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី សម្រាប់រូបលោក។ ប៉ុន្តែលោកបានបដិសេធមិនទទួលយក ព្រោះជាដីព្រៃ មិនអាចធ្វើស្រែបាន និងមិនមានផ្លូវ។ ប៉ុន្តែដំណោះស្រាយបច្ចុប្បន្នដែលអាជ្ញាធរផ្តល់ឱ្យរូបលោក និងអ្នកភូមិផ្សេងទៀត គឺត្រូវទទួលដីឡូតិ៍ទំហំ ៦០០ ម៉ែត្រការ៉េ ដូចអ្នកភូមិអង្គរដែលត្រូវជម្លៀសមក។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា អ្នកនាំពាក្យសាលាខេត្ត លោក លី សំរិទ្ធ អភិបាលស្តីទីស្រុកបន្ទាយស្រី លោក ភន់ សុខុម និងអភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់ ដែលជាអតីតអភិបាលស្រុកបន្ទាយស្រីបាននៅឡើយទេ។
នៅក្នុងលិខិតជូនដំណឹងមួយ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ដែលវីអូអេទទួលបាន អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់ប្រជាពលរដ្ឋជាង ២០ គ្រួសារនៅភូមិតានី ឱ្យទទួលយកដំណោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាល គឺទទួលបានដីដែលមានទទឹង ២០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតក្នុងឃុំរុនតាឯក។ អភិបាលខេត្តក៏បានព្រមានថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់លើប្រជាពលរដ្ឋដែលបន្តតវ៉ា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលចូលរួមនៅក្នុងការដោះស្រាយបញ្ហាដីធ្លីឱ្យប្រជាពលរដ្ឋនៅតំបន់រុនតាឯក លើកឡើងថា ប្រជាពលរដ្ឋមិនព្រមចូលខ្លួនទៅដោះស្រាយជាមួយអាជ្ញាធរ ខណៈលោកការពារថា អាជ្ញាធរធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖ «មនុស្សយើងទាំងអស់គ្នា យើងមានសិទ្ធិនៅក្នុងការរស់នៅស្របច្បាប់ទាំងអស់គ្នា។ អត់មាននរណាគ្មានសិទ្ធិទេ។ ក៏ប៉ុន្តែអ្វីដែលជាកិច្ចការងាររដ្ឋ គឺត្រូវការជជែកគ្នា។ គេហៅមកជជែក គេហៅមកផ្តល់ព័ត៌មាន។ គេហៅមកផ្តល់នូវជម្រើស»។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានកំពុងរៀបចំដីនៅឃុំរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់អង្គរ។ ជាដំណោះស្រាយនៃការជម្លៀសពលរដ្ឋចេញពីតំបន់អង្គរ ប្រជាពលរដ្ឋនឹងទទួលបានដីទំហំ ២០ ម៉ែត្រគុណនឹង ៣០ ម៉ែត្រ នៅក្នុងឃុំរុនតាឯក និងអត្ថប្រយោជន៍មួយចំនួនទៀត។
កាលពីចុងខែសីហា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើប្រជាពលរដ្ឋមិនព្រមចាកចេញ នោះអង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានចុះបញ្ជីកាលពីឆ្នាំ ១៩៩២៕