សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងនៅទីក្រុងឡុងប៊ិច បានសម្តែងការអបអរសាទរក្រោយពីវិធានការចំនួន៥ ដែលបានស្នើឡើងសម្រាប់ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ត្រូវបានអ្នកបោះឆ្នោតសម្រេចគាំទ្រនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា។
ក្នុងចំណោមវិធានការទាំងនោះ គឺមានការស្នើឱ្យបែងចែកឡើងវិញនូវខ្សែបន្ទាត់ព្រំប្រទល់សង្កាត់ (ហៅថាវិធានការDDD) ដែលសហគមន៍ខ្មែរយល់ថា បានធ្វើឱ្យសហគមន៍បាត់បង់លទ្ធភាពប្រមូលកម្លាំងគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ អ្នកបោះឆ្នោត បានគាំទ្រដោយសំឡេង ៤៨.៧៧៤ (៥៨,៥៩%) ទល់នឹងសំឡេងជំទាស់ចំនួន៣៤.៤៧៦ (៤១.៤១%)។ នេះបើតាមតួលេខផ្លូវការ។
លោក ឆាល សុង សហមេដឹកនាំនៃចលនាសមធម៌ខ្មែរដែលបានទាមទារឱ្យមានការបែងចែកបន្ទាត់ព្រំប្រទល់សង្កាត់ឡើងវិញបានបញ្ជាក់ថា៖
«លទ្ធផលនេះបានបង្ហាញថា ឥទ្ធិពលគឺមិនមែនស្ថិតនៅលើអភិបាលក្រុង ឬ ក្រុមប្រឹក្សាក្រុង គឺស្ថិតនៅលើយើងទាំងអស់គ្នា។ អីចឹងហើយបានថា ឆ្នាំនេះខុសប្លែកពីឆ្នាំណាទាំងអស់ គឺមានបងប្អូនខ្លះមិនដែលបោះឆ្នោត៣០ឆ្នាំហើយ ហើយនេះជាការបោះឆ្នោតលើកទីមួយរបស់គាត់ដោយសារតែយល់ឃើញពីសារ:សំខាន់ហ្នឹង»។
កញ្ញា ឡូរ៉ា សោម អ្នកដឹកនាំមួយរូបនៃចលនាសមធម៌ខ្មែរយល់ថា វិធានការDDDនេះចូលដល់បេះដូងសហគមន៍ខ្មែរដោយសារតែចាប់តាំងពីឆ្នាំ២០១១ មកសហគមន៍ខ្មែរនៅក្នុងទីក្រុងឡុងប៊ិចត្រូវបានអាជ្ញាធរគូសបែងចែកព្រំដែនចូលទៅក្នុងសង្កាត់ចំនួនបួន ដែលមានសង្កាត់លេខ១ លេខ២ លេខ៤ និងលេខ៦ ជាជាងដាក់ពួកគេនៅក្នុងសង្កាត់តែមួយ។
កញ្ញាបានបន្ថែមថា៖
«នៅទីក្រុងឡុងប៊ិចបើសិនជាគេយកភាគច្រើននៃសំឡេងរបស់ខ្មែរទៅបែងជាចេញជាបួនសង្កាត់គឺគ្មានភាពស្មើគ្នាទេហើយក៏គ្មានយុត្តិធម៌ដែរពីព្រោះយើងគ្មានសំឡេងច្រើនដើម្បីធ្វើអ្វីមួយនៅទីក្រុងឡុងប៊ិច»។
ការប៉ះពាល់នេះមានមកលើផ្នែកសេវាសង្គមនិងថវិកាដែលទទួលបានពីរដ្ឋាភិបាលសហព័ន្ធដែលធ្វើឱ្យពលរដ្ឋខ្មែរក្លាយជាពលរដ្ឋភាគតិចនៅក្នុងសង្កាត់ទាំងបួនហើយទទួលបានការយកចិត្តទុកដាក់តិចតួច។
កញ្ញាបានបន្ថែមថា៖
«ម៉្លោះ ហើយខ្មែរយើងគឺមានការពិបាកណាស់ពីព្រោះសេវាដែលសក្តិសមនឹងប្រពៃណីខ្មែរគឺគេអត់មានហើយការស្គាល់ប្រពៃណីខ្មែរក៏អត់មានអ្នកណាស្គាល់ទៀត។ នេះហើយជាសមធម៌ដែលយើងចង់សុំយកពីគេមក»។
ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅជាង ៥០០០០ នាក់ដែលជាសហគមន៍ខ្មែរក្រៅប្រទេសដ៏ធំជាងគេបំផុតហើយទទួលបានរហ័សនាមថា«ប្រទេសកម្ពុជាទីពីរ»។ ភាគច្រើននៃពួកគេបានមករស់នៅក្រោយពីការដួលរលំនៃរបបខ្មែរក្រហមកាលពីជិត៤០ឆ្នាំមុន។
ពលរដ្ឋខ្លះទទួលបានជោគជ័យក្នុងជីវិតប៉ុន្តែអ្នកខ្លះក៏នៅជួបការលំបាកដែលតម្រូវឱ្យមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល។
កញ្ញា ឡូរ៉ា សោម យល់ថា ជំងឺបាក់ស្បាតស្មារតីពីរបបខ្មែរក្រហមបានរារាំងពលរដ្ឋខ្មែរអាមេរិកាំងមិនឱ្យចូលប្រឡូកខ្លាំងក្នុងនយោបាយនៅសហរដ្ឋអាមេរិកនិងមិនទទួលបានពេញលេញនូវធនធានរដ្ឋដែលមានសម្រាប់សហគមន៍។
កញ្ញាបានបន្ថែមថា៖
«ទីមួយប្រពៃណីយើងនិងប្រពៃណីរបស់គេខុសគ្នាណាស់ម្ល៉ោះ ហើយបើសិនជាយើងមានជំងឺបាក់ស្បាតខ្លាំងហើយយើងត្រូវទាក់ទងអ្នកនយោបាយជាមួយនឹងសមាជិកក្រុមប្រឹក្សា ចៅសង្កាត់ ឬ ចៅហ្វាយក្រុង គេមិនអាចស្តាប់យើងបានម៉្លោះ ហើយទោះបីជាយើងជាមេដឹកនាំសហគមន៍ហើយយកបញ្ហាប្រជាជនយើងទៅប្រាប់គេប៉ុន្តែយើងអត់ស្គាល់ប្រពៃណីគេគឺគេមិនអាចស្តាប់យើងបានហើយក៏ស្តាប់យើងមិនយល់»។
ក្រៅពីវិធានការបែងចែកបន្ទាត់ព្រំដែនសង្កាត់ ក្រុមអ្នកបោះឆ្នោតក៏បានផ្តល់ការគាំទ្រដល់ការផ្តល់ជូនក្រុមសវនករទីក្រុងនូវអំណាចធ្វើការត្រួតពិនិត្យមើលការងារនិងទទួលបានឯកសារចាំបាច់ពីទីក្រុងដើម្បីបំពេញការងារ (វិធានការAAA) អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាក្រុងនិងអភិបាលក្រុងដែលជាប់ឆ្នោតកាន់ការងារច្រើនបំផុតបានតែបីអាណត្តិនិងលុបចោលការសរសេរឈ្មោះចូលនៅលើសន្លឹកឆ្នោត (វិធានការBBB) បង្កើតគណោៈកម្មការក្រមសីលធម៌មួយដែលមានសមាជិក៧នាក់ (វិធានការCCC) និងចុងក្រោយ គឺ តម្រូវឱ្យសណ្ឋាគារដែលមាន៥០បន្ទប់ឡើងទៅបំពាក់ប៊ូតុងប្រកាសសញ្ញាអាសន្នដើម្បីការពារអ្នកសម្អាតអនាម័យពីការយាយីរំខានផ្លូវភេទនិងហាមឃាត់ម្ចាស់សណ្ឋាគារមិនត្រូវតម្រូវឱ្យពួកគេធ្វើការលើសពី ៣៧០ម៉ែត្រការ៉េ ក្នុងពេលបំពេញការងារ៨ម៉ោង (វិធានការWW)។
តាមគម្រោង ការកំណត់បែងចែកព្រំដែនសង្កាត់នឹងកើតឡើងនៅក្រោយពីការធ្វើជំរឿនប្រជាពលរដ្ឋនៅឆ្នាំ២០២០ ដូច្នេះអាចនឹងធ្វើការបែងចែកព្រំប្រទល់ថ្មីនៅឆ្នាំ២០២១ ប៉ុន្តែបើមានការចាំបាច់ក៏អាចធ្វើនៅមុនពេលនេះក៏បានតាមការចាំបាច់ហើយសកម្មជនសហគមន៍ចង់ឱ្យធ្វើក្នុងពេលឆាប់ៗ។
លោក អាឡិច ណ័រមែន ជាប្រធានមជ្ឈមណ្ឌលសម្មាធិ កសិកម្ម យោហ្កា និងការអប់រំ (Maye) និងជាទីប្រឹក្សាដល់ចលនាសមធម៌ខ្មែរបានបញ្ជាក់ថា ការបំបែកសហគមន៍ខ្មែរគឺជាការដើរផ្ទុយនឹងគោលការណ៍របស់សាលាក្រុងខ្លួនឯងដែលកំណត់ថា មិនត្រូវបំបែកសហគមន៍ភាគតិចណាមួយឡើយហើយអាជ្ញាធរមានកាត្វកិច្ចយកបញ្ហានេះ មកដោះស្រាយដើម្បីកែប្រែកំហុសឆ្គងរបស់ខ្លួន។
លោក ណ័រមែន បានបន្ថែមថា បើទោះបីជាវិធានការDDDត្រូវបានពលរដ្ឋបោះឆ្នោតគាំទ្រហើយក៏ដោយក៏សកម្មជននឹងត្រូវធ្វើការជាមួយនឹងអាជ្ញាធរឱ្យដោះស្រាយបញ្ហានេះជាអាទិភាព៖
«យើងធ្វើការដោយឈរលើមូលដ្ឋានថាបើមានការពន្យាក្នុងការផ្តល់យុត្តិធម៌ គឺជាការបដិសេធយុត្តិធម៌ហើយដូច្នេះយើងចង់ឱ្យកិច្ចការនេះបានចប់សព្វគ្រប់នៅមុនការបោះឆ្នោតក្នុងឆ្នាំ២០២០ដែលនៅពេលនោះនឹងផ្តល់ឱកាសដល់សហគមន៍ខ្មែរមានសំឡេងដែលមានឥទ្ធិពលនយោបាយជាងមុន»។
ក្រុមសកម្មជនប្រមូលបានហត្ថលេខាចំនួនបីពាន់ដូច្នេះពួកគេនឹងយកញត្តិដែលមានហត្ថលេខាគាំទ្រនោះទៅក្រុមប្រឹក្សាក្រុងនៅសប្តាហ៍ក្រោយ។ ពួកគេចង់ឱ្យមានការសម្រេចនៅមុនការបោះឆ្នោតដែលនឹងមកដល់នៅឆ្នាំ២០២០ ព្រោះដើម្បីឱ្យពលរដ្ឋកម្ពុជាមានសំឡេងខ្លាំងជាងមុន។
ក្នុងរយ:ពេល៤០ឆ្នាំ ដែលពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច គឺគ្មានអ្នកតំណាងណាម្នាក់ជាប់ឆ្នោតនៅថ្នាក់ក្រុងឡើយ។ កាលពីឆ្នាំ២០០៦ធ្លាប់មានបេក្ខជនខ្មែរអាមេរិកាំងម្នាក់ឈរឈ្មោះដែរនៅសង្កាត់លេខពីរ ប៉ុន្តែមិនបានឈ្នះដោយសារមានសំឡេងខ្មែរគាំទ្រតិចតួច។
លោកស្រី វី ស្រ៊ន សមាជិកនៃមជ្ឈមណ្ឌល Maye និងជាអ្នកបានសួរសំណួរស្តីពីវិធីយកអំណាចសម្រាប់សហគមន៍ខ្មែរហើយដែលនាំឱ្យមានចលនាសមធម៌ខ្មែរកាលពីខែកញ្ញា ឆ្នាំ២០១៧បានថ្លែងថា លោកស្រីមាន«ក្តីរំភើប» ព្រោះក្តីប្រាថ្នាចង់បានសំឡេងនយោបាយមួយជាយូរឆ្នាំមកហើយទើបតែបានចេញជារូបរាងពិតប្រាកដមួយនៅពេលនេះ៕