មន្ត្រីពន្លត់អគ្គិភ័យនៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់អគ្គិភ័យឆេះអាគារផ្ទះ Apartment កម្ពស់ ២៤ ជាន់ ដែលបានសម្លាប់មនុស្ស ១២ នាក់ កាលពីថ្ងៃពុធម្សិលមិញ បានទាំងស្រុងហើយ និងបានបញ្ជាក់ទៀតថា មានមនុស្សមួយចំនួនកំពុងនៅជាប់ក្នុងអាគារនោះ។
លោកស្រី Dany Cotton ស្នងការពន្លត់អគ្គិភ័យប្រចាំទីក្រុងឡុងដ៍ បានប្រាប់ទូរទស្សន៍ Sky News ថា៖ «ជាអកុសល ឥឡូវនេះ យើងមិនរំពឹងថានឹងរកឃើញអ្នកណាម្នាក់ដែលនៅរស់នោះទេ។ វាប្រាកដជារឿងអស្ចារ្យមិននឹកស្មានដល់ជាមិនខាន ប្រសិនបើមានមនុស្សនៅរស់ ដោយសារតែអគ្គិភ័យនេះមានកម្ដៅ និងឥទ្ធិពលខ្លាំងក្លាបំផុត»។
អណ្ដាតភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅពេញមួយអាគារផ្ទះ Apartment Grenfell Tower នៅក្នុងតំបន់ West London នៅមុនថ្ងៃរះ កាលពីព្រឹកថ្ងៃពុធម្សិលមិញ ដែលធ្វើឲ្យអ្នករស់នៅក្នុងអាគារនោះមិនអាចគេចចេញទៅណារួច។ អាគារនេះមានផ្ទះ Apartment ចំនួន ១២០ ខ្នង និងមានមនុស្សចំនួនដល់ទៅ ៦ រយនាក់ រស់នៅ។
លោកស្រី Cotton បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សជាប់ក្នុងអាគារនោះ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ស្របពេលដែលអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង វាហាក់ដូចជាឆាប់ពេកក្នុងការដាក់ការសង្ស័យលើមូលហេតុណាមួយដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងនោះ។
ក្រៅពីជនរងគ្រោះ ១២ នាក់ ដែលស្លាប់ដោយសារអគ្គិភ័យនេះ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ៧៤ នាក់ដែរ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕