សហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារអះអាងថា ពួកគេនៅតែរកឃើញបទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ក្នុងឃុំព្រះមេរុ ស្រុកត្បែងមានជ័យ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ព្រៃឈើ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ ២០២៣ ក្នុងដែនជម្រកសត្វព្រៃព្រះរការ របស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ។
សេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះលើបណ្តាញសង្គមនាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ សហគមន៍ជនជាតិដើមភាគតិចកួយបានចុះល្បាតព្រៃចំនួន ៥ ដង ហើយបានរកឃើញថា មានបទល្មើសព្រៃឈើ ដូចជាគល់ឈើដែលបានកាប់ផ្តួល អារជ្រៀកចំនួន ៣៦៦ គល់ ក្ដារបន្ទះចំនួន ៣៤២ បន្ទះ ឈើតាប់ចំនួន ៣,២ ម៉ែត្រគូប ឈើប្រភេទសសរចំនួន ២៧ ដើម ព្រមទាំងមានបទល្មើសសត្វព្រៃផងដែរ។ ប្រជាសហគមន៍ក៏បានរិះគន់មន្ទីរបរិស្ថានខេត្តព្រះវិហារផងដែរ។
ប្រជាសហគមន៍លើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ប្រសិនបើខាងមន្ទីរបរិស្ថានខេត្តព្រះវិហារពិតជាមានឆន្ទៈការពារពិតមែន សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំព្រះមេរុ យើងធានាជូនទៅទីតាំងដែលកំពុងមានសកម្មភាពកាប់បំផ្លាញនោះ»។
លោក ស៊ុត សាវន សមាជិកនៃសហគមន៍ជនជាតិដើមភាគតិចកួយ ប្រាប់វីអូអេថា ករណីនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកព្រៃព្រះរការ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយមានចំនួនច្រើនផងដែរ។ លោកកត់សម្គាល់ថា មិនមានការរារាំង ឬការចុះធ្វើអន្តរាគមន៍បង្រ្កាបពីអាជ្ញាធរក្នុងតំបន់ឡើយ។
លោកថ្លែងថា៖ «ការកាប់បំផ្លាញព្រៃឈើ វានៅតែមានរហូត។ វាអត់បាត់បង់ អត់ផ្អាកនៃការកាប់បំផ្លាញព្រៃឈើទេ»។
លោកបញ្ជាក់ដែរថា លោកមិនបានដឹងថា ក្រុមហ៊ុនណានៅពីក្រោយការបញ្ជាឱ្យកាប់ព្រៃឈើនោះទេ ហើយអ្នកដែលបានកាប់ដើមឈើនោះភាគច្រើនត្រូវបានគេជួលឱ្យមកកាប់តែប៉ុណ្ណោះ។
លោក ស៊ុត សាវន ក៏បានបង្ហាញពីផលប៉ះពាល់ និងការព្រួយបារម្ភពីការបាត់បង់ព្រៃឈើយ៉ាងច្រើន ដោយលោកថា ការបាត់បង់នេះធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចអន់ថយ និងធ្វើឱ្យវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចបាត់បង់បន្តិចម្តងៗ។
លោកថ្លែងថា៖ «ការព្រួយបារម្ភរបស់ខ្ញុំ គឺប្រសិនបើធ្វើឱ្យមានការបាត់បង់ព្រៃឈើ គឺមានន័យថា ព្រួយបារម្ភទៅលើប្រពៃណី ទំនៀមទម្លាប់របស់គាត់ ដែលមានជំនឿសាសនាអីផ្សេងៗទៅលើដើមឈើ ហើយគាត់ធ្លាប់រកអនុផលពីព្រៃឈើហ្នឹង។ កាលណាដែលបាត់បង់ព្រៃឈើហ្នឹង គឺមានន័យថា បាត់បង់នូវមុខរបររបស់ពួកគាត់ដែលគាត់មិនអាចរកប្រាក់ចំណូលពីអនុផលព្រៃឈើបានទេ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន និងលោក សុង ចន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបាននៅឡើយទេ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់វីអូអេថា បើទោះបីជាមានការប្តេជ្ញាពីរដ្ឋាភិបាលអាណត្តិថ្មីក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្តី ប៉ុន្តែការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។ លោកគិតថា រដ្ឋាភិបាលគួរបើកការស៊ើបអង្កេតទៅលើមន្រ្តីនៅតាមមូលដ្ឋាន និងស្វែងរកឫសគល់នៃមេខ្លោងដែលប្រព្រឹត្តបទល្មើសព្រៃឈើ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បញ្ហាមិនមែនគ្រាន់តែជាចេតនារបស់ក្រុមជនល្មើសដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិទេ [ប៉ុន្តែវាគួបផ្សំ]កម្សោយ ឬក៏បញ្ហានៅខាងក្នុងមន្រ្តីមូលដ្ឋានដែលកំពុងប្រត្តិបត្តិការការពារនៅក្នុងដែនតំបន់ការពារហ្នឹង ក៏ប្រហែលអាចមានបញ្ហាដែរ។ ដូច្នេះខ្ញុំទទូចហើយទទូចទៀតថា រដ្ឋាភិបាលពិនិត្យទៅលើមន្ត្រីរបស់ខ្លួន ពិនិត្យទៅលើក្របខណ្ឌគោលនយោបាយ ពិនិត្យទៅលើក្របខណ្ឌវិជ្ជាជីវៈរបស់មន្ត្រីរបស់ខ្លួនថា តើមានបញ្ហានៅក្នុងគោលនយោបាយ ឬក៏មន្រ្តី»។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ ដែនជម្រកសត្វព្រៃព្រះរការ ដែលមានទំហំជាង ៩ ម៉ឺនហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដែលត្រូវគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយក៏ស្នើសុំដល់ក្រសួង និងមន្ទីរបរិស្ថានចូលរួមធ្វើកិច្ចអន្តរាគមន៍ និងដាក់ទោសទៅក្រុម ឬបុគ្គលដែលបានកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ។ ពួកគេបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ពួកគេមានគោលបំណងក្នុងការថែរក្សាព្រៃឈើដែលជាជីវិត វប្បធម៌ និងប្រពៃណីសម្រាប់ជនជាតិភាគតិចផងដែរ៕