លោក ហ៊ុន សែន៖ ការ​បិទ​ខ្ទប់​ទីក្រុង​​ត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា តែ​តំបន់​​មាន​ហានិ​ភ័យ​ត្រូវ​រាំង​ខ្ទប់​ដដែល

រូបឯកសារ៖ បារ៉ាស និងខ្សែចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ បាន​ឲ្យ​ដឹង​ថា​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ពោល​គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ពុធ។ នេះ​បើ​តាម​សារ​ឆ្លើយ​ឆ្លង​របស់​លោក ហ៊ុន សែន នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន ​Fresh News និង​ស្ថាប័ន​រដ្ឋ​នានារបស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ អស់​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក​ហើយ ពោល​គឺ​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ទប់​ស្កាត់​ការ​បន្ត​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។ ការបិទ​ខ្ទប់​នេះ ពី​ដំបូង​ឡើយ​មាន​រយៈ​ពេល​២​សប្តាហ៍ ប៉ុន្តែ​ត្រូវ​បាន​អូស​បន្លាយ​មួយ​សប្តាហ៍​ទៀត។

ក្នុង​សារ​ឆ្លើយ​តប​ទៅ​កាន់អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់ លោក ហ៊ុន សែន បាន​សរសេរ​ថា​«ពុំ​មាន​ហេតុ​ផល​» ដែល​បន្ត​បិទ​រាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នោះ​ទេ ប៉ុន្តែ​លោក​ថា​តំបន់​តូច​ៗ​ដែល​នៅ​មាន​ហានិ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង នឹង​ត្រូវ​រឹត​ត្បិត។

លោក​ ហ៊ុន សែន បន្ថែម​ថា៖​ «ការ​បិទ​កន្លង​មក គឺ​ជា​ការ​បង្ខំ​ចិត្ត​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​និង​ការ​ស្លាប់​របស់​ប្រជាជន​យើង។ សូម​យោគ​យល់​ដល់​ការ​លំបាក​រួម​របស់​ជាតិ»។

ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ​ថា​តើ​អាជ្ញាធរ​សុខាភិបាល​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ឬ​យ៉ាងណា។ ប៉ុន្តែ​ការ​ឆ្លង​ថ្មី​ដែល​ប្រកាសដោយ​ក្រសួង​សុខាភិបាល នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល​ក្នុង​មួយ​ថ្ងៃ។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ជាង​៧០០​នាក់ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ក្នុង​នោះ​មាន​ជាង​៤៥០​នាក់​នៅ​រាជ​ធានី​ភ្នំពេញ។ ចំណែក​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​រាយការណ៍​ការ​ឆ្លង​ថ្មី​ជាង​៨៤០ ហើយ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​៤​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់សរុប​កើន​ឡើង​ដល់​១០៦​នាក់។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

អាជ្ញាធរបាន​បែង​ចែកទីតាំង​ឆ្លង​នៅ​រាជធានី​ភ្នំពេញ ​ជា​៣ ដោយកំណត់​«តំបន់​ក្រហម»​ដែល​សំដៅលើ​ភូមិសាស្រ្ត​ដែលមាន​ការ​ឆ្លង​រាលដាល​កូវីដ​១៩​ធ្ងន់​ធ្ងរ «តំបន់​លឿងទុំ» សំដៅ​លើ​តំបន់​មាន​ការ​រាល​ដាល​កម្រិត​មធ្យម​និង​«តំបន់​លឿង» សំដៅ​លើ​តំបន់​មាន​ការ​រាល​ដាល​កម្រិត​ស្រាល។

រូបឯកសារ៖ បុរសម្នាក់កំពុងឈររង់ចាំចូលទៅបង្ហាញអត្តសញ្ញាណដើម្បីបានឆ្លងឡើងស្ពានជ្រោយចង្វារ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​លើក​ឡើង​ថា​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា អាជ្ញាធរ​នៅ​តែ​រក្សា​តំបន់​ទាំង​៣​ឲ្យ​នៅ​ដដែល ដោយ​មាន​ការយាម​កាមនិង​រឹត​ត្បិត​តឹង​រ៉ឹង។ នេះ​បើ​តាម​សារព័ត៌មាន​Fresh News​ដែល​បាន​ដក​ស្រង់​សម្តី​របស់​លោក ឃួង ស្រេង។

នៅ​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ជិត​៣​សប្តាហ៍​មក​នេះ មនុស្ស​ជាង​៤០០​នាក់ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន ដែល​ក្នុង​នោះ​មាន​១០​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ ហើយ​ខ្លះត្រូវ​បាន​កាត់​ទោស​និង​ខ្លះ​ទៀត​ត្រូវ​បានឃុំ​ខ្លួន​ជាប​ណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន​ សុខ​សីហា។

លោក​បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា មក​ដល់​ព្រឹកថ្ងៃ​ទី​៣ ខែ​ឧសភា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៤៣០​នាក់ ដោយ​ក្នុង​នោះ​ណែនាំ​អប់រំ​ជាង​៦០​នាក់ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣២០​នាក់។ លោក​បន្ត​ថា​សមត្ថកិច្ច​រង់​ចាំ​អនុវត្ត​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថា​តើ​នឹង​បន្ត​បិទ​ខ្ទប់ ឬ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ។

លោក យង់ គិម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាស​ន៍​ថា​ការ​គ្រប់​គ្រង​កុំ​ឲ្យ​រីករាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ តាម​រយៈ​ការ​បិទ​ខ្ទប់​ទីក្រុង មាន​ប្រសិទ្ធ​ភាព​គួរ​សម ហើយក៏​ជា​ជម្រើស​មួយ​ដែរ។ ទោះ​ជា​យ៉ាងណា លោក​ថា​វិធាន​ការ​របស់​អាជ្ញាធរ​មិន​ច្បាស់​លាស់​ ហើយ​ប្រជាជន​មិន​បាន​ដឹង​លម្អិត​អំពី​វិធាន​ការ ដូច្នេះ​ពួក​គេពិបាក​ក្នុង​ការ​អនុវត្ត។

លោក​មាន​ប្រសាសន៍​ថា៖ «ជួន​កាល​ ការ​ផ្លាស់​ប្តូរ​លឿន​ពេក។ ការ​ផ្លាស់​ប្តូរ​ពី​វិធានការ​ហ្នឹង​លឿន​ពេក ហើយ​ក៏​ជ្រួត​ជ្រាប​អត់​ដឹង​បាន​ច្បាស់​ទេ​បាទ»។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ខ្ញុំ​ថា​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ហ្នឹង ត្រូវ​ដាក់​វិធានការ​ណាមួយ​ គឺ​ឲ្យ​មាន​ភាព​ច្បាស់​លាស់ និង​ប្រាកដ​ប្រជា»។

លោក យង់ គិម​អេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ជួយ​ដល់​ប្រជាជន​ដែល​រង​គ្រោះគ្រប់​គ្នា ឲ្យ​ពួកគេ​ទទួល​បាន​អំណោយ​ ជា​ពិសេស​ពលរដ្ឋ​នៅ​តំបន់​ក្រហម ដោយ​សារ​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន។ លោក​បន្ត​ថា​ការជួយ​ដល់​ប្រជាពលរដ្ឋ​លើបញ្ហាថ្លៃទឹក និង​ភ្លើ​ង ក៏​ត្រូវ​ពិចារណា​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ក្នុង​កាលៈ​ទេសៈ​នេះ គួរ​តែ​ជួយ​សម្រាលបន្ទុក​ដល់​ប្រជាពលរដ្ឋ ព្រោះ​រដ្ឋ​គឺ​ត្រូវ​តែ​មាន​កាតព្វ​កិច្ច​ជួយ​ដល់​ប្រជា​ពលរដ្ឋ ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក»។

លោក យង់ គិម​អេង ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ណែនាំ​ឲ្យ​ច្បាស់​លាស់​អំពីវិធាន​ការ​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់ ដើម្បី​ធានា​ថា​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​អនុវត្ត​បាន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​របស់​ក្រុម​សហជីព​និង​អង្គ​ការ​សង្គម​ស៊ីវិល​ជាង​៣០ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ពួកគេ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ​១៩​និង​ការ​បិទ​ខ្ទប់​តឹងរ៉ឹង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​បន្ថែម​ដល់​ប្រជាពលរដ្ឋ។

ពួកគេ​បាន​ស្នើ​ដល់​រដ្ឋា​ភិបាល​ដាក់​ចេញ​កម្មវិធី​ផ្តល់​ជំនួយ​សង្គម ជំនួយ​សង្រ្គោះ​បន្ទាន់ រួម​មាន​ស្បៀង​អាហារ​និង​សម្ភារៈ​ចំាបាច់​ប្រចាំ​ថ្ងៃ​នានា​បន្ថែម​ទៀត ​ឲ្យ​ទាន់​ពេល​វេលា​ក្នុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ ជា​ពិសេស​កម្ម​ករ​និង​ពលរដ្ឋ​ខ្វះ​ខាត​ក្នុង«​តំបន់​ក្រហម»។ ពួកគេ​ក៏​ស្នើ​ឲ្យ​រៀបចំ​កន្លែង​សមរម្យ​សម្រាប់​អាជីវករ​ អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ តាម​ទីផ្សារ​និង​នៅ​តាម​ទី​សា​ធារណៈ​នានា ​ប្រកប​ដោយ​អនាម័យ និង​សុវត្ថិភាព​នៅ​នឹង​កន្លែង។

បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អាជ្ញាធរ​សុខាភិបាល​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ដែល​មាន​ប្រមាណ​៣​លាន​នាក់​ឲ្យ​បាន​រួច​រាល់ក្នុង​ខែ​មិថុនា។ លោក​បន្ត​ថា​ពេល​នេះ អាជ្ញាធរ​កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ក្នុង«​តំបន់​ក្រហម»៕