អង្គការ​លីកាដូ​និង​នគរបាល​អះអាង​​ផ្សេង​គ្នា​ជុំវិញ​​ការ​នាំ​ខ្លួន​មនុស្ស​៤​នាក់​ចេញ​ពី​ស្នាក់ការ​នៅ​ខេត្ត​បន្ទាយមានជ័យ

បុរស​ម្នាក់​និយាយ​ទូរសព្ទ​នៅ​ខាង​មុខ​ការិយាល័យ​អង្គការ​លីកាដូ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេសកម្ពុជា​កាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០១៧។REUTERS/Samrang Pring

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ​អះអាង​ផ្សេង​គ្នា​ជុំវិញ​ការ​ដែល​មន្រ្តី​នគរបាល​ចូល​ទៅ​ស្នាក់​ការ​របស់​អង្គការ​លីកាដូ​ក្នុង​ខេត្ត កាល​ពី​ថ្ងៃ​ពុធ ដោយ​នាំមនុស្ស៤​នាក់​ចេញ​ពី​ស្នាក់ការ។

អង្គការ​លីកាដូ​ទាមទារ​ឱ្យ​នគរបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ចូល​ទៅ​ស្ថាប័ន​ណាមួយ។ ប៉ុន្តែ​នគរបាលខេត្ត​បានច្រាន​ចោល និង​ថា​ករណី​នេះគ្រាន់តែ​ហៅ​ពលរដ្ឋ​មក​យកអំណោយ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ឃាត់​ខ្លួន​ឡើយ។

អង្គការ​លីកាដូ​បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា​ថា ​មន្ត្រី​នគរ​បាល​ចំនួន​៦​នាក់​បាន​ចូល​ក្នុង​បរិវេណ​ការិយាល័យ​លីកាដូ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដោយ​«ចាប់​ខ្លួន»​មនុស្ស៤​នាក់ ដែល​កំពុង​មក​ទទួល​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការពារ​គ្រួសារ​របស់​ពួក​គេ។ ក្នុង​ចំណោម​ពលរដ្ឋ​៤​នាក់​នោះ ក៏​មានអ្នកស្រី ហង្ស ត្រឹប ភរិយា​របស់​លោក កង សារ៉ន ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បាន​ទទួល​យក​មេធាវី​របស់​អង្គការ​លីកាដូ​ការពារ​ក្តីតាម​ផ្លូវ​ច្បាប់​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ ​ដែល​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ«​ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» និង«ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ»។

លោកត្រូវ​បាន​តុលាការផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​៣​ឆ្នាំ​ ​ទាក់​ទង​នឹង​ទស្សនៈ​នយោបាយ​របស់​លោក​ដែល​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេស​ប៊ុក​របស់​លោក អំឡុង​ពេល​យុទ្ធនា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ កាល​ខែ​កក្កដា ឆ្នាំ​២០២៣។ នេះ​បើ​តាម​អង្គការ​លីកាដូ​។

ចំណែក​មនុស្ស​៣​នាក់​ទៀត រួម​មាន​កូនស្រី​របស់​លោក កង​ សារ៉ន​ ​និង​អ្នក​ស្គាល់​គ្នា ដែល​បានជូន​ភរិយា​របស់​លោក កង សារ៉ន មក​ការិយា​ល័យ​លីកាដូ។

​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ ​លោក សិទ្ធ ឡោះ ​អះអាង​ថា​ការ​ដែល​នគរបាល​នាំ​ខ្លួន​មនុស្ស​នេះ មិន​មែន​ជា​ការ​ឃាត់​ខ្លួន​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា​ករណីនេះ​អាច​ជា​ការ​ភាន់​ច្រឡំគ្នា​ ព្រោះជាក់​ស្តែង​កម្លាំង​សមត្ថ​កិច្ច​គ្រាន់​តែ​ចុះ​ទៅ​ហៅ​ភរិយា​របស់​លោក កង សារ៉ន ឱ្យមកយក​ជំនួយ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាពខ្វះខាត​ដែល​ក្រុម​គ្រួសារ​បាន​ស្នើ​សុំមក​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ខល​មក​ពី​ប៉ោយ​ប៉ែត ​[មក​មន្ត្រី​ថ្នាក់​ក្រោម​] ​ខ្ញុំ​ថា​ទៅ​អញ្ជើញ​គាត់​មក គាត់​នៅ​ម្តុំ​វេទិកា​[នៅម្តុំស្នាក់​ការ​លីកាដូ​] ទៅ​យក​គាត់​មក​ស្នង​ការ​មក ស្បៀង​របស់​ខ្ញុំ​នៅ​ស្នងការ​ហ្នឹង​យក​ប្រគល់​ជូន​គាត់​ម្តង​ទៅ ឱ្យ​គាត់​មាន​មធ្យោបាយ​ដឹក​ទៅ ឱ្យ​គាត់​ដឹក​ទៅ​តែ​ម្តង។ មិន​ពិបាក​ខ្ញុំ​ទៅ​ទេ ហើយ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ ​[ម្តាយ​របស់​លោក កង សារ៉ន ​អាយុ​១០២​ឆ្នាំ​]​ជំនួស​ខ្ញុំ​ផង​ ជា​ការ​នឹករលឹក​»​។

លោក​បន្ថែម​ថា​អ្នក​ទាំង​៤​នាក់​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះវិញ​រៀងៗ​ខ្លួន​ផង​ដែរ កាល​ពី​ថ្ងៃ​ពុធ ​ក្រោយ​ទទួល​បានអំណោយ​ជា​អង្ករ និង​លុយ​មួយ​ចំនួន។ លោក សិទ្ធិ ឡោះ អះអាងថា​មូល​ហេតុ​ដែល​នគរបាល​ទៅ​យក​ពលរដ្ឋ នៅ​ពេល​ពួកគេ​នៅ​អង្គការលីកាដូ​ ដោយ​សារ​ពួកគេ​ទើប​ឡើង​មក​ពី​ស្រុក​ម៉ាឡៃ ហើយ​មិន​បាន​ស្គាល់​ទីតាំង​ស្នងការ​ដ្ឋាន​នគរបាល​ច្បាស់​លាស់។

លោក​បញ្ជាក់​ថា​៖ «គាត់​អត់​ស្គាល់​អី​ផង​ហ្នឹង​ គាត់​អត់​ដឹង​ពី​ណា​ទៅ​កន្លែង​ណា​ផង​ហ្នឹង​ សូម្បី​តែ​មក​ខេត្ត​ក៏​គាត់​មិន​ដែល​បាន​មក​ខេត្ត​ផង​ហ្នឹង​ គាត់​អត់​ស្គាល់​ទីតាំង​អត់​ស្គាល់​អី​ផង​ហ្នឹង»។

​ស្នងការ​នគរបាល​រូប​នោះ​បាន​ប្រតិកម្ម​នឹង​អ្នក​យក​ព័ត៌មាន​វីអូអេ ​នៅ​ពេល​ព្យាយាម​សួរ​អំពី​ការ​ដែល​សមត្ថកិច្ច​ចូល​ទៅ​ការិយាល័យ​របស់​អង្គការ​លីកាដូ។

លោក​ថ្លែង​ថា៖ «មិន​បាច់​សួរអី​ទៀត​ទេ​ ប៉ុណ្ណឹង​បាន​ហើយ​ បង​ដឹង​ថា​ប្អូន​សួរ​មាន​បំណង​អី​ហើយ​។ អ្វី​ដែល​បង​ផ្តល់​ដោយ​សុច្ចរិត​ភាព អ៊ីចឹង​ប្អូន​សួរ​បង​ដោយ​សុច្ចរិត​ភាព​ដែរ​ទៅ​។ អ៊ីចឹង​ក្រៅ​ពី​ហ្នឹង ​មិន​បាច់​សួរ​ច្រើន​ពេក​ទេ ​ប្អូន​ណា! ព្រោះ​និយាយ​អស់​ហើយ​»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ លោក អំ សំអាត​ ប្រាប់​វីអូអេ​ថា​ អង្គការ​លីកាដូ គឺជា​កន្លែង​ដែល​ការពារ​សិទ្ធិ​មនុស្ស និង​ជា​អង្គការ​ស្រប​ច្បាប់ ដូច្នេះ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​ទី​តាំង​អង្គការ​លីកាដូ ក្នុង​រូបភាព​កោះ​ហៅ ​ឬ​នាំខ្លួន​អ្នក​ណា​ ក៏ត្រូវ​តែ​បញ្ជាក់​ហេតុ​ផល​ច្បាស់​លាស់។​ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក​ថ្លែង​ថា៖ «ការ​ដែល​បញ្ជា​ឱ្យ​លុប​រូប ​លុប​អី​ហ្នឹង​ អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​យើង​មើល​ទៅ​តាម​ផ្លូវ​ច្បាប់​វិញ​ បើ​សិន​ជានីតិវិធី​ឬ​តាមផ្លូវ​ច្បាប់​ មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ គួរ​តែ​ដឹង​ដែរ ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​។ អាហ្នឹង​គឺអង្គ​ហេតុ​ដែល​យើង​សរសេរ​ យើង​នៅ​តែ​រក្សា​ថា​វា​ជា​ការ​ពិត​ដែល​កើត​នៅ​អង្គការ​លីកាដូ​»។

លោក​បន្ថែម​ថា៖ ​«ការ​អះ​អាង​ ​ផ្សេង​ៗគ្នា ​អ៊ីចឹង​អាជ្ញាធរ ក៏​មានមូល​ហេតុផ្សេង​ដែរ​។ បើ​យើង​មើល​ទៅ ក៏​យើង​មាន​មូល​ហេតុ​ផ្សេង​។ អ៊ីចឹង​អ្វី​ ដែល​យើង​ចង់​ឃើញ គឺ​ចង់​ឃើញ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ ​និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញ​លេញឱ្យ​បាន​ត្រឹមត្រូវ​»។

អ្នកស្រី ហង្ស ត្រឹប ភរិយា​របស់​លោក កង សារ៉ន ​ប្រាប់​វីអូអេ​ថា​អ្នកស្រី និង​អ្នក​ផ្សេង​ទៀត ពិត​ជា​បាន​ទទួល​អង្ករ និង​លុយ​មួយ​ចំនួន​ពី​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យពិត​មែន​។ ​បច្ចុប្បន្ន​នេះ អ្នកស្រី​ថា​អាជ្ញាធរ​មក​យាម​នៅ​ផ្ទះ​របស់​អ្នកស្រី។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មិន​ដែល​បាន​ស្នើ ក៏​ប៉ុន្តែ​គេ​មក​យាម ក៏​ខ្ញុំ​អរគុណ​គេ​ហើយ​ដែល​បានយាម​។ ខ្ញុំ[រស់​នៅ​]ស្រងូត​ស្រងាត់​ពី​អ្នក​ម៉ែកូន នៅ​ឆ្ងាយ​ពី​គេ​ផង​បង»។

លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ប្រាប់​វីអូអេ​ថាកាល​ពី​កន្លង​ទៅ ក្រុម​គ្រួសារ​របស់​អ្នកស្រី ហង្ស ត្រឹប បាន​ស្នើ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​របស់​គ្រួសារ ក្រោម​ហេតុ​ផល​ថា​មាន​អ្នក​តាម​រំខាន​ក្រុម​គ្រួសារ​។

អ្នកស្រី​ ហង្ស ​ត្រឹប ​បាន​អំពាវ​នាវ​ឱ្យ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ឱ្យ​មាន​សេរីភាព ដោយ​ហេតុ​ថា​ អ្នកស្រី​ម្នាក់​ឯង ត្រូវ​មើល​ថែ​បីបាច់​ម្តាយ​ចាស់​ជរា​ម្នាក់​អាយុ​១០២​ឆ្នាំ និង​កូន​ស្រី ដែល​មាន​ជំងឺ​ប្រចាំ​កាយ​។

គួរ​បញ្ជាក់​ថា​ស្វាមី​របស់​អ្នកស្រី គឺ​លោក កង សារ៉ន ជាប់​ពន្ធនាគារ តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៣។ លោក​ជា​បុគ្គល​ម្នាក់​ដែល​រិះគន់​មិន​សំចៃមាត់​មក​លើរដ្ឋាភិបាល ក្នុង​នោះ​ក៏​មាន​បញ្ហា​ពលរដ្ឋ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា៕