ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិមនុស្ស និងអ្នកតាមដានសង្គមលើកឡើងថាការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិបង្ហាញពីការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងលំហសេរីភាពនយោបាយនៅកម្ពុជាកាន់តែខ្លាំង។
ការលើកឡើងនេះ ក្រោយមានការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក គ្រាដែលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។
លោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយតុលាការបានបញ្ជាក់ថា លោកបានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រថា មានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា ការចាប់ខ្លួនមេដឹកនាំរបស់គណបក្សកម្លាំងជាតិគឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយ ជាជាងការអនុវត្តច្បាប់ បើទោះបីតុលាការនិងក្រសួងយុត្តិធម៌បានអះអាងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺត្រឹមត្រូវ និងស្របតាមការអនុវត្តច្បាប់ក៏ដោយ។ លោកបន្តថា អ្នកនយោបាយទាំងអស់គឺតែងតែប្រើនូវវោហារស័ព្ទ ដើម្បីទាក់ទាញអ្នកគំាទ្ររបស់ខ្លួន ដែលវាជាផ្នែកមួយនៅក្នុងសេរីភាពនៃការបញ្ចេញមតិដែលទទួលស្គាល់ដោយកតិកាសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធនយោបាយ។
លោកថ្លែងថា៖ «អ៊ីចឹងករណីចាប់ខ្លួនលោក ស៊ុន ចន្ធី នេះ យើងឃើញថា ការបកស្រាយពិតជាមានការខ្វែងគំនិតគ្នារវាងអាជ្ញាធរ និងតុលាការជាមួយអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ ឬអង្គការអន្តរជាតិផ្សេងៗ ដោយយល់ឃើញខុសគ្នា គេយល់ឃើញថា ការចាប់ខ្លួននេះវាប៉ះពាល់ទៅដល់សេរីភាព ឬក៏លំហសេរីភាពនយោបាយ ទោះបីជាកម្ពុជាយើងបកស្រាយថាជាការអនុវត្តសិទ្ធិ ឬក៏អនុវត្តច្បាប់កម្ពុជាក៏ដោយ»។
ក្នុងពេលជួបសកម្មជននិងអ្នកគាំទ្រក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ៥ ខែឧសភា លោក ស៊ុន ចន្ធី បានថ្លែងក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានរយៈពេល ២ម៉ោង និង៤០នាទី។
លោកបានលើកឡើងថា៖ «គេថា បើអត់បោះឆ្នោតឱ្យគេទេ គេអត់ឱ្យដើរលើផ្លូវហ្នឹងទេ។ គេអត់ឱ្យកូនទៅរៀនទេ។ គេអត់ឱ្យបណ្ណក្រីក្រទេ។ អ្នកឯងឈឺទៅពេទ្យ គេអត់យកចិត្តទុកដាក់ទេ។ អ្នកឯងទៅសាលាឃុំស៊ីញ៉េឯកសារ គេអត់ស៊ីញ៉េឱ្យទេ តែគាត់ថា អត់តក់ស្លុត អ្ហែងអត់ឱ្យក៏ហីទៅ! អញបោះឱ្យភ្លើងទៀន ពេលភ្លើងទៀនឈ្នះឆ្នោត អញចង់បានអីក៏បាន»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ការធ្វើអត្ថាធិប្បាយរបស់អ្នកនយោបាយគ្រាន់តែជាសេរីភាពនៃការបញ្ចេញមតិរបស់អ្នកនយោបាយតែប៉ុណ្ណោះ ដែលស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា កម្ពុជាជាប្រទេសប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពក្នុងការចូលរួមនយោបាយ សង្គម និងវប្បធម៌ជាដើម។
លោកថ្លែងថា៖ «ដូច្នេះទាក់ទងនឹងការចាប់ខ្លួននេះ ខ្ញុំឃើញថាជារូបភាពមួយដែលធ្វើឱ្យប៉ះពាល់សេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋក្នុងការសកម្មខាងនយោបាយហ្នឹង ហើយចង់មិនចង់វាអាចធ្វើឱ្យប៉ះពាល់បញ្ហានៃលំហសេរីភាពខាងនយោបាយ លំហសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា»។
បើតាមអ្នកជំនាញសិទ្ធិមនុស្សរូបនេះ រដ្ឋាភិបាលគួរតែងាកមកឆ្លុះបញ្ចាំងនិងស្តារឡើងវិញចំពោះការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងប្រទេស ហើយការចាប់ខ្លួនសកម្មជននយោបាយ ឬសកម្មជនសង្គមនានាតាមរយៈការបញ្ចេញមតិរបស់ពួកគេ គឺមិនបានផ្តល់ជាប្រយោជន៍ណាមួយដល់រដ្ឋាភិបាលឡើយ ប៉ុន្តែបែរជាទទួលរងការរិះគន់ពីបណ្តាសហគមន៍ជាតិ និងអន្តរជាតិទៅវិញ។
លោក នី សុខា ថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលបន្តការរឹតត្បិតទៅលើសេរីភាពទាំងអស់ហ្នឹង វាអាចធ្វើឱ្យប្រជាពលរដ្ឋខ្លាចមិនហ៊ានផ្តល់ព័ត៌មានពិតទៅកាន់រដ្ឋាភិបាល។ បញ្ហាទី ២ វាអាចធ្វើឱ្យ(មានការ) បង្ហាញទៅដល់សហគមន៍ជាតិ-អន្តរជាតិថារដ្ឋាភិបាលហ្នឹងមិនបានលើកកម្ពស់នូវសិទ្ធិហ្នឹងទេ មិនបានអនុវត្តនូវកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួនទេ ហើយគេនៅបន្តរិះគន់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិបន្តទៅទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ទៅដល់មុខមាត់របស់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិទៅថ្ងៃអនាគត»។
ចំណែកលោក អ៊ូ ចាន់រ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មើលឃើញថា ភាគច្រើនអ្នកដែលមាននិន្នាការនិយាយជំទាស់ទៅនឹងរដ្ឋាភិបាលមិនថាតែសហជីព សកម្មជនបរិស្ថាន ឬសកម្មជននយោបាយនោះទេ តែងតែទទួលរងការចោទប្រកាន់ពីបទញុះញង់ធ្វើឱ្យវឹកវរដល់សន្តិសុខសង្គម។
លោកថា ប្រសិនបញ្ហានេះនៅតែបន្តកើតឡើងនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រជាពលរដ្ឋនឹងមានភាពភ័យខ្លាច មិនហ៊ាននិយាយ ឬបញ្ចេញមតិទាក់ទងទៅនឹងរដ្ឋាភិបាលឡើយ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំយល់ថា បើសិនជានៅតែមានការចាប់ខ្លួនដោយប្រើប្រាស់បទចោទបែបនេះបន្តទៀតវាប៉ះពាល់ទៅនឹងសេរីភាពនៃការបញ្ជេញមតិហ្នឹងច្រើនទោះជាគ្មានច្បាប់ចងមាត់ បិទមាត់ក៏ដោយក៏នៅធ្វើឱ្យអ្នកដែលមានមតិផ្ទុយពិរដ្ឋាភិបាលពិបាកនឹងនិយាយ ពិបាកនឹងបញ្ចេញមតិណាស់»។
គណបក្សកម្លាំងជាតិបានចាត់ទុកថាការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺជា «ការគំរាមកំហែង បំភិតបំភ័យនិងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤។
គណបក្សកម្លាំងជាតិបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ពន្ធគណបក្សកម្លាំងជាតិក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ស៊ុន ចន្ធីថា៖ «កុំអាងតែស្អីតុលាការចេញមកញុះញង់ៗ ចាប់ដាក់គុកៗ មិនមានផលល្អទេបងប្អូន អ្នកដែលទទួលរងទោសជាតិនិងប្រជាពលរដ្ឋខ្លួនឯង»។
លោកបន្ថែមថា គណបក្សកម្លាំងជាតិទាំងមូលមិននៅស្ងៀមនោះទេ ខិតខំរិះរកវិធីធ្វើយ៉ាងណា ដើម្បីឱ្យសកម្មជននយោបាយទាំងអស់មានសេរីភាព និងទទួលបាននៅសិទ្ធិរបស់ពួកគេត្រឡប់មកវិញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះនៅតែទទូចសុំឱ្យមានការពិនិត្យ និងពិចារណាឡើងវិញលើការទោសសកម្មជននយោបាយ មេដឹកនាំសហជីព និងអ្នកផ្សេងទៀត ដើម្បីឱ្យពួកគេមានសេរីភាពឡើងវិញ។ លោកឱ្យដឹងដែរថា ទោះបីមានការចាប់ខ្លួនមេដឹកនាំគណបក្សក៏ដោយ គណបក្សនៅតែរក្សាជំហរបន្តបេសកកម្មទៅមុខទៀត។
ចំណែកអ្នកស្រី ព្រំ ចាន់ថា តំណាងក្រុមស្រ្តីថ្ងៃសុក្រថ្លែងក្នុងពិធីសំណះសំណាលរបស់គណបក្សកម្លាំងជាតិដែរថាការថ្លែងរបស់លោក ស៊ុន ចន្ធី អំពីបណ្ណក្រីក្រពិតឬមិនពិត គួរតែមានការជជែកគ្នា មិនគួរប្រើអំណាចតុលាការ ឬការឃាត់ខ្លួនឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ប្រជាជនទាំងអស់សុទ្ធតែបំពុលសង្គម ទាំងខ្ញុំទាំងអស់លោកដែលមកនេះ? ការចែកបណ្ណក្រីក្រពិតឬមិនពិតយើងត្រូវសួរមេភូមិ មេឃុំ អត់មានប្រើអំណាចតុលាការ ប្រើកម្លាំងសមត្ថកិច្ចវាយខ្នោះបោះដាក់ឡានអីទេ»។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិល អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់វីអូអេថាគួរមានការបែងចែកពីគ្នារវាងការរិះគន់ និងការញុះញង់។
លោកថ្លែងថា៖ «អ៊ីចឹងងាកមកស្រុកយើងវិញ អង្គការសង្គមស៊ីវិលមួយចំនួន ឬក៏គណបក្សនយោបាយក្តី ឬក៏សារព័ត៌មានផងនិយាយត្រឹមតែការរិះគន់ ឱ្យតែរដ្ឋាភិបាលមានការចាត់ការផ្លូវច្បាប់ណាមួយទៅលើអ្នកនយោបាយ ឬទៅលើសកម្មជននានាហ្នឹង គាត់និយាយត្រឹមតែការរិះគន់តែប៉ុណ្ណឹងទេ។ មិនមែនរិះគន់ទេ ត្រូវបែងចែកឱ្យច្បាស់ ការរិះគន់ និងការមូលបង្កាច់ វាយប្រហារ ហើយនិងញុះញង់ ខុសគ្នាណា! អ៊ីចឹងទេ ខ្ញុំគិតថា មាត្រាទាំង២ដែលខ្ញុំលើកមកមិញ សុទ្ធតែជាការអនុវត្តជាលក្ខណៈអន្តរជាតិ អ៊ីចឹងយើងយកហ្នឹងមកឆ្លុះបញ្ចាំងទៅយកដឹងហើយ»។
ចំណែកក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៩ ខែឧសភាថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។
បើតាមមេធាវីការពារក្តីរបស់លោក ស៊ុន ចន្ធី គឺលោកមេធាវី ជួង ជូងី លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ទី ១២ ខែឧសភា។
គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី អតីតប្រធានប្រតិបត្តិខេត្តកំពង់ធំរបស់គណបក្សភ្លើងទៀនបានលាលែងពីសមាជិកភាពពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយលោកបានបង្កើតគណបក្សថ្មីមួយឈ្មោះថាគណបក្សកម្លាំងជាតិ៕