អ្នកតាមឃ្លាំមើលស្ថានការណ៍កម្ពុជានិងបក្សមិនកាន់អំណាចយល់ថាមានបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋានដែលទាមទារឲ្យដោះស្រាយដោយសារតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានដិតដល់នៅឡើយជាពិសេសក្រោយពីគណបក្សប្រជាជនកម្ពុជាបានក្តោបយកអំណាចតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។
បញ្ហាទាំងនោះរួមមានរដ្ឋបាលនានាដែលមានដូចជាឯកសារបណ្ណស្នាក់នៅ បណ្ណគ្រួសារ ទំនាស់ដីធ្លី បំបាត់អំពើពុករលួយ ការសិក្សាអប់រំ សុខាភិបាល និងកសិកម្ម រហូតដល់បញ្ហាសន្តិសុខ គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារនិងក្រុមទំនើងជាដើម។
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេស្តីពីអភិបាលកិច្ចល្អកាលពីចុងខែមករាថា៖
«បួនឆ្នាំ ប្រាំឆ្នាំកន្លងមកនេះសំឡេងយុវជនក៏មានកាន់តែច្រើនហើយយុវជនជាច្រើនដែលខ្ញុំជួបផ្ទាល់គឺគាត់មិនសូវពេញចិត្តនឹងកិច្ចការដែលធ្វើដូចជាបញ្ហាដីធ្លី បញ្ហាពុករលួយ បញ្ហាគ្រឿងញៀនអីជាដើមដែលចូលទៅដល់មូលដ្ឋានហើយគឺគាត់អត់ចូលចិត្តទេនឹងរបៀបធ្វើការនៃអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន»។
ការក្តាប់យកអំណាចដោយគណបក្សប្រជាជនកម្ពុជាស្ទើរតែទាំងស្រុងនៅថ្នាក់ក្រោមជាតិក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិក៏បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជំរុញវិមជ្ឈការទៅថ្នាក់មូលដ្ឋានផងដែរ។ នេះបើតាមការលើកឡើងរបស់លោកគល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្វ្រែលដែលជាអង្គការតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
លោកគល់ បញ្ញាបានបន្ថែមថា៖
«អីចឹងហើយបានជាចុងក្រោយនេះ ក្រោយពីការរំលាយគណបក្សប្រឆាំងគឺថាអ្វីដែលជាកំណែទម្រង់វិមជ្ឈការនេះគឺដើរយឺតណាស់ហើយសឹងតែត្រឡប់ទៅរកភាពដើមវិញនៃតួនាទីសិទ្ធិអំណាចរបស់ឃុំសង្កាត់គឺថាពួកគេធ្វើការទៅតាមតែថ្នាក់លើបញ្ជា»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខែមិថុនា ឆ្នាំ២០១៧ បានផ្តល់ជ័យជម្នះយ៉ាងខ្លាំងដល់គណបក្សសង្រ្គោះជាតិដោយឈ្នះបានអាសនៈក្រុមប្រឹក្សាចំនួន៥.០០៧នៃតំណែងក្រុមប្រឹក្សាចំនួន១១.៥៧២ ក្នុងនោះគ្រប់គ្រងឃុំនិងសង្កាត់ចំនួន៤៨៩នៃឃុំសង្កាត់សរុបចំនួន១.៦៤៦។ ប៉ុន្តែគណបក្សកាន់អំណាចមិនអស់ចិត្តនឹងបរាជ័យរបស់ខ្លួនដោយចោទប្រកាន់ថាអតីតបក្សប្រឆាំងនេះមានបរទេសជួយនិងមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលហើយបានប្រើប្រាស់ប្រព័ន្ធតុលាការដែលខ្លួនគ្រប់គ្រងរំលាយចោលនៅចុងឆ្នាំនោះ។
ក្នុងខណៈពេលដែលកម្ពុជានឹងត្រូវដល់ពេលរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាថ្មីនៅពាក់កណ្តាលឆ្នាំ២០២២នេះ អ្នកសង្កេតការណ៍ស្នើថាគួរតែធ្វើឡើងដោយមានភាគីគ្រប់គណបក្សនយោបាយអាចចូលរួមដើម្បីដោះស្រាយបញ្ហាទាំងអស់ដែលកំពុងកើតមានឡើងនៅថ្នាក់មូលដ្ឋានដោយមានការជួយផ្ទៀងផ្ទាត់គ្នាបើសិនជាមានគណបក្សច្រើនមានតំណាងនៅក្នុងថ្នាក់ដឹកនាំមូលដ្ឋាន។
កាលពីដើមខែមករា ក្រសួងមហាផ្ទៃបានកែសម្រួលលក្ខណៈសម្បត្ដិខ្លះនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលបានអនុវត្ដរយៈពេល ១០ ឆ្នាំកន្លងមកទៅជាគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពវិញ ដោយមន្ត្រីនានាអះអាងថាដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងបញ្ហាបច្ចុប្បន្ន។
គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលអន្តរក្រសួងបានកំណត់ឡើងវិញនេះផ្តោតលើការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនអំពើអនាចារ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ក្មេងទំនើង រហូតដល់ការឆ្លើយតប រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ និង ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមខ្លឹមសារកិច្ចប្រជុំកាលពីថ្ងៃទី៨ខែមករានៅក្រសួងមហាផ្ទៃ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាគោលនយោបាយនេះនឹងត្រូវគណបក្សកាន់អំណាចធ្វើបន្ត៖
«អីចឹងទេបញ្ហានៅពេលបច្ចុប្បន្ននេះ នឹងទៅអនាគតគឺរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគឺប្រមូលផ្តុំលើគោលការណ៍ពង្រឹងភូមិឃុំមានសុវត្ថិភាពនេះ»។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរដែលទើបបានបង្កើតនៅពេលថ្មីៗនេះដោយគណបក្សនយោបាយចំនួនបីដែលមិនកាន់អំណាចយល់ស្របនឹងគោលនយោបាយនេះដែរ។ នេះបើតាមការបញ្ជាក់របស់លោកម៉ម សូណង់ដូ ដែលជាប្រធានក្រុមសម្ព័ន្ធនេះ។
លោកម៉ម សូណង់ដូ ដែលក៏ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផងដែរមើលឃើញថាបញ្ហាអំពើពុករលួយនិងអភិបាលកិច្ចល្អនៅតែជាបញ្ហាដែលគណបក្សរបស់លោកនឹងផ្តោតលើ ដោយលោកអះអាងថាលោកកំណត់ទិសដៅដើម្បី បើកមុខអ្នកប្រព្រឹត្តអំពើពុករលួយ។
លោកម៉ម សូណង់ដូបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំឃើញថាសព្វថ្ងៃនេះទោះជាយើងខំបំបាត់អំពើពុករលួយក៏ដោយក៏អំពើពុករលួយនៅតែកើតមានឡើង ហើយរហូតដល់ទៅសរសេរស្លាកទប់ស្កាត់កុំឲ្យលុយកាក់ ក៏សង្កេតឃើញទៅ ការសរសេរហ្នឹងគឺពុករលួយជាងមុនទៀត។ ដូច្នេះការប្រព្រឹត្តិអំពើពុករលួយកែអស់លែងឡើងហើយ»។
លោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថាក្រៅពីបញ្ហាដែលបានបង្ហាញខាងលើគឺគណបក្សរបស់លោកនឹងផ្តោតលើការជំរុញសិទ្ធិពលរដ្ឋក្នុងការផ្លាស់ប្តូរមេឃុំនិងចៅសង្កាត់ផងដែរ។
លោកយ៉ង សាំងកុមារបានបន្ថែមថា៖
«គោលនយោបាយយើងគឺធ្វើម៉េចឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសមេភូមិដើម្បីបានមេភូមិល្អបម្រើគាត់ មានសិទ្ធិដកមេភូមិក្នុងករណីមេភូមិមិនអាចធ្វើការងារល្អបម្រើពួកគាត់។ ធ្វើម៉េចឲ្យមាននគរបាលល្អធ្វើការបម្រើសន្តិសុខ បញ្ហាគ្រឿងញៀន។ ធ្វើម៉េចឲ្យមានផ្លូវល្អនៅតាមឃុំសង្កាត់។ ធ្វើម៉េចលុបបំបាត់គ្រឿងញៀន។ ធ្វើម៉េចឲ្យបញ្ឈប់ការរើសអើងនយោបាយនៅតាមភូមិឃុំ ឈប់ឲ្យមានការតាមដានគ្នាថាអ្នកណាចូលបក្សនេះឬបក្សនោះអីចឹង»៕