សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​រង់ចាំ​ឱកាស ​ដើម្បីចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២

លោក ប្រាក់ ឈន អាយុ​៥៣ឆ្នាំ អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ក្នុង​ឃុំ​ស្តុក​ប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

បើ​ទោះ​កំពុងប្រឈម​នឹងការ​ចោទប្រកាន់​របស់​តុលាការលោក​ ប្រាក់ ឈន ដែល​ជា​សកម្មជន​នយោបាយ​ថ្នាក់​ក្រោម​របស់អតីត​គណបក្ស​សង្រ្គោះជាតិ​នៅក្នុង​ឃុំស្តុក​ប្រវឹក​ស្រុក​រុក្ខគិរី ​ខេត្ត​បាត់ដំបងនៅ​តែ​ចង់ធ្វើ​នយោបាយ និង​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក ឈន អាយុ​៥៣ឆ្នាំ​ជា​អតីត​ទាហាន​ម្នាក់ ត្រូវចង​រឹត​ដោយ​ពាក្យ​បណ្តឹងតុលាការ​យ៉ាង​តិច​ពីរ​ដែល​លោក​មិន​ដឹង​ថា​តើ​តុលា​ការ​បាន​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ហើយ​ឬ​យ៉ាងណា។

លោក​ប្រាប់វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗថា​៖ «ការធ្វើនយោបាយ​នៅ​ថ្នាក់​ក្រោម គឺ​មាន​ផល​លំបាក​ច្រើន។ ទីមួយ​មាន​ការ​រើស​អើង​ពី​សំណាក់​អាជ្ញាធរ​គេធ្វើ​ឲ្យ​មាន​ការ​រើស​រើស និង​មាន​ការ​បំភិត​បំភ័យក្នុង​ការ​ដើរជួប​ប្រជាពលរដ្ឋ​អី គឺ​គេធ្វើវិទ្ធង្សនា​គ្រប់​បែប​យ៉ាង។ អញ្ចឹង​មាន​ផល​លំបាកណាស់។ តែ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ដើរគឺ​ឆ្ពោះទៅមុខដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ខ្ញុំ​ចង់​ឃើញ​លទ្ធិប្រជាធិប​តេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ»។

លោក​ប្រាក់ ឈន​ក៏ដូចជា​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​បង្ហាញ​ទឹក​ចិត្តថា​ពួកគេ​ចង់​ធ្វើ​នយោ​បាយ​ឡើងវិញ​ជាពិសេស​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា​ឆ្នាំ​២០២២ ខាង​មុខ។ ប៉ុន្តែ​វា​មិន​ទាន់​មាន​ភាពច្បាស់​លាស់នៃ​ការ​វិល​ត្រឡប់​របស់គណបក្ស​សង្រ្គោះ​ជាតិ និងថា​តើនឹង​មាន​គណបក្ស​ប្រឆាំង​ដ៏មានឥទ្ធិពល​មួយ​ដែលអាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​យ៉ាងណា។

លោក ប្រាក់ ឈន ដែល​ចូលរួម​នយោ​បាយ​ជាមួយ​គណបក្ស​ប្រឆាំង​តាំងពី​ឆ្នាំ​២០០៣ និង​ជាអតីតក្រុម​ប្រឹក្សា​ឃុំ​មួយ​រូបឲ្យដឹងថា​សិទ្ធិ​របស់​ពលរដ្ឋ​ត្រូវបាន​រឹតត្បិត​ខ្លាំង​រហូត​ដល់​អ្នក​ខ្លះ​មិនហ៊ាន​និយាយ​រក​រូប​លោក​ផងដែរ។

លោក​ប្រាប់​វីអូអេ​ថា៖ «បើ​ជួប​ក្នុង​ចំណោម​សាធារណៈ​គឺ​គាត់​មាន​ការ​ភិតភ័យ តែ​បើ​ជួប​នៅ​កន្លែង ដូចជា​ផ្ទះគាត់​អី ខ្ញុំទៅ​ផ្ទះគាត់​អញ្ចឹង​អាហ្នឹង​មាន​ការនិយាយ​បាន​ក្បោះក្បាយបន្តិច​»។

លោក ប្រាក់ ឈន ដែលមាន​កូន​៣នាក់ បាន​ក្លាយ​ជាមុខ​សញ្ញា​មួយ​ក្នុង​ឃុំ​របស់​លោក ដោយ​សារ​លោក​តែង​តស៊ូ​មតិ​ជួយ​ប្រជាពលរដ្ឋ ហើយលោកមិនចុះចូល​ជាមួយ​រដ្ឋាភិបាល​បើ​ទោះ​លោកធ្លាប់​ត្រូវបាន​ប៉ូលិស​នាំខ្លួន​ពី​ផ្ទះ​របស់​លោក​ទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ថ្ងៃ​ក្តី។ ពាក្យ​បណ្តឹង​មួយប្រឆាំងនឹង​លោក​ប្រាក់ ឈន គឺ​នៅមុន​ការ​ប្រកាស​វិល​ត្រឡប់ចូល​ប្រទេស​វិញ​របស់​លោក​សម រង្ស៊ី​ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក​ប្រាក់ ឈន ​ក៏ប្រឈម​នឹងពាក្យ​បណ្តឹង​មួយ​ទៀត​កាលពី​ឆ្នាំ២០១៦​ដែល​លោក​រង​ការ​ចោទ​ប្រកាន់«លួចមាន​ស្ថាន​ទម្ងន់​ទោស» ទាក់ទង​នឹងការ​ចេញ​មុខ​អន្តរាគមន៍​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ព្រៃឈើ។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលា​ការ​ខេត្ត​បាត់ដំបង​ដែល​លោក ​ប្រាក់ ឈន​ផ្តល់​ឲ្យ​អ្នក​យក​ព័ត៌មាន​វីអូអេ។

លោក​ប្រាក់ ឈន ​បញ្ជាក់​ថា៖ «ដោយ​សារ​កន្លង​មក ខ្ញុំធ្លាប់​តស៊ូ​មតិ​ជួយ​ប្រជាពលរដ្ឋ។ អញ្ចឹង​រាល់បញ្ហា​ដែល​យើង​ជួយ​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ ដែល​ជា​មុខសញ្ញា​ចម្បង​ជាឆ្អឹង​ទទឹង​កនៅ​ក្នុង​ស្រុក​នេះ»។

លោក​ចាត់​ទុក​ពាក្យ​បណ្តឹង​ទាំង​អស់នេះ​ជារឿង​នយោបាយ​ដោយសារ​លោក​ជា​សកម្មជន​រឹងមាំ​ម្នាក់​នៅ​ក្នុង​ឃុំ។

ការ​បោះឆ្នោត​ឃុំសង្កាត់​ខាង​មុខ នឹង​មាន​ការជ្រើស​រើស​ក្រុម​ប្រឹក្សា​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១១.៦២២​នាក់ ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់​សរុប​ចំនួន​១.៦៥២​នាក់។

ទាក់ទង​នឹង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​លោក​ ប្រាក់ ឈន​ ថ្លែង​ថា៖ «នៅពេលឆ្នាំ​២០២២​នេះ​ទៅបោះឆ្នោត​ គ្មាន​គូកីឡាករ​ដែល​គីឡូ​ប៉ុនគ្នា​សួរថា​គាត់ទៅ​បោះ​ដើម្បីអី​វាអត់​តម្លៃ​សម្រាប់គាត់។ អញ្ចឹង​ភាគច្រើន​ គាត់​មិន​ទៅ​បោះហ្មង។ ទៅបោះ​ ដោយសារ​មាន​ការ​បង្ខិតបង្ខំ​មាន​ការ​គំរាម​កំហែង​ពីសំណាក់​អាជ្ញាធរ​អាហ្នឹង​គាត់​ចេះតែ​ទៅៗ»។

នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន៥.០០៧​និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩​ក្នុង​ចំណោម​១.៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​ប្រឆាំង​នេះទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជិត​៣​លាន​នាក់។ គណបក្សប្រឆាំង​ដ៏ធំ​មួយ​នេះ​ត្រូវបានរំលាយ​កាលពីខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​សមាជិក​បក្ស​ដែល​ជាប់​ឆ្នោត​បាន​បាត់បង់​តំណែង​របស់​ពួកគេ ដោយសារ​ពួកគេ​មិន​បាន​ចុះចូលជាមួយ​គណបក្ស​កាន់​អំណាច តាម​ការ​ប្រកាស​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។

នៅ​ក្នុង​ភូមិដូង​ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​វិញ ​លោក​រ៉ុម សារ៉ន ​អាយុ​៤៩ឆ្នាំ ជាអតីត​ជំទប់ទីពីរ​ក្នុង​ឃុំ មកពី​គណបក្ស​សង្រ្គោះជាតិ។ លោក​ថ្លែងថា​លោក​នៅ​តែ​ចង់​ធ្វើ​នយោ​បាយ​នៅ​កាលៈទេសៈណាមួយ​មក​ដល់។

លោក សារ៉ន ​ដែល​បាន​ចូលរួម​ធ្វើ​នយោ​បាយ​ជាមួយ​គណបក្ស​ប្រឆាំង​តាំងពីឆ្នាំ១៩៩៨​បាន​អំពាវនាវ​ឲ្យមាន«​ការ​ផ្សះផ្សានយោបាយ»​ដោះលែង​សកម្មជន​នយោបាយ និង​សង្គម ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។

លោក​ប្រាប់​វីអូអេ​កាលពី​ពេលថ្មីៗ​ថា៖ «ការចោទ​ប្រកាន់​ថា​ពួក​ក្បត់ជាតិ​អីហ្នឹង​ពួកអគតិ ​អីហ្នឹង ​គឺអត់មាន​ទេ វា​មិន​មែន​ជា​ការពិត​ទេ ពាក្យ​អស់ហ្នឹង​ វាធ្ងន់ធ្ងរ​ណាស់។ យើង​កុំប្រើ​ពាក្យ​ហ្នឹង​ទៅ​លើ​ខ្មែរ​គ្នាឯង​ដែលមាន​ឆន្ទៈ​រួមមួយ​គឺ​ចង់អភិវឌ្ឍ​ប្រទេសជាតិ​តែ​ប៉ុណ្ណឹង​ទេ»។

លោក រ៉ុម សារ៉ន អាយុ៤៩ឆ្នាំ អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ក្នុង​ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​លោក​ជា ជីវ​ អាយុ​៤១ឆ្នាំ ជា​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង​ដែលជាប់​បម្រាម​នយោបាយ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ថ្លែងថា​លោក​មិន​ទាន់​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដូច​អ្នក​ដែលត្រូវបាន​កាត់​សិទ្ធិ​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​១១៨នាក់។ លោក​បន្តថា​រហូត​មកដល់​ពេល​នេះ មិន​មាន​គណបក្ស​ជំទាស់​ពិតប្រាកដ ដែល​អាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច​បាន ដូច្នេះការ​សុំសិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់រូប​លោក​នា​ពេល​នេះ មិន​សំខាន់​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖​«វា​មិនមែន​ជា​ការបោះ​ឆ្នោត ដែល​ត្រឹមត្រូវ​ សេរី​និង​យុត្តិធម៌​ទេបាទ។ ព្រោះ​យើង​មើល​ពាក់ព័ន្ធ​ទៅ​នឹង​សមាសភាព​គ.ជ.ប​[គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត] តើ​បង្ហាញពីភាព​ឯករាជ្យ​ដែរ​ឬនៅ? ទីពីរ​ពាក់ព័ន្ធ​នឹង​គណបក្ស​ជំទាស់។ តើ​មាន​គណបក្ស​ជំទាស់​ណា​ដែលជា​គណបក្សជំទាស់​ដែល​មាន​សក្តានុពល ក្នុង​ការប្រកួត​ប្រជែង​ជាមួយនឹងគណបក្ស​កាន់​អំណាច»។

លោក​ជា ជីវ ​អតីត​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​មួយ​រូប ថ្លែង​ថាលោក​ប្រឈម​នឹង​បណ្តឹង​ពីរ​ទាក់ទងនឹងម្រាម​ដៃស្អាត​មិន​ទៅ​បោះឆ្នោត​ និង​ព្រឹត្តិការណ៍​៩ វិច្ឆិកា ​ឆ្នាំ២០១៩​ នៅពេល​លោក សម រង្ស៊ី ប្រកាស​វិលចូល​ប្រទេស​វិញ។ លោក ជា ជីវ ក៏ត្រូវបាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​រាជធានី​ភ្នំពេញ​រយៈ​ពេល​១០ថ្ងៃ​ផង​ដែរ។​

មក​ដល់​ពេល​នេះ លោក ​ជា ជីវ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​និយាយ​រឿង​នយោបាយ​ដោយសារ​លោក​បារម្ភ​ថា​នឹង​មាន​ការ​យក​លេស​ចោទ​ប្រកាន់រូប​លោក​ថា​បំពាន​បម្រាម​កាត់​សិទ្ធិនយោបាយ។

លោក​បន្ថែមថា៖ «យើង​រក្សាភាពស្ងៀមស្ងាត់ នៅ​ធ្វើ​ជា​ពលរដ្ឋ​ហើយ​ធ្វើ​មិន​ដឹង​មិនឮ​ចំពោះបញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ច​ការ​នយោបាយ»។

លោក ជា ជីវ អាយុ៤១ឆ្នាំ ជា​អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ខេត្ត​បាត់ដំបង ដែល​ជាប់​បម្រាម​នយោបាយ​ចាប់តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អាយុ​៣៥ឆ្នាំ អតីត​ចៅសង្កាត់​អូរចារ បាន​ប្រកាស​ថា​កញ្ញា​បាន​ចូលរួម​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន ដែល​កញ្ញា​អះ​អាងថា​ជា​អតីត​គណបក្ស​ដែលមាន​«ឧត្តមគតិ»​ដូចគណបក្ស​សង្រ្គោះជាតិ​ដែរ។ កញ្ញា​បញ្ជាក់​ថា​គណបក្សភ្លើង​ទៀនជា​«គណបក្សជាតិខ្មែរ» ដែល​ក្រោយ​មកជា​គណបក្ស​សម រង្ស៊ី ប៉ុន្តែ​ត្រូវបាន​ដូរ​ឈ្មោះ​មក​គណបក្ស​ភ្លើងទៀន​វិញ ដោយសារ​ការ​មិន​អនុញ្ញាត​ឲ្យ​មានឈ្មោះ​លោក សម រង្ស៊ី តាម​ច្បាប់​ដែល​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម។

កញ្ញា រ៉ូហ្ស៊េត​យល់​ថា​ការ​ដឹកនាំ​ប្រទេស និង​ឃុំសង្កាត់​ត្រូវមាន​គណបក្ស​ច្រើន​ចូលរួម​មិនមែន​ឯកបក្សដូច​សព្វ​ថ្ងៃ​ឡើយ។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «បើ​កាលណា​នៅ​ក្នុង​តំណែង​រដ្ឋមួយ​មានតែ​គណបក្ស​មួយ ដូច​ឧទាហរណ៍​ឃុំសង្កាត់​ដែល​ធ្លាប់​មានពីរ​បក្ស​បីបក្ស តែ​បើ​ចុង​ក្រោយ​មក​មាន​តែ​មួយ​គណបក្ស​វាទៅជា​ផ្តាច់​មុខ​តែ​ឯង​ហើយ។ អញ្ចឹង​អ្នកណាដែល​ផ្តាច់​មុខ​តែ​ឯង វាអត់អាច ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​មួយ​ក៏ជីវភាព​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ហ្នឹង គាត់​អាច​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ពេញ​លេញទេ»។

កញ្ញា​រ៉ូហ្សេត ក៏ជាប់​ពាក្យ​បណ្តឹង​ចំនួន​ពីរ​នៅតុលា​ការ​ផងដែរ ក្នុង​នោះ​មាន​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។

កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្ស៊េត អាយុ​៣៥ឆ្នាំ អតីត​ចៅ​សង្កាត់​អូរចារ ក្នុង​ខេត្ត​បាត់ដំបង ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅផ្ទះ​របស់​កញ្ញា។ (ស៊ុន ណារិន/វីអូអេ)

នៅគ្រា​ដែល​គណបក្ស​ភ្លើង​ទៀន ចាប់ផ្តើម​សកម្មភាព​សកម្មជន​ម្នាក់​ក្នុងស្រុក​ចុង​កាល់​ខេត្ត​ឧត្តរមានជ័យ ​លោក សុខ វិល ជា​អតីត​ជំទប់​ទីពីរឃុំ​ពង្រ ត្រូវ​បាន​ចាប់​ខ្លួនពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​«រួមគំនិតក្បត់»។

អ្នកស្រី​ភុន ភ័ណ្ឌ​ អាយុ៤៧ឆ្នាំ​ភរិយា​របស់​លោក​ សុខ វិល​ថ្លែង​ថា​ស្វាមី ​អាយុ​៥៧ឆ្នាំ​ត្រូវបាន​ឃាត់​ខ្លួន​កា លពីថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ២០២១​ក្រោយ​លោក​ចូលរួមជាមួយ​គណបក្ស​ភ្លើង​ទៀន។ អ្នកស្រី​បន្តថា​លោក​រស់នៅ​ក្នុងឃុំ​មិន​ដែល​មាន​ការចាប់ខ្លួន​ឡើយ បើទោះ​លោក​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​កោះហៅទៅ​សាកសួរ​។ អ្នកស្រី​ចាត់ទុក​ការ​ចាប់​ខ្លួននេះ​ជា​«ការ​ធ្វើបាប​ផ្នែក​នយោបាយ»​ដោយសារ​ស្វាមីមិនបាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ព្រោះប្តី​ខ្ញុំអត់​ខ្លាច តែ​គេ ​គេចង់​កាច់ ចង់​ធ្វើ​បា​ប»។

អតីត​ចៅសង្កាត់​អូរចារ ក្នុង​ខេត្ត​បាត់ដំបង កញ្ញា​រ៉ូហ្សេត លើកឡើង​ថា​បើទោះ​មាន​បញ្ហា​ប្រឈមក្នុង​ការ​ធ្វើ​នយោបាយប៉ុន្តែ​សកម្មជន​ត្រូវតែ​តស៊ូ​។

កញ្ញា​បញ្ជាក់​ថា​៖ «សម្រាប់​ខ្ញុំ​យល់​ឃើញថា​ក្តីសង្ឃឹម​សម្រាប់​អ្នក​ដែល​តស៊ូ ទោះបី​ខ្ញុំស្លាប់ ក៏​មាន​យុវជន​ជំនាន់​ក្រោយ។ ទោះបី​យុវជន​ជំនាន់​តស៊ូមិន​បាននៅ​ក្នុង​ផ្លាស់ប្តូរ​ជំនាន់​ហ្នឹង ក៏​ត្រូវ​តែ​តស៊ូបន្ត​ទៀត​នៅ​ជំនាន់​ក្រោយ​បន្តទៀត យើង​អត់​ត្រូវ​អស់​សង្ឃឹម​ទេ»។

លោក​សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា​សកម្មជន​នយោ​បាយ​មាន​សិទ្ធិ​ចូលរួមជាមួយ​គណបក្ស​ណា​ដែលស្រប​ច្បាប់​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា​គណបក្ស​កាន់​អំណាច​មិន​បាន«​សម្លុត​គំរាម​កំហែង»​ឲ្យ​ចូល​រួមនយោបាយ​ជាមួយ​ខ្លួន​ឡើយ។

លោក​ប្រាប់វីអូអេ​ថា៖ «តែ​បើ​ផ្ទុយទៅវិញ បើ​គាត់​ជា​អតីត​សមាជិក​បក្ស​ប្រឆាំង ហើយ​គាត់​នៅ​ធ្វើ​សកម្មភាព​ដើរ​តាម​នយោបាយ​ល្បិចកល​របស់​បក្ស​ប្រឆាំង អត់​បានទេ ព្រោះ​បក្ស​ប្រឆាំង​វាលែង​មាន​ហើយ។ ហើយ​វា​ទៅ​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ខុស​ច្បាប់ទៅ​ហើយ»។

ចំណែក​នៅក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ដែល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​តំណែង​មេឃុំ​កាលពី​ការ​បោះឆ្នោតឆ្នាំ២០១៧​លោក ​ផាន សុឃឿន​ អាយុ​៦០ឆ្នាំ​ដែល​ជា​កសិករ​ម្នាក់ មានកូន​៦នាក់ ប្រាប់​វីអូអេ​ថា​លោក​ចង់ឃើញ​គណបក្ស​ប្រឆាំងធំ​មួយ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច។

លោក​មាន​ប្រសាសន៍​ថា​៖ «អ្ហេ បើ​សង្រ្គោះជាតិ​មក​វិញ វា​ប្រដេញ​គ្នា​ល្អ​មើល។ បើ​បាន​គណបក្ស​ធំៗ​ប្រដេញ​គ្នាទៅ អភិវឌ្ឍ​ក៏វា​បាន​ជឿន​លឿន​ដែរ»។

ទោះជា​យ៉ាងណា​លោក សុឃឿន​ថ្លែងថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា៖ «មិនទាន់​សម្រេច​ចិត្ត ដល់​ថ្ងៃ​បោះឆ្នោត​បាន​ដឹង»។

ទាក់ទង​នឹង​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាលពី​កន្លង​ទៅ​ថាកូនប្រុស​ច្បង​របស់​លោក គឺ​ លោក​ ហ៊ុន ម៉ាណែត​នឹង​ប្រកួត​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្រ្តី​បន្ទាប់ពី​លោក​ឈប់​ធ្វើ លោក ​ប្រាក់ ឈន អតីត​ក្រុម​ប្រឹក្សាឃុំស្តុក​ប្រវឹករបស់គណបក្ស​សង្រ្គោះជាតិ​ស្នើ​ឲ្យ​អ្នក​នយោបាយ​គណបក្សកាន់​អំណាច​ធានា​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា និង​មាន​គណបក្ស​ប្រឆាំង​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន។

ទោះជា​យ៉ាងណា​លោក​រិះគន់ថា​បើទោះ​មាន​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​ថ្មី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្តែ​លោកថា​«​ចាស់»​សម្រាប់​ប្រជាពលរដ្ឋ។

លោក​ថ្លែងថា​៖ «វាថ្មី វា​ក្មេង​មែន តែ​ចាស់​សម្រាប់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​អត់​ត្រូវការ​ទេ។ ហើយ​បើគាត់​ចង់​ឲ្យ​មាន​តម្លៃ ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌​ខ្លាចអី។ បើកូន​គាត់មាន​ប្រជាប្រិយភាព​ពិតប្រាកដ​កូនគាត់​មាន​សមត្ថភាព​ពិតប្រាកដ​ដឹកនាំ​ប្រទេស ​អាហ្នឹង​ប្រជាពលរដ្ឋ គេ​គាំទ្រហើយ​»៕