នៅថ្ងៃព្រហស្បតិ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សឈានមុខមួយបានរិះគន់ការសម្រេចចិត្តនៃប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី ក្នុងការបញ្ជូនជនភៀសខ្លួនបរទេសពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា។ មួយថ្ងៃមុនការចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបញ្ជូនជនភៀសខ្លួនបរទេសនេះ កម្ពុជានិងប្រទេសអូស្ត្រាលីនៅមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌនានាទាក់ទងនឹងជនភៀសខ្លួនទាំងនោះទេ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃ លោកស ខេងនិងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលី នៅថ្ងៃសុក្រស្អែកនេះ នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាក់ទងនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជា។ លោក ស ខេង ក្នុងថ្ងៃនេះដែរ ក៏បានប្រាប់អ្នកយកព័ត៌មានថា កម្ពុជានឹងទទួលជនភៀសខ្លួនទាំងនោះចំនួនបួនប្រាំនាក់ជាការសាកល្បងសិន។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍នៅថ្ងៃនេះថា លោកមិនមានព័ត៌មានទាំងនេះទេ។
«អត់ទាន់មានព័ត៌មានអ្វីនៅឡើយទេ»។
លោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលីត្រូវបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានៅថ្ងៃសុក្រស្អែកនិងនៅថ្ងៃសៅរ៍នេះ។ ទស្សនកិច្ចរបស់លោកផ្តោតជាពិសេសលើការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាស្តីពីការបញ្ជូនជនភៀសខ្លួនបរទេសពីប្រទេសអូស្ត្រាលីឲ្យមកតាំងលំនៅថ្មីនៅកម្ពុជា។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានទាក់ទងតាមទូរស័ព្ទទៅមន្ត្រីទទួលបន្ទុកព័ត៌មាននៃអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលីជាច្រើនដងនៅថ្ងៃនេះក៏ប៉ុន្តែទូរសព្ទបានភ្ជាប់ទៅកាន់សារជាសំឡេង។
ជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានជនជាតិផ្សេងៗប្រមាណ១.០០០នាក់កំពុងស្ថិតក្នុងជំរុំបណ្តោះអាសន្ននៃសាធារណរដ្ឋNauru ដែលជាដីកោះដ៏តូចមួយក្នុងដែនសមុទ្រប៉ាស៊ីហ្វិកនិងជាប្រទេសដែលចាយលុយដុល្លារអូស្រ្តាលី។
កម្ពុជាធ្លាប់បានអះអាងថា ខ្លួននឹងទទួលយកតែជនភៀសខ្លួនចង់មករស់នៅកម្ពុជាដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកចាត់ទុកថា កិច្ចព្រមព្រៀងរវាងកម្ពុជានិងអូស្ត្រាលីក្នុងការផ្តល់ជម្រកជនភៀសខ្លួនបរទេសឲ្យស្នាក់នៅកម្ពុជា មិនបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោណទាំងនេះទៅកាន់ប្រទេសទី៣ដែលមានសុវត្ថិភាព។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះអង្គការ ឃ្លាំមើលសិទ្ធិមនុស្សបានបន្ទោសថា៖ «ដំណោះស្រាយរវាងប្រទេសអូស្រ្តាលីជាមួយប្រទេសកម្ពុជានឹងធ្វើឲ្យការបញ្ជូនប្រជាពលរដ្ឋភៀងខ្លួននេះមកកាន់ប្រទេសមួយដែលមានប្រវត្តិគួរឲ្យរន្ធត់ក្នុងកិច្ចការពារជនភៀសខ្លួននិងដែលផុងនៅក្នុងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងនធ្ងរ»។
លោកស្រី អេលែន ភាសុន (Elaine Pearson), នាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំប្រទេសអូស្ត្រាលី និយាយក្នុងសេចក្តីថ្លែងការណ៍នេះបន្ថែមថា កម្ពុជាជា«ប្រទេសដែលមិនមានសុវត្ថិភាពនិងមិនមានការបំពាក់ត្រឹមត្រូវដើម្បីទទួលយកជនភៀសខ្លួនដែលមានចំនួនច្រើនបែបនេះទេ»។
លោកស្រីលើកឡើងបែបនេះដោយសារកម្ពុជាបានបញ្ជូនដោយបង្ខំនូវជនជាតិ វីហ្គ័រ(Uighur) ចំនួន២០នាក់ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងកាលពីឆ្នាំ២០០៩។ រដ្ឋាភិបាលចិនបានកាត់ទោសជនទាំងនោះឲ្យជាប់ពន្ធនាគាររយៈពេលយូរ។
លោកស្រី អេលែន ភាសុន បានសម្ដែងកង្វល់សម្រាប់ជនភៀសខ្លួនទាំងនេះដោយហេតុថា៖ «ទាំងប្រទេសកម្ពុជា ទាំងប្រទេសអូស្ដ្រាលីមិនបានផ្តល់ព័ត៌មានទាក់ទងនឹងលំនៅឋានរបស់ជនភៀសខ្លួន ការអប់រំសម្រាប់កូនចៅពួកគេ និងសេវាសុខភាពទេ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានឆ្លើយតបថាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចាប់យកតែចំណុចអវិជ្ជមានរបស់កម្ពុជា។ លោកថា សេចក្តីថ្លែងការណ៍របស់អង្គការអាមេរិកាំងនេះជាសេចក្តីថ្លែងការណ៍ដែលមិនអាចទទួលយកបាន។
«ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគឺទី១ឈរលើគោលការណ៍មនុស្សធម៌។ ទី២ ប្រសិនបើនិយាយថា ព្រះរាជាណាចក្រកម្ពុជាមិនអាចឲ្យបរទេសផ្សេងមករស់នៅបានទេ ខ្ញុំសួរត្រឡប់ទៅវិញថាតើប្រជាពលរដ្ឋកម្ពុជា១៤លាននាក់ដែលរស់ដល់សព្វថ្ងៃនិងបរទេសមួយចំនួនទៀតដែលរស់នៅស្រុកខ្មែរតើពួកគេអាចរស់កើតទេ។ ការនិយាយនេះ ជាការមាក់ងាយធ្ងន់ណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមិនអាចទទួលយកបានទេ។ ក្រៅពីរឿងមនុស្សធម៌ យើងឈរលើកិច្ចសហប្រតិ្តការជាលក្ខណៈអន្តរជាតិ Globalization គឺយើងត្រូវជួយគ្នាទៅវិញទៅមក»។
វីអូអេមិនអាចទាក់ទងលោកឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺបានទេ៕