តំណាងរាស្ត្រគណបក្សជំទាស់នឹងមន្ត្រីសិទ្ធិមនុស្សបានអះអាងថា កម្ពុជាមិន ទាន់មានសមត្ថភាពនិងលទ្ធភាពទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីទេ ដោយហៅការណ៍នេះថាជាបន្ទុកដ៏ធ្អន់ធ្ងរបន្ថែមទៀត។
កម្ពុជានិងអូស្ត្រាលី បានប្រុងប្រៀបចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការបញ្ជូននិង ទទួលយកជនភៀសខ្លួនបរទេសដែលគេគិតថាមានចំនួន១០០០នាក់ ហើយដែលការទទួលយកជនភៀសខ្លួនទាំងនោះ កម្ពុជាត្រូវផ្តល់សេវាកម្មសង្គមកិច្ចជាច្រើន ដូចជាដីធ្លី ផ្ទះសម្បែង សាលារៀន សុខាភិបាល សន្តិសុខ ការងារ និងទីតាំងជាដើម។
ថ្លែងក្នុងពេលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេពិសេស នៅយប់ថ្ងៃសុក្រ លោក ញ៉យ ចំរើន តំណារាស្ត្រគណបក្សសង្គ្រោះជាតិបានអះអាងថា កិច្ចព្រមព្រៀង របៀបនេះគួរឆ្លងកាត់សភាដើម្បីពិភាក្សាឲ្យពលរដ្ឋបានដឹងឮជាមុនសិន មុននឹងរដ្ឋាភិបាលសម្រេចយល់ព្រមភ្លាមៗនោះ។
លោក ចំរើនថ្លែងថា រដ្ឋាភិបាលបានសម្រេចកិច្ចការម្នាក់ឯងជាច្រើនហើយដោយមិនឆ្លងកាត់សភា។ ហើយការសម្រេចនោះមានលក្ខណៈខុសឆ្គង។ ក្នុងនោះដូចជាការផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំដល់ក្រុមហ៊ុនឯកជនជាដើម។
មន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគណបក្សជំទាស់បានអះអាងថា កម្ពុជាមានការរំលោភ សិទ្ធិមនុស្សយ៉ាងច្រើនដល់ពលរដ្ឋខ្លួនឯង តើអាចទុកចិត្តបានទេថា កម្ពុជាអាច មានលទ្ធភាពគោរពតាមច្បាប់អន្តរជាតិរឿងជនភៀសខ្លួននោះ។
ការថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការរំលោភច្បាប់អន្តរជាតិលើបញ្ហាជន ភៀសខ្លួនដែលមានការរិះគន់ជាអន្តរជាតិចំពោះការបញ្ជូនជនជាតិភាគតិចចិនវីហ្គ័រយ៉ាងតិច២០នាក់តាមសំណើររបស់ចិនទៅកាន់ប្រទេសចិនវិញកាលពីឆ្នាំ២០០៩ ដែលគេគិតថាជនទាំងនោះ អាចនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរចិន៕