ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ព្រមាន​ថា ​ប្រទេស​លីប៊ី​កាន់​តែ​យ៉ាប់​យ៉ឺន

រូបឯកសារ៖ កម្ទេច​កាក​សំណល់​នៅ​លើ​ដី​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ឯ​មន្ទីរ​ឃុំ​ឃាំង​នៅតំបន់ Tajoura ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាល​ពី​ខែ​កក្កដា ២០១៩។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​លីប៊ី​កាន់​តែ​យ៉ាប់​យ៉ឺន​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​កន្លង​មក ​ដោយ​សារ​ជន​ស៊ីវិល​មាន​គ្រោះ​ថ្នាក់​ច្រើន​ឡើងៗ​ក្នុង​សង្គ្រាម​ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែរាល​ដាល​គ្រប់​ផ្នែក​ក្នុង​សង្គម​លីប៊ី។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា​ ប្រទេស​លីប៊ី​ជា​សង្គម​ដែល​មាន​ភាព​វឹកវរ​ទាំង​ស្រុង។​ ពួក​គេ​និយាយ​ថា មនុស្ស​គ្រប់​គ្នា​ស្ថិត​រង​ការ​វាយ​ប្រហារ ដូចជា​ជនស៊ីវិល ​អ្នក​ការពារ​សិទ្ធិមនុស្ស​ អ្នក​កាសែត​ ជន​ចំណាក​ស្រុក​និង​ជន​ភៀស​ខ្លួន។ ​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ចំនួន​ជន​ស៊ីវិល​ច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លីប៊ី។ ​

កង​កម្លាំង​របស់​មេដឹកនាំ​ក្រុមឧទ្ទាម​ឈ្មោះ​ Khalifa Haftar​ បាន​ចាប់​ផ្តើម​វាយ​លុក​កាល​ពីខែ​មេសា​ដើម្បី​ដណ្តើម​កាន់​កាប់​រដ្ឋធានី​ទ្រីប៉ូលី។ ​ចាប់​តាំង​ពីពេល​នោះ​មក ​អ.ស.ប.​បាន​កត់​ត្រា​ថា ​យ៉ាង​ហោច​ណាស់​ជន​ស៊ីវិល​២៨៤​នាក់​បាន​ស្លាប​ និង​៣៦៣​នាក់​បាន​រងរបួស។​ គ្រោះ​ថ្នាក់​ភាគ​ច្រើន​បណ្តាល​មក​ពី​ការវាយ​ប្រហារ​តាម​អាកាស​ ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​ដី ជាតិ​ផ្ទុះ ​ការ​ចាប់​ពង្រត់​ និង​ការ​សម្លាប់។​

អ្នក​នាំពាក្យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លោក​ Rupert Colville ​មាន​ប្រសាសន៍​ថា ​អ្នក​យក​ព័ត៌មាន ​បុគ្គលិក​សារព័ត៌មាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រឈម​នឹង​អំពើ​ហិង្សា​ការ​គំរាម​កំហែង​ និង​ការ​យាយី។ ​លោក​និយាយ​ថា​ ការ​ធ្វើ​បាប​ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួន​ជារឿង​គួរឲ្យ​ព្រួយ​បារម្ភ​ជា​ពិសេស៕​