រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ឃើញ​សញ្ញា​វិជ្ជមាន​​អំពី​​ការ​បោះឆ្នោត​និង​សន្តិសុខ​នៅ​លីប៊ី

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​និង​នាយក​រដ្ឋមន្ត្រី​អន្តរកាល​ប្រទេស​លីប៊ី​គឺ​លោក ​Abdulhamid Dabaiba ​​ប្រជុំ​​​នៅ​​សន្និសីទ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​និង​នាយក​រដ្ឋមន្ត្រី​អន្តរកាល​ប្រទេស​លីប៊ី​គឺ​លោក ​Abdulhamid Dabaiba ​នឹង​ធ្វើ​ការ​ចរចា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ភ្លាមៗ​បន្ទាប់​ពី​សន្និសីទ​អន្តរជាតិ​ផ្តោត​លើ​ការ​គាំទ្រ​ពី​ការ​គ្រប់គ្រង​អន្តរកាល​នៅ​ក្នុងប្រទេស​លីប៊ី​ឆ្ពោះ​ទៅ​កាន់​រដ្ឋាភិបាល​អចិន្ត្រៃយ៍​និង​ប្រកប​ដោយ​ស្ថិរភាព។​

សន្និសីទ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់​និង​អង្គការ​សហ​ប្រជាជាតិ​មាន​ការ​ចូល​រួម​របស់ក្រុម​មន្ត្រី​មកពី​ប្រទេស​ចំនួន​១៧​ហើយ​បាន​ពង្រឹង​ការគាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​ធ្នូ។​

លោក ​Blinken ​បាន​ប្រាប់​សន្និសីទ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«យើង​ចង់​ឆ្លៀត​ឱកាស​នេះ​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាល្លឺម៉ង់​ដែល​ទទួល​មេដឹកនាំ​ទាំងអស់​មក​ជួប​ជុំគ្នា​ដើម្បី​បន្ត​ជួយ​ប្រទេស​លីប៊ី​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៏​ប្រសើរ​ខ្លាំងក្លា​ និង​ឯករាជ្យ»។​

ក្រោយ​មក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ការ​បោះឆ្នោត​មាន​សារៈ​សំខាន់​«មិនត្រឹម​តែ​ធ្វើ​ឲ្យ​មាន​រដ្ឋាភិបាល​លីប៊ី​ស្រប​ច្បាប់យូរ​អង្វែង​និង​អាច​ទុកចិត្ត​បាន​នោះ​ទេ» ​ប៉ុន្តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ទាហានបរទេស​ទាំង​អស់​ចាក​ចេញ​ពី​ប្រទេស​នេះ​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​ផ្លូវការ​របស់​អ្នក​ចូលរួម​សន្និសីទ​នោះ​បាន​បញ្ជាក់​ថា​«កងទ័ព​បរទេស​ទាំងអស់​និងទាហាន​ស៊ីឈ្នួលត្រូវតែ​ចាក​ចេញ​ពី​ប្រទេស​លីប៊ី​ដោយ​គ្មាន​ពន្យារ​ពេល»ក៏​ប៉ុន្តែ​ប្រទេស​តួកគី​ស្ទាក់​ស្ទើរ​ត្រង់​ចំណុច​នេះ៕