សន្និសីទ​ស្តីពី​ប្រទេស​លីប៊ី​ផ្តោតលើ​ការបោះឆ្នោត​និង​សន្តិសុខ

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Heiko Maas (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ជជែក​គ្នា បន្ទាប់​ពី​ថតរូប​ជាក្រុម​ ក្នុង​អំឡុងពេល​ចូលរួម​ក្នុង​«សន្និសីទ​ស្តីពី​ប្រទេស​លីប៊ី» ក្នុង​ទីក្រុង​ប៊ែរឡាំង ​អាល្លឺម៉ង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Antony Blinken ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចរចា​ជាមួយ​មេដឹកនាំ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ពុធ ម៉ោង​ក្នុង​ស្រុក​ ហើយ​នឹង​ចូលរួម​សន្និសីទ​ស្តីពី​អនាគត​នយោបាយរបស់​ប្រទេស​លីប៊ី។​

ប្រទេស​អាល្លឺម៉ង់​ និង​អង្គការ​សហ​ប្រជាជាតិកំពុង​រៀបចំ​សន្និសីទ​ក្រុង​ប៊ែរឡាំង​ដើម្បី​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែងឲ្យឈប់​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​លីប៊ី​ និង​គាំទ្រ​រដ្ឋាភិបាល​មាន​ស្ថិរភាព។

បន្ទាប់ពី​ជំនួប​នៅ​ពេល​ព្រឹក​ជាមួយលោក ​Heiko Maas ​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​លោក ​Blinken ​បាន​និយាយ​ថា៖​ «យើង​មាន​ឱកាស​ដែល​មិន​ធ្លាប់​មានក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​ជួយប្រទេស​លីប៊ី​ឲ្យ​ក្លាយ​ជា​ប្រទេស​មាន​សុវត្ថិភាព ​សន្តិសុខ ​និង​អធិបតេយ្យ​ភាព​ពិត​ប្រាកដ»។​

ថ្លែង​ទៅ​កាន់អ្នក​យក​ព័ត៌មាន​ជាមួយ​លោក Maas លោក​ Blinken ​បាន​មាន​ប្រសាសន៍​ថា ​មាន​ការ​មូលមតិ​គ្នា​ស្តីពី​វិធានការ​ល្អ​បំផុត​ដើម្បី​ជួយ​ប្រទេស​លីប៊ី ​ជា​ពិសេស​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មាន​ការ​អនុវត្ត​បទ​ឈប់​បាញ់ ​និង​ការ​ចាក​ចេញ​របស់​កងទ័ព​បរទេស​ពី​ប្រទេស​នេះ។​

លោក ​Richard Norland ​បេសក​ជន​ពិសេស​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​លីប៊ី​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ​សន្និសីទ​នេះ​នឹង​ផ្តល់​សន្ទុះ​ដល់​វិធាន​ការ​ចាំបាច់​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​ធ្នូ​ រួមមាន​ការ​បង្កើត​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ផង​ដែរ៕​